នាយករដ្ឋមន្ត្រី​កម្ពុជា​-​ឡាវ ឯកភាពគ្នា​ឲ្យ​ដកទ័ព​ទាំងសងខាង​ចេញពី​ព្រំដែន​ខេត្តព្រះវិហារ​

1827
ចែករម្លែក
​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ (រូបឯកសារ)

ដោយៈ វង្ស សុភាព​/ភ្នំពេញៈ តាម​បញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ថង​លូន ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ដួង ច័ន្ទ មេបញ្ជាការ​កងពលតូច​លេខ​៩ របស់​កម្ពុជា បាន​ជួបចរចា​គ្នា​ជាមួយ​ភាគី​ឡាវ កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា ដើម្បី​កំណត់​ពេលវេលា​ឲ្យ​កងកម្លាំង​ទាំងពីរ​ដកចេញ​ពី​កន្លែង​ឈរជើង​នៅ​ចំនុច​ទន្លេ​ល្ពៅ​ក្នុង​តំបន់​មុំ​បី ស្ថិតនៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ទៅកាន់​អង្គភាព​ដើម​វិញ​។​


​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅល្ងាច​ថ្ងៃទី​២៤ ខែសីហា នេះថា តាម​បញ្ជា​របស់​នាយករដ្ឋមន្ត្រី​ទាំងពីរ (​កម្ពុជា​-​ឡាវ​) គឺ​បាន​ឲ្យ​មេបញ្ជាការ​នៅ​ជួរមុខ​ជួបគ្នា​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា។ គោលការណ៍​សំខាន់ គឺ​បញ្ហា​តែមួយ​ទេ ឯកភាពគ្នា​កំណត់​ថេរៈវេលា​ឲ្យ​កម្លាំង​ទាំងពីរ​ចាកចេញ​ពី​នៅ​ចំនុច​ទន្លេ​ល្ពៅ​ក្នុង​តំបន់​មុំ​បី ទៅ​អង្គភាព​ដើម​វិញ​។ ដោយ​កិច្ចការងារ​នេះ បានទទួល​បញ្ជា​ពី​នាយករដ្ឋមន្ត្រី​ទាំងពីរ​ហើយ​។​


​ ​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ជំនួប គឺ​ជំនួប​ហើយ ឥឡូវ​គេ​បន្តធ្វើ​ឲ្យ​បាន​ម៉ត់ចត់ ដូច្នេះ​ភាគី​ទាំងពីរ​នឹង​បន្តធ្វើ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត ការជួបគ្នា​កាលពី​ល្ងាច​ថ្ងៃទី​២៤ ខែសីហា បាន​ចប់​ហើយ គឺ​គ្មាន​ច្រក​ណា​ក្រៅពី​អនុវត្តតាម​បទបញ្ជា​របស់​នាយករ​ដ្ឋ​មន្ត្រី​ទេ ក៏ប៉ុន្តែ​គេ​រៀបចំ​ព្រាង​លិខិតស្នាម​បញ្ជាក់​អះអាង​ឲ្យ​មាន​ភាពជាក់លាក់​បន្ថែម​ទៀត​នៅពេល​ជួបគ្នា​នៅពេល​ក្រោយ​។ តិច​ទៀត​បានសម្រេច​កំណត់​ថេរៈវេលា​ច្បាស់លាស់​ជាមួយគ្នា​។ ជំនួប​នេះ គឺ​ផ្តោត​សំខាន់​ទៅ​ការដក​កម្លាំង​ទាំងសងខាង​ទៅ​អង្គភាព​ដើម​វិញ តែ​ដក​នឹង​គេ​មិនទាន់​ធ្វើ​ភ្លាម​ទេ គឺ​ត្រូវមាន​ជា​លាយ​លក្ខ​អក្សរ​ដើម្បី​បញ្ជាក់ រួចហើយ​ឈាន​មួយ​ជំហាន​ទើបបាន​ចប់​”​។​


​ ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បានបញ្ជាក់​ទៀតថា ចំពោះ​ស្ថានភាព​ព្រំដែន​កម្ពុជា ឡាវ គឺមាន​ភាពល្អប្រសើរ ពីព្រោះ​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំងពីរ​បាន​ជួប​ឯកភាពគ្នា​ហើយ គឺ​ត្រូវតែ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​បំផុត​។​
​ ​ចំណែក​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ទាក់ទង​បញ្ហា​ព្រំដែន​កម្ពុជា ឡាវ សម្តេច​បាន​ជួប​ជាមួយ​មេបញ្ជាការ​កងពល​ទ​តូច​លេខ​៩ និង​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឡាវ បាន​ពិភាក្សាគ្នា​ទាក់ទង​រឿង​ព្រំដែន​។ សម្តេច​បាន​បញ្ជា​ឲ្យ​មេបញ្ជាការ​នៅខាងមុខ ដើម្បី​ជួបគ្នា​សម្រាប់​ការដក​ទ័ព​រៀងៗ​ខ្លួន​។ ការបញ្ជាក់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គឺ​នៅក្នុង​គ្រុប​អេឡិចត្រូនិក “​សភា​ព្រោកប្រាជ្ញ​” កាលពី​ព្រឹក​ថ្ងៃទី ២៤ ខែសីហា ​។

សម្តេច​តេ​ជោ ហ៊ុន សែន និង​លោក​ថង​លូន ស៊ី​ស៊ូ​លី​ត (​រូប​ថ​តៈ ឯកសារ​)


​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ដោយសារ​ផ្តើម​ពី​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ម្នាក់ ទៅ​បង្កបង្កើនផល​នៅក្នុង​ដី​ដែល​មិនទាន់​ដោះស្រាយ​នឹង ហើយ​គេ​ក៏​មក​ដក រួចហើយ​គេ​ក៏​ល្បាត គេ​ក៏​បញ្ជូន​កម្លាំង​មក​ចាប់ពី ពី​នាក់ ឡើងដល់ ៦០​នាក់ ហើយ​យើង​ក៏​ទៅ​ទប់​នៅ​កន្លែង​នឹង ហើយក៏​ទាក់ ទង គ្នា​រាល់ ថ្ងៃ ទេ​។ …​ទាហាន​និង​ទាហាន​នៅតាម​ទល់ដែន​វា​មាន​ស្អី ជាមួយគ្នា ។​ស៊ី​បាយ​ជាមួយគ្នា​ទល់មុខ​គ្នា​នៅ​នឹង​”​។


​សម្តេច​តេ​ជោ​បញ្ជាក់ ថា នៅ​ពាក់កណ្តាល ខែកញ្ញា នាយករដ្ឋមន្ត្រី​ឡាវ​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ដើម្បី​ធ្វើ​បន្ត​កិច្ចការងារ​ទាក់ទង​នឹង​រឿង​ព្រំដែន​។​
​សូមជម្រាបថា សូមជម្រាបថា កងទ័ព​ឡាវ​ចំណុះ​ឲ្យ​យោធា​ខេត្ត​ចម្ប៉ា​សាក់ ស្ថិតនៅ​ទល់មុខ​ភូមិ​ខ្លឹម ឃុំ​ភ្លុក ស្រុក​មឿង​មុន ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ បាន​ចូលមក​តំបន់​ទន្លេ​ល្ពៅ តាំងពី​ថ្ងៃទី​១៤ ខែសីហា រហូតមកដល់​ថ្ងៃទី​២៤ ខែសីហា ។ បន្ទាប់ពី​មាន​បញ្ហា ភាគី​ទាំង​កម្ពុជា និង​ឡាវ បាន​ចរចា​គ្នា​ដើម្បី​ដោះស្រាយ​កុំ​ឲ្យ​មាន​ភាព​តានតឹង ដោយ​ភាគី​កម្ពុជា​បាន​សំណូមពរ​ឲ្យ​ភាគី​ឡាវ ដក​កម្លាំង​ចេញពី​ទីតាំង​ដែល​បាន​ឈរជើង​។​


​គួរ​រំឭក​ជូន​ថា បញ្ហា​ព្រំដែន​កម្ពុជា​-​ឡាវ ធ្លាប់បាន​ជួប​ភាព​តានតឹង​ខ្លាំង​នឹង​គ្នា​ម្តង​កាលពី​អំឡុង​ខែសីហា ឆ្នាំ​២០១៧ កន្លងទៅ បន្ទាប់ពី​យោធា​ឡាវ​បាន​ចូលមក​ឈរជើង​នៅ​តំបន់​អូរ​អាឡៃ​និង​អូរ​តា​ង៉ាវ ស្ថិតក្នុង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង ។ ហេតុការណ៍​នេះ​បាន​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន ហោះ​ទៅកាន់​ទីក្រុង​វៀង​ច័ន្ទ​ន៍​ជាបន្ទាន់​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នោះ ។ នៅ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​នាយករដ្ឋមន្ត្រី​ឡាវ លោក ថង​លូន ស៊ី​ស៊ូ​លី​ត ក៏បាន​ហោះ​មកកាន់​ទីក្រុង​ភ្នំពេញ​វិញ​ដែរ ដើម្បី​ដោះស្រាយ​លើ​បញ្ហា​ព្រំដែន​នេះ ។ នៅក្នុង​ជំនួប​ដែល​ធ្វើឡើង​នៅក្នុង​រាជធានី​ភ្នំពេញ​មេដឹកនាំ​ទាំងពីរ​បាន​ឯកភាពគ្នា​ថា​នឹង​សរសេរ​លិខិត​ផ្ញើ​ទៅកាន់​ប្រធានាធិបតី​បារាំង​ដើម្បី​ស្នើសុំ​បញ្ជូន​អ្នកជំនាញការ​ព្រំដែន​បា រាំង​ឲ្យ​មកជួយ​វាស់វែង​និង​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅតាម​បន្ទាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ដែល​នៅ​សេ ស​សល់​ប្រមាណ​​១៦ភាគរយ​ទៀត​៕សរន