នាយករដ្ឋមន្ត្រី​កម្ពុជា បដិសេធ​នូវ​ការ​លើកឡើងថា គ្រាប់មីន​នៅ​កម្ពុជា ស្អុយ ខូច​អស់ហើយ​!

946
ចែករម្លែក
  • 2
    Shares

ក្នុង​ពិធី​បិទ​សន្និបាត​វិស័យ​មីន កាលពី​រសៀល​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​វិមាន​សន្តិភាព សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស ច្រានចោល​នូវ​ការ​លើកឡើងថា គ្រាប់មីន ដែ​កប់​ក្នុង​ដី​នៅ​កម្ពុជា ស្អុយ ខូចគុណភាព​អស់ហើយ​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​សុំ​ឲ្យ​មានការ​កែតម្រូវ​លើ​ការ​លើកឡើងថា “​មីន​នៅ​កម្ពុជា ស្អុយ​អស់ហើយ​” ឬក៏​ត្រូវមាន​ការបកស្រាយ​ឲ្យ​ច្បាស់​ពី​បញ្ហា​នេះ​។​

​តាម​សម្តេច​តេ​ជោ ហ៊ុន សែន មីន​នៅ​កម្ពុជា មិន​ស្អុយ​ខូច​អស់ហើយ​នោះទេ បើទោះជា​ការកែច្នៃ​មីន ដោយមាន​ដាក់​ឈើ​ចូលទៅ​ជាមួយ គឺ​ឈើ​វា​អាច​ពុក តែ​មីន វា​មិន​ពុក​នោះទេ​។ ដូច្នេះ​ត្រូវ​បកស្រាយ​ឡើងវិញ ពី​បញ្ហា​នេះ ដើម្បី​កុំ​ឲ្យ​មាន​ការភាន់ច្រលំ​ពី​ប្រជាជន​កម្ពុជា​។

​ជាមួយគ្នានេះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​លើកឡើងថា សព្វថ្ងៃនេះ យើង​បាន​បង្ការ​ខ្លាំងណាស់ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ ចេញ​ឲ្យ​ឆ្ងាយ​ពី​មីន ពិសេស​លើ​កុមារ មិន​ឲ្យ​រើស​មីន ហើយ​កន្លែង​សង្ស័យ​មាន​មីន យើង​បាន​ហ៊ុំព័ទ្ធ ដាក់​សញ្ញា និង​រុករក​មីន ដើម្បី​កុំ​ឲ្យ​គ្រោះថ្នាក់​ដល់​ប្រជាជន​យើង​។​

​សម្តេច​ហ៊ុនសែន បានបញ្ជាក់​ហើយ​បញ្ជាក់ទៀតថា កុំ​ឲ្យ​មានការ​បកស្រាយ​ថា មីន​នៅ​កម្ពុជា បាន​ស្អុយ ខូច​អស់ហើយ ដោយសារតែ​កប់​ក្នុង​ដី​យូរ​ឆ្នាំ​។ តែបើ​នៅតែមាន​ការបកស្រាយ​ដូចនេះ សម្តេច​ហ៊ុនសែន បានប្រកាស​អញ្ជើញ​អ្នកបកស្រាយ​នោះ រួមទាំង​អ្នកគាំទ្រ ទៅ​កន្លែង​មីន ដើម្បី​សាកល្បង​ខ្លួនឯង​ទៅ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់ថា មីន​មិន​ស្អុយ​ទេ រាប់​តាំងពី​មីន ក្នុងសម័យ​សង្គ្រាមលោក​លើក​ទី​១ និង​សង្គ្រាមលោក លើក​ទី​២ ក៏​មិនទាន់​ស្អុយ​ដែរ​៕ ម៉េង​ឆៃ​