នាយករដ្ឋមន្ត្រី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​សិង្ហ​បុរី​

498
ចែករម្លែក

ដោយ:តារារិទ្ធិ/​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែវិច្ឆិកា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ដែល​នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ភាពរឹងមាំ និង នវានុវត្តន៍​របស់​អា​ស៊ាន​» ពីថ្ងៃ​ទី​១៣ ដល់​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រំពឹងថា នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល ដូចខាងក្រោម :​
– កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៣ / ការ​ពិសា​អាហារ​ការងារ​ពេល​ល្ងាច សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​
– កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​អូស្ត្រាលី អមដោយ​អាហារ​ពេលព្រឹក​
– កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន លើក​ទី​២១
– កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​២០
– កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៣
– កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២១
– កិច្ចប្រជុំ​កំពូល​ក្រៅផ្លូវការ​អាស៊ាន​-​ឥណ្ឌា អមដោយ​អាហារ​ពេលព្រឹក​
– កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក លើក​ទី​៦
– កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២១
– កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា លើក​ទី​១៣ (​ពេញអង្គ​)
– កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា (​ចង្អៀត​) អមដោយ​អាហារ​ថ្ងៃត្រង់ និង​
– កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​នៃ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ លើក​ទី​២​។​

​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសនិង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ​បណ្ឌិតសភាចារ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រី​អប់រំ យុវជន និង​កីឡា ព្រមទាំង​ឥស្សរជន​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ធុរកិច្ច​នៃ​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​។​

​ស្របពេល​កិច្ចប្រជុំ​កំពូល​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ចូលរួម​ក្នុង​ប្រជុំ និង​កម្មវិធី​មួយចំនួន ដូចខាងក្រោម ៖
– កិច្ចប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន​
– កម្មវិធី​អាហារ​ការងារ​ថ្ងៃត្រង់​រៀបចំ​ដោយ​លោក លី សៀន​ឡុង សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន និង​
– ពិធី​លៀង​សាយភោជន (Gala Dinner) រៀបចំ​ដោយ​ប្រធាន​កិច្ចប្រជុំ សម្រាប់​ថ្នាក់ដឹកនាំ​អាស៊ាន​។​

​ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​សិង្ហ​បុរី សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹងមាន​ជំនួប​ទ្វេភាគី ជាមួយ​ប្រមុខ​គណៈប្រតិភូ​នៃ​ប្រទេស​មួយចំនួន​ផងដែរ​។​

​ក្នុងការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​នយោបាយ​-​សន្តិសុខ​អាស៊ាន លើក​ទី​១៨ និង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សម្របសម្រួល​អាស៊ាន លើក​ទី​២២ ដែល​កិច្ចប្រជុំ​ទាំងពីរ​នេះ នឹង​ប្រព្រឹត្តទៅ​នៅមុន​កិច្ចប្រជុំ​កំពូល​អាស៊ាន​៕​B/