នាយករដ្ឋមន្ត្រី​កម្ពុជា អំពាវនាវ ៧​ចំណុច នៅក្នុង​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​

4582
ចែករម្លែក
  • 9
    Shares

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​កម្ពុជា បាន​អំពាវនាវ ៧ ចំណុច នៅក្នុង​ទិវា​អន្ដរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ​២០១៨ នេះ ដោយ​សម្ដែង​នូវ​មនោសញ្ចេតនា​រីករាយ និង​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ការរៀបចំ​ប្រារព្ធ​ទិវា ដ៏​មាន​សារសំខាន់​នេះ​។​

គ្រឿងញៀនជាង១០០គីឡូក្រាមដែលសមត្ថកិច្ចចាប់បាននៅច្រកព្រំដែនឡាវ ត្រពាំងក្រៀលខេត្តស្ទឹងត្រែងកាលពីថ្ងៃទី២៦មិថុនា២០១៨

​សារលិខិត ចុះ​ថ្ងៃទី​២២ ខែមិថុនា សម្ដេច​តេ​ជោ ហ៊ុន សែន បានបញ្ជាក់​ថា​ការ​ប្រារព្ធ​ទិវា​អន្ដរជាតិ​ប្រយុទ្ធ​ប្រឆាំង​​គ្រឿងញៀន សម្រាប់​ឆ្នាំនេះ ត្រូវបាន​ធ្វើឡើង ក្នុងពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា បាននិងកំពុង​បន្ដ​អនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដំណាក់កាល​ទី ៣ ជា​បន្ដទៀត ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ដ​ជំរុញ​ឲ្យ​ប្រើប្រាស់​ពាក្យស្លោក «​ចូលរួម​ទាំងអស់គ្នា​ដើម្បី​ជីវិត និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​» ព្រោះថា​មានតែ​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​នៃ​សង្គម​ទេ ទើប​បញ្ហា​គ្រឿងញៀន អាច​ដោះស្រាយបាន​ដោយ​ជោគជ័យ​។ សម្ដេច​បាន​បន្តថា សារៈសំខាន់​នៃ​ការចូលរួម​ទាំងអស់ គ្នា គឺ​មានន័យថា ត្រូវមាន​ការចូលរួម ចាប់តាំងពី​បុគ្គល​ម្នាក់ៗ ក្រុមគ្រួសារ​នីមួយៗ សហគមន៍ រហូតដល់​អង្គភាព ក្រសួង ស្ថាប័ន របស់​រាជរដ្ឋាភិបាល ហើយ​ធ្វើ​ការព្រមៗ​គ្នា ទៅតាម​តួនាទី និង​ភារកិច្ច​ពាក់ព័ន្ធ​ទាំង ដោយផ្ទាល់ និង​ដោយ​ប្រយោល​។​
​នៅក្នុង​ឱកាស​នោះ ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​គោលបំណង​ថែរក្សា​សមិទ្ធផល​ដែល​សម្រេចបាន ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ក៏ដូចជា​ដើម្បី​បន្ត​លើកទឹកចិត្ត និង​ជំរុញ​ការចូលរួម និង​គាំទ្រ​បន្ថែមទៀត​ពិសេស ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល ដែល​តែងតែ​គិតគូរ​ពី​សុខមាលភាព និង​ជីវភាព​រស់នៅរ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ថែរក្សា ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ សម្រាប់​ការកសាង និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ជា​បន្តទៀត ពិសេស​ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ សម្ដេច​តេ​ជោ ហ៊ុន សែន​បាន​អំពាវនាវ និង​ណែនាំ​ដូចតទៅ​៖

​ ​ ​ ​ ​ ​ ​ ​ ​ ​ទី​១.​សូម​ប្រជាពលរដ្ឋ​ទាំងអស់ បន្ត​ស្វែងយល់​ឲ្យ​បាន​ច្បាស់ អំពី​គ្រឿងញៀន និង​ត្រូវ​ចាត់ទុកថា បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​របស់​យើងទាំងអស់គ្នា ដោយ​ត្រូវ​យល់ថា ក្នុងពេលដែល​ក្រុមគ្រួសារ​អ្នកដទៃ កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​នេះ ក្រុមគ្រួសារ​របស់​យើង ក៏​អាច​បាននិងកំពុង​ជួបប្រទះ​នឹង​បញ្ហា​នេះ​ដូច គ្នា​ដែរ ។ ដូច្នេះ​សូម​បន្ត​ចូលរួម​គាំទ្រ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ព្រមទាំង​គាំទ្រ​និង​ផ្ដល់ព័ត៌មាន ទាក់ទង​នឹង​បទល្មើស​គ្រឿងញៀន ដើម្បី​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច​ពាក់ព័ន្ធ អាច​ចាត់វិធានការ​អន្តរាគមន៍​នានា បាន​ទាន់​ពេល​វេលា និង​មាន​ប្រសិទ្ធភាព ។ ជាមួយគ្នានេះ សូម​បន្ត​ពង្រឹង​ការទទួលខុសត្រូវ​ថែមទៀត​ក្នុងការ​អប់រំ និង​ថែទាំ​កូនចៅ ឲ្យ​បានល្អ ដើម្បី​បង្ការ​ពួកគេ ឲ្យ​ជៀស​ផុតពី​បញ្ហា​គ្រឿងញៀន​។ ក្នុងករណី​សង្ស័យ ឬ​បានដឹងថា កូនចៅ​របស់ខ្លួន មានការ​ពាក់ព័ន្ធ​នឹង​បញ្ហា​គ្រឿងញៀន ត្រូវ​នាំ​ឲ្យ​បញ្ឈប់​ជាបន្ទាន់ ដើម្បី​ចៀស​ផុតពី​គ្រោះថ្នាក់​ផ្នែក​សុខភាព និង​ការផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។ ដោយឡែក ចំពោះ​កូនចៅ​ដែល​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន ត្រូវ​ណែនាំ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់ និង​លើកទឹកចិត្ត​ឲ្យ​ទៅ​ព្យាបាល ដែល​មិនត្រូវ​លើក​ហេតុផល​ផ្សេងៗ ដើម្បី​ធ្វើជា​លេស​ក្នុងការ​លាក់ទុក ឬ​រក្សាទុក មិន​បញ្ជូនទៅ​ព្យាបាល​ដែលជា​ការបង្ក​គ្រោះថ្នាក់​ដល់​ខ្លួនឯង​និង​សង្គម​នោះទេ ។​

​ទី​២. ការរៀបចំ​យន្តការ និង ការកសាង​ជន​បង្គោល​នៅតាម​ក្រសួង​ស្ថាប័ន អង្គភាព គ្រឹះស្ថាន​របស់​រដ្ឋ និង ឯកជន​ពិសេស​នៅតាម​គ្រឹះស្ថាន​អប់រំ​សិក្សា​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ដើម្បី​ធ្វើការ​អប់រំ និង​ណែនាំ​ដល់​មន្ត្រី​បុគ្គលិក និយោជិត សិស្សានុសិស្ស និង​និស្សិត​ឲ្យ​យល់ដឹង​ច្បាស់​និង​ចូលរួម​កាន់តែ​សកម្ម​ថែមទៀត​ក្នុងការ​បង្ការ និង​ទប់ស្កាត់​រាល់​បញ្ហា ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​ជួយ​គាំទ្រ​ជំរុញ​ឱ្យ​អ្នក​ប្រើ​គ្រឿងញៀន ទៅ​ទទួលយក​សេវា​ព្យាបាល ទាំង​នៅក្នុង​មណ្ឌល​បណ្តោះអាសន្ន និង​សេវា​ព្យាបាល​ដោយ​ផ្អែកលើ​សហគមន៍​នៅតែ​ជា​កិច្ច​ការសំខាន់​មួយ​ដែល​ក្រសួង ស្ថាប័ន អង្គភាព គ្រឹះស្ថាន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​ចាត់ចែង​អនុវត្ត​អោយបាន​។​

​ទី​៣.​ដើម្បី​ឲ្យ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ដំណាក់កាល​ទី​៣ របស់​រាជរដ្ឋាភិបាល កាន់តែ​ទទួលបាន​លទ្ធផល​ល្អប្រសើរ គ្រប់​ក្រសួង ស្ថាប័ន និង​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន រាជធានី ខេត្ត ត្រូវ​បន្ត​យកចិត្តទុកដាក់ និង​ទទួលខុសត្រូវ នៅលើ​ដែន​សមត្ថកិច្ច​របស់ខ្លួន​បន្ថែមទៀត ទាំង​លើ​ការពង្រឹង​យន្តការ ក៏ដូចជា​ការលើក​កំពស់​ប្រសិទ្ធភាព នៃ​ការអនុវត្ត​នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព បទបញ្ជា​លេខ ០១ ស្តីពី​វិធានការ​ពង្រឹង​ការងារ​ត្រួតពិនិត្យ​គ្រឿងញៀន ទៅតាម​តួនាទី និង​ភារកិច្ច​របស់ខ្លួន​។ ជាមួយនេះ អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ឆ្លើយតប និង​ដោះស្រាយ​ឱ្យបាន​ទាន់ពេលវេលា និង​មាន​ប្រសិទ្ធភាព​នូវ​រាល់​សំណូមពរ និង​ការ​រៀបការ​របស់​ប្រជាពលរដ្ឋ ក្នុង​មូលដ្ឋាន​របស់ខ្លួន ដោយ​មិនត្រូវ​រង់ចាំ​កិច្ច​អន្តរាគមន៍ ពី​សមត្ថកិច្ច​ខាងក្រៅ ឬ​ការណែនាំ​ពី​ថ្នាក់លើ​នោះ​ឡើយ ។ ជាមួយនេះ ត្រូវធ្វើ​ការគាំទ្រ​ដល់​ក្រុមគ្រួសារ​អ្នកញៀន​ថ្នាំ ដើម្បី​ឲ្យ​អ្នកញៀន​ថ្នាំ បាន​ទៅ​ទទួល​សេវា​ព្យាបាល នៅក្នុង​សង្គម ដោយ​ជាប់លាប់ ទន្ទឹមនឹងនោះ ត្រូវ​ពង្រឹង​យន្តការ​គណៈកម្មាធិការ​ត្រួតពិនិត្យ​គ្រឿង​ញៀន ឃុំ សង្កាត់ ដើម្បី​គាំទ្រ​ដល់​ការព្យាបាល ដោយ​ផ្អែកលើ​សហគមន៍ ។ ត្រូវ​ចាត់ទុក​បញ្ហា​គ្រឿងញៀន ជា​បញ្ហា​អាទិភាព ក្នុងចំណោម​បញ្ហា​អាទិភាព​នានា ក្នុង​មូលដ្ឋាន​របស់ខ្លួន ដែល​ត្រូវធ្វើ​ការដោះស្រាយ​។

​ទី​៤.​គណៈកម្មការ​អនុវត្ត​ន៍​ផែនការ​យុទ្ធនាការ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​លើក​ទី ៣ ត្រូវ​បន្ត​ដឹកនាំ និង​ជំរុញ​ការអនុវត្ត​ផែនការ​សកម្មភាព​យុទ្ធនាការ ឲ្យ​សកម្ម និង​ខ្លាំងក្លា​ថែមទៀត ពិសេស​ផែនការ​សកម្មភាព​រប​ស់​គណៈកម្មការ​ទាំង ៦ នៃ​យុទ្ធនាការ ។ ជាមួយនេះ ត្រូវ​ជំរុញ​គណៈកម្មាធិការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​រាជធានី ខេត្ត យកចិត្តទុកដាក់​បន្ថែ​ម​ទៀត ក្នុង​ការបង្ការ​ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​នូវ​រាល់​បញ្ហា ដែលមាន​ការពាក់ព័ន្ធ​នឹង​គ្រឿងញៀន ។​

​ទី​៥. គណៈកម្មការ​ទទួលបន្ទុក​ការងារ​ព្យាបាល និង​ស្តារនីតិសម្បទា​អ្នកញៀន​គ្រឿងញៀន ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​សេវា​ព្យាបាល និង ស្តារនីតិសម្បទា​ឲ្យ​បាន​កាន់តែ​ទូលំទូលាយ ដែល​ត្រូវធ្វើ​ការពង្រឹង​សមត្ថភាព មន្ទីរ​ពេទ្យបង្អែក និង​មណ្ឌល​សុខភាព​បន្ថែមទៀត ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព និង​គុណភាព​នៃ​ការផ្ដល់សេវា​ទាំង​នៅក្នុង​សហគមន៍ តាម​មណ្ឌល​បណ្តោះអាសន្ន និង នៅតាម​ពន្ធនាគារ ធ្វើយ៉ាងណា​ឲ្យ​ពួកគេ​បានជា​សះ​ស្បើយ​​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត មាន​បំ​ណិ​ន​ជីវិត និង​ជំនាញ​គ្រប់គ្រាន់ ក្នុងការ​បង្ការ​ការ​លា​ប់​ទៅប្រើ​គ្រឿង​ញៀន​ឡើងវិញ ក៏ដូចជា​មានលទ្ធភាព​ក្នុងការ​ប្រក​បរបរ​ចិញ្ចឹមជីវិត​ខ្លួនឯង​និង​គ្រួសារ​។​ក្រសួងសុខាភិបាល ត្រូវ​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ដាក់បញ្ចូល​អ្នកញៀន​គ្រឿងញៀន ឲ្យ​ទទួលបាន​នូវ​មូលនិធិ​សមធម៌​សម្រាប់​ការព្យាបាល ដោយ​មិន​គិត​ប្រាក់ ឬ​តាម​ខ្លឹមសារ​នៃ​ច្បាប់ ស្ដីពី​ការត្រួតពិនិត្យ​គ្រឿង​ញៀន ។ ជាមួយនេះ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​នីតិសម្បទា ត្រូវខិតខំ​ពង្រឹង​ការផ្ដល់​នីតិសម្បទា និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខណ្ឌ និង​សមាហរណកម្ម​អ្នកញៀន​គ្រឿងញៀន ទៅក្នុង​សង្គម ឲ្យ​មាន​ប្រសិទ្ធភាព​។ ​ ​ ​

​ ​ទី​៦.​ស្ថានីយ​វិទ្យុ ទូរទស្សន៍ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា សិល្បករ សិល្បការិនី ម្ចាស់​សណ្ឋាគា ផ្ទះសំណាក់ ភោជនីយដ្ឋាន ក្លិប​កំសាន្ត ក្រុមហ៊ុន រោងចក្រ សហគ្រាស ។​ល​។ សូម​បន្ត​ចូលរួម​ជួយ​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ បញ្ជូន​សារ​អប់រំ ស្ដីពី​បញ្ហា​គ្រឿងញៀន ឲ្យ​បាន​កាន់តែ​សកម្ម​ផុលផុស​ថែមទៀត ដើម្បីឱ្យ​ប្រជាពលរដ្ឋ​របស់​យើង ពិសេស​ក្រុម​គោលដៅ​យុវជន បាន​យល់ដឹង ចេះ​ការពារ​ខ្លួន និង​ចូលរួម​ចំណែក​ក្នុងការ​ការពារ​សហគម​ន៍​ពី​ផលប៉ះពាល់ និង គ្រោះថ្នាក់ ដែល​បណ្ដាលមកពី​គ្រឿងញៀន​។​

​ទី​៧. ខ្ញុំ​សូម​អំពាវនាវ​ដល់ដៃ​គូ​អភិវឌ្ឍន៍ អង្គការ​ជាតិ អន្តរជាតិ វិស័យ​សាសនា វិស័យ​ឯកជន សប្បុរសជន​នានា និង បណ្ដា​ប្រទេស​ជា​មិត្ត ទាំងអស់​សូម​បន្ត​ចូលរួម​គាំទ្រ និង​ឧបត្ថម្ភ​ដល់​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​នេះ ដើម្បី​កម្ពុជា កាន់តែ​មានលទ្ធភាព សមត្ថភាព ក្នុងការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ទាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ក្នុងការ​ចូលរួមចំណែក ធ្វើ​ឲ្យ​អាស៊ាន និង ពិភពលោក ចៀស​ផុតពី​ការគំរាមកំហែង នៃ​គ្រឿងញៀន​៕មន