នាយករដ្ឋមន្ត្រី​ចិន​និយាយថា កំណែ​ទំរង់ មិនមែន​លុយ​ទេ ដែលជា​គន្លឹះ​នៃ​កំណើន​

680
ចែករម្លែក

នាយករដ្ឋមន្រ្តីចិន លី ឃឹឈាំង និយាយថាប្រទេសលោកត្រូវការកំណែទំរង់សំរាប់គាំទ្រធុរកិច្ចដើម្បីជួយជំរុញអោយមានកំណើនជាជាងប្រើលុយសំរាប់ជំរុញសេដ្ឋកិច្ចអោយស្ទុះខ្លាំងឡើងខណៈខ្លួនកំពុងមានជម្លោះពាណិជ្ជកម្មជាមួយអាមេរិក។

លោកលីបានបញ្ជាក់ដូច្នេះនៅសិង្ហបុរីកាលពីថ្ងៃអង្គារទី១៣វិច្ឆិកា និងថាចិនអាចធ្វើអោយសេដ្ឋកិច្ចដែលមានកំណើនយឺតរបស់ខ្លួនមានថាមពលឡើងវិញតាមរយៈកែសម្រួលគោលនយោបាយដូចជា កាត់បន្ថយនីតិវិធីការិយាល័យធិបតេយ្យ ដូចជាការចុះបញ្ជី ពន្ធនិងថ្លៃឈ្នួលសេវា។

ក្នុងបាថកថាមួយស្តីអំពីតួនាទីរបស់ចិននៅក្នុងការអភិវឌ្ឍន៍របស់តំបន់ លោកលីបាននិយាយថា« ទោះជាមានសម្ពាធជាប់ យើងនឹងមិនងាកទៅរកការប្រើកញ្ចប់ថវិកាដ៏ធំដើម្បីជំរុញសេដ្ឋកិច្ចទេ។យើងនឹងធ្វើការកែសម្រួល យើងចង់ផ្តល់ថាមពលទីផ្សារ ជាពិសេសអង្គភាពទីផ្សារនិងយើងមានលក្ខខណ្ឌសំរាប់ធ្វើការងារនេះ។ចិននឹងមិនឈប់បើកចំហ។ទ្វារកាន់តែបើកធំឡើងហើយចិននឹងបន្តធ្វើការកែទំរង់កាន់តែស៊ីជំរៅឡើង។កំណែទំរង់និងការបើកចំហបាននាំចិនមកកាន់អ្វីដូចសព្វថ្ងៃ»។

លោកបានបន្តថា រដ្ឋាភិបាលនឹងបង្រ្កាបលើបណ្តាស្ថាប័នក្រុមហ៊ុនដែលរំលោភប៉ាតង់និងសិទ្ធិកម្មសិទ្ធិបញ្ញាផ្សេងៗ ហើយនឹងសកម្មភាពឆបោកនានា។

សូមបញ្ជាក់ថាចិននិងអាមេរិកកំពុងជាប់ក្នុងជម្លោះពាណិជ្ជកម្មមួយដោយប្រទេសទាំងពីរបានវាយពន្ធលើទំនិញតំលៃរាប់ពាន់លានដុល្លារជាការសងសឹកគ្នាទៅវិញទៅមក។លើបញ្ហានេះ លោកលី បានសង្ឃឹមថានឹងមានការស្រុះស្រួលមតិគ្នាមួយ ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីចិននឹងជួបគ្នាក្រៅជំនួបកំពូលG-20នៅអាហ្សង់ទីននៅខែនេះ។

លោកបានបញ្ជាក់ថា« ការអភិវឌ្ឍន៍ទំនាក់ទំនងនៃប្រទេសទាំងពីរដោយចីរភាពនិងក្នុងលក្ខខណ្ឌល្អ នាំប្រយោជន៍សំរាប់ប្រទេសទាំង២និងពិភពលោក បើមិនដូច្នេះទេវាប៉ះពាល់ពិភពលោកទាំងមូល។យើងសង្ឃឹមថា ការចរចានឹងត្រូវធ្វើឡើងដោយឈរលើមូលដ្ឋាននៃការគោរពគ្នា មានតុល្យភាព ផ្តល់ប្រយោជន៍ទៅវិញទៅមកនិងជំនឿល្អ ទើបអាចរកឃើញដំណោះស្រាយមួយដែលអាចទទួលយកបានដោយភាគីទាំងសងខាង»។

លី និងនាយករដ្ឋមន្រ្តីសិង្ហបុរីកាលីថ្ងៃចន្ទបានធ្វើជាសាក្សីនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងMOUចំនួន១០ទៀត

នាយករដ្ឋមន្រ្តីចិនកំពុងទស្សនកិច្ចសិង្ហបុរី ដើម្បីចូលរួមជំនួបកំពូលអាស៊ាន-ចិន និងអាស៊ានបូក៣នៅថ្ងៃពុធ៕ដោយ:វាសនា