នាយករដ្ឋមន្ត្រី​កម្ពុជា​ថ្លែង​ពីអ្វី​ខ្លះ​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សា​វរី​យ៍​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន​

1060
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេញៈ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានបង្ហាញ​នូវ​ការ​ជឿជាក់ថា​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​ចិន​នឹង​រួមចំណែក​កសាង​សហគមន៍​ដែល មាន​ជោគវាសនា​ល្អប្រសើរ​រួមគ្នា​សម្រាប់​មនុស្សជាតិ​ទាំងមូល​ដូចដែល​លោក​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ធ្លាប់បាន​លើកឡើង​កាលពី​ថ្មីៗ​នេះ ។​​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​បែបនេះ​នៅក្នុង ពិធី​អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នា​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នៅ​វិមាន ស៊ី​ធី ហោ​ស នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ ។​

​លោក ស្យុ​ង ព័រ ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​,​មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ថ្នាក់ដឹកនាំ សមាគម​កម្ពុជា​-​ចិន​ក៏ដូចជា​អ្នកវិនិយោគ​ធំ​របស់​កម្ពុជា​និង​ចិន​ជាច្រើនរូប​ទៀត​ក៏បាន​ចូលរួម​នៅក្នុង​កម្មវិធី​នេះដែរ ។​

ពិធី​អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នា​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នៅ​វិមាន ស៊ី​ធី ហោ​ស នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ

​កម្ពុជា និង​ចិន​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៩ កក្កដា ១៩៥៨ បន្ទាប់ពី​ជំនួប ទ្វេភាគី​លើក​ទី ១ រវាង​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង លោក​ជូអេន​ឡាយ​អតីត​នាយករដ្ឋមន្ត្រី​ចិន​ក្នុងអំឡុងពេល​ចូលរួម​សន្និសីទ​ទីក្រុង​បាន​ឌុ​ង​នៅ​ខែមេសា​១៩៥៥​នៅ​ទីក្រុង​បាន​ឌុ​ង​ប្រទេស​ឥណ្ឌូណេស៊ី​និង​ការបំពេញ​ទស្សនកិច្ច​ទៅវិញទៅមក​រវាង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ នៃ​ប្រទេស​ទាំងពីរ​ក្នុង អំឡុង​ឆ្នាំ ១៩៥៦ ។ ទំនាក់ទំនង​មិត្ត​ភាពជា​ប្រវត្តិសាស្ត្រ​នេះ បាន​កសាងឡើង​រួមគ្នា​ដោយ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ និង​លោក​ប្រធាន ម៉ៅ សេទុង លោកនាយក​រដ្ឋមន្ត្រី ជូ អេ​ន​ឡាយ​ព្រមទាំង​ថ្នាក់ដឹកនាំ​ចិន​ជំនាន់ មុនៗ​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​ជា​បន្តបន្ទាប់​រហូត​ក្លាយទៅជា​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ គ្រប់​ជ្រុងជ្រោយ​នៅ ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១០ ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ក្នុង​រយៈពេល ៦០ ឆ្នាំ កន្លងទៅនេះ​ថ្នាក់​ដឹក នាំ​នៃ​ប្រទេស​ទាំង ពីរ​តែងតែ​ខិតខំ​ប្រឹងប្រែង​រក្សា​ចំណងមិត្តភាព​និង​ពុះពារ​ឧបសគ្គ​ជាច្រើន​ដើម្បី​ដឹកនាំ​ប្រទេស​និង​ប្រជាជន​ឆ្ពោះទៅកាន់​វឌ្ឍនភាព​វិបុលភាព​និង​ភាពសុខដុមរមនា​។​ទន្ទឹមនេះ​ការរីកចម្រើន​របស់​ប្រទេស​ចិន​មិន​ត្រឹមតែ​បាន​លើកកម្ពស់​ជីវភាព​ប្រជាជន​ចិន​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ថែមទាំង​បាននិងកំពុង​ចូលរួមចំណែក​ដល់​ការអភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​និង​បណ្តា​ប្រទេស​ក្នុង​តំបន់​និង​ក្នុង​ពិភពលោក​ទៀតផង ។ ជាក់ស្តែង​ក្នុង​ក្របខណ្ឌ​តំបន់ ប្រទេស​ចិន​បានដាក់​ចេញ​នូវ​គំនិត​ផ្តួចផ្តើម «​ខ្សែក្រវាត់​មួយ និង​ផ្លូវ​មួយ​» បង្កើត​«​មូលនិធិ​ផ្លូវ​សូត្រ​»​និង​«​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ឤ​ស៊ី » ដើម្បី​ពង្រឹង​ភាពជា​ដៃគូ និង ជំរុញ​ការអភិវឌ្ឍ​បែប​«​ឈ្នះ​ឈ្នះ​»​រវាង​ប្រទេស​ក្នុង​រង្វង់​តំបន់​ខ្សែក្រវាត់ និង​ផ្លូវ​សូត្រ​តាមរយៈ​កិច្ច​សហប្រតិបត្តិ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ស្ថាប័ន និង ប្រជាជន វិស័យ​ធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និង​វិស័យ​គន្លឹះ​ផ្សេងៗ​ទៀត ដែល​កម្ពុជា​សូម​គាំទ្រ​គំនិត ផ្តួចផ្តើម​ដ៏​មាន​សារសំខាន់​នេះ ។​

ពិធី​អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នា​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នៅ​វិមាន ស៊ី​ធី ហោ​ស នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ

​សម្តេច​តេ​ជោ​ថា​“​ខ្ញុំ​ជឿជាក់ថា​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​យើង​ទាំងពីរ នឹង​រួម ចំណែក​កសាង​សហគមន៍​ដែលមាន​ជោគវាសនា​ល្អប្រសើរ​រួមគ្នា​សម្រាប់​មនុស្សជាតិ​ទាំងមូល ដូចដែល​លោក​ប្រធានាធិបតី​ចិន​ស៊ី​ជិន​ភីង​ធ្លាប់​បានលើកឡើង​កាលពី​ថ្មីៗ​នេះ​”​។​សម្តេច​បន្តថា​ការអញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​ធ្វើជា​សហ ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល មេគង្គ​-​ឡាន​ឆាង​លើក​ទី ២ របស់ លោក លី ឃឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន នៅ​រាជធានី​ភ្នំពេញ នា​ថ្ងៃទី ១០-១១ ខែមករា កន្លងទៅ គឺជា​ការបើកឆាក​នៃ​ការ​ប្រារព្ធ​ខួប ៦០ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ចិន ។

​សម្តេច​បន្ថែមថា​ចាប់ពី ដើមឆ្នាំ ២០១៨ កម្ពុជា​បានរៀបចំ​ការសម្តែង​សិល្បៈ​ចម្រុះ​កម្ពុជា ចិន ស្របពេល​ជាមួយ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​ការរៀបចំ​ពិព័រណ៍ រូបថត វេទិកា​ធុរកិច្ច​កម្ពុជា​-​ចិន​ឆ្នាំ ២០១៨ និង​វេទិកា​កំពូល​ទេសចរណ៍​កម្ពុជា​-​ចិន​លើក​ទី ១​និង​បន្ត​មាន​សកម្មភាព​ផ្សេងៗ​ទៀត រហូតដល់​ចុងឆ្នាំ ដូចជា​ការផ្លាស់ប្តូរ ទស្សនកិច្ច គ្រប់​កម្រិត រួមទាំង​ការផ្លាស់ប្តូរ​រវាង​ប្រជាជន និង​ប្រជាជន យុវជន និង យុវជន ការរៀបចំ​សិក្ខា សាលា​ស្តីពី​ការជំរុញ​វិស័យ​ទេសចរណ៍ ញ​ណិ​ជ្ជ​កម្ម និង​វិនិយោគ​ជាដើម ។

ពិធី​អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នា​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នៅ​វិមាន ស៊ី​ធី ហោ​ស នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ

​ចំពោះ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​និង​វិនិយោគិន​ដ៏​ចម្បង​របស់​កម្ពុជា ។ ទំហំ​​ពាណិ​ជ្ជ​កម្ម​ទ្វេភាគី​ក្នុង​ឆ្នាំ ២០១៧ មាន​ចំនួន ៥.៥៧៧ លាន​ដុល្លារ​កើនឡើង​ជាង ២១,៧% បើ​ធៀប​នឹង​ឆ្នាំ ២០១៦ ។ ក្នុង​ឆ្នាំ ២០១៧​ទំហំ​វិនិយោគ​ចិន​សរុប​នៅ​កម្ពុជា​ឈរ​លំដាប់​លេខ ១ ធៀប​នឹង​ទំហំ​វិនិយោគទុន​ពី​ប្រទេស​ដទៃទៀត​ដែលមាន​ទំហំ​សរុប​ប្រមាណ ១.៦៤៤ លាន​ដុល្លារ​។​លើសពីនេះ​ប្រទេស​យើង​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​ជំរុញ​ទំហំ​ញ​ណិ​ជ្ជ​កម្ម​ឱ្យ​កើន​ឡើងដល់ ៦.០០០ លាន​ដុល្លារ នៅ​ឆ្នាំ ២០២០ ។​

​ចំពោះ​វិស័យ​ទេសចរណ៍​មាន​ក្រុមហ៊ុន​ឤ​កាស​ចរណ៍​ចំនួន​១៥​កំពុង​ធ្វើ​ប្រតិបត្តិ​ការហោះហើរ​ទៀងទាត់​រវាង កម្ពុជា និង ចិន ។ នៅ​ឆ្នាំ ២០១៧ ទេសចរ​ចិន​មាន​ប្រមាណ ១,២ លាន​នាក់ ។ គិត​ត្រឹម​ត្រីមាស​ទី ១ ឆ្នាំ ២០១៨ នេះ កម្ពុជា​បានទទួល​ភ្ញៀវ​- ទេសចរ​អន្តរជាតិ​សរុប ១,៧ លាន​នាក់ ដែល​ក្នុងនោះ​ទេសចរ ចិន​មាន​ចំនួន​ជាង ៥០ ម៉ឺន​នាក់ ។

​សម្តេច​មានប្រសាសន៍ថា កម្ពុជា​សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​រដ្ឋាភិបាល​ចិន​ក្នុង​ការគោរព ឯករាជ្យ អធិបតេយ្យ​និង​ការចាត់វិធានការ​នានា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ការការពារ​សន្តិសុខ​និង​ស្ថិរភាព​សង្គម​។​កម្ពុជា​សូម​អបអរសាទរ​ចំ​ញេះ​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចសហប្រតិបត្តិការ​និង ផ្លែផ្កា​ដែល​ទទួលបាន​នាពេល​កន្លងមក​និង​ប្តេជ្ញា​បន្ត​លើកកម្ពស់​វិសាលភាព​នៃ​កិច្ចទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​ចិន​ឱ្យ​ឈានដល់​កម្រិត​កាន់តែ​ខ្ពស់​ថែមទៀត ដើម្បី​ផលប្រយោជន៍​នៃ​ប្រជាជន​យើង​ទាំងពីរ ។

​ចំណែក​លោក​ស្យុ​ង​ព័រ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា​នាក់​ទំនង​មិត្តភាព​ចិន​កម្ពុ​ជាមាន​ប្រវត្តិសាស្ត្រ​និង​ប្រពៃណី​វប្បធម៌​យើង​វែង​ជិត​ពីរពាន់​ឆ្នាំ​ហើយ​ប្រទេស​ទាំងពីរ​សុទ្ធតែជា​ប្រទេស​មាន​ប្រវត្តិ សាស្ត្រ​និង​វប្បធម៌​រុងរឿង​តាំងពី​បុរាណ​សុទ្ធតែជា​ប្រទេស​មាន​វប្បធម៌​ជាច្រើន​និង​បាន​កសាង​ប្រទេស​ទាំងពីរ​ទៅជា​ប្រទេសជិតខាង​ល្អ​ប្រកបដោយ​ភាពស្និទ្ធស្នាល​ស្មោះត្រង់​រវាង​គ្នា​និង​គ្នា​ទៅវិញទៅមក​ប្រកបដោយ​សន្តិភាព​ព្រមទាំង​ទទួលយក​លក្ខណៈសម្បត្តិ​របស់​ជនជាតិ​នីមួយៗ ។​

លោក​ទូត​បន្តថា​ទំនាក់ទំនង​រវាង​ប្រទេស​ចិន​និង​ប្រទេស​កម្ពុជា​ត្រូវបាន​បង្កើត​និង​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ដោយ​ថ្នាក់ដឹកនាំ​ជំនាន់​មុន​នៃ​ប្រទេស​ទាំងពីរ​។​“​នៅពេល​យើង​ផឹកទឹក​យើង​គិតដល់​អ្នក​ដែល​ជីក​អណ្ដូង​”​។​ជាមួយនឹង​សមិទ្ធផល​នៃ​ទំនាក់ទំនង​ចិន​កម្ពុជា​បច្ចុប្បន្ន​យើង​មិនគួរ​ភ្លេចគុណ​នោះ​បក្ការៈ​របស់លោក​ប្រធាន​ម៉ៅ​សេង​ទុង​លោកនាយក​រដ្ឋមន្ត្រី​ជូអេន​ទ្បា​យ​,​ព្រះវររាជបិតា​នរោត្តម​សីហនុ​និង​មេដឹកនាំ​ផ្សេងទៀត​នៃ​ប្រទេស​ទាំងពីរ​ជាច្រើន​ឆ្នាំ​មកនេះ​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុនសែន​ក៏បាន​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ធ្វើឱ្យ​ទំនាក់ទំនង​ចិន​កម្ពុជា​កាន់តែ​រីកចម្រើន​ឡើង​ផងដែរ ៕​MN

ពិធី​អបអរសាទរ​ខួប​អនុស្សា​វរិ​យ៍​លើក​ទី ៦០​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន នា​ល្ងាច​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០១៨​នៅ​វិមាន ស៊ី​ធី ហោ​ស នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ