នាយករដ្ឋមន្ត្រី​ចិន​និយាយថា​អាច​ប្រើ​អត្រា​ការប្រាក់​និង​ជំហាន​គោលនយោបាយ​ផ្សេងទៀត​ដើម្បី​ជួយ​សេដ្ឋកិច្ច​

221
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹឈាំ​ង​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​ថា ចិន​អាច​ប្រើប្រាស់​នូវ​ទុនបម្រុង​និង​អត្រា​ការប្រាក់​ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច ដោយ​សន្យា​ចាត់វិធានការ​គោលនយោបាយ​ទូលំទូលាយ​ដើម្បី​ទប់ស្កាត់​ការធ្លាក់ចុះ​សេដ្ឋកិច្ច​យ៉ាងខ្លាំង​សម្រាប់​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​លើ​ពិភពលោក​មួយ​នេះ​។​

​ការអត្ថាធិប្បាយ​របស់​លោក​លី​បាន​លើកឡើងថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ដាក់ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​បន្ថែមទៀត​ដើម្បី​បន្ធូរបន្ថយ​នូវ​ភាព​តានតឹង​លើ​អាជីវកម្ម​នានា​និង​អ្នកប្រើប្រាស់​។​

​មកទល់ពេលនេះ​ចិន​បាន​សន្យា​កាត់​បន្ថយពន្ធ​និង​ការចំណាយ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រាប់ពាន់​លាន​ដុល្លារ ខណៈ​សន្ទុះ​សេដ្ឋកិច្ច​ត្រូវបាន​គេ​រំពឹងទុក​ថា​នឹង​ថយចុះ​បន្ថែមទៀត​ដោយសារតែ​តម្រូវការ​ក្នុងស្រុក​មាន​ភាពទន់ខ្សោយ​និង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក​។​

​ភាគហ៊ុន​នៅ​ប្រទេស​ចិន​បាន​កើនឡើង​កាលពី​ថ្ងៃ​សុក្រ​បន្ទាប់ពី​រដ្ឋាភិបាល​បានបញ្ជាក់​ជាថ្មី​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​ជំរុញ​កំណើនសេដ្ឋកិច្ច​។​

​ប្រាក់​យ័ន​បាន​ស្ទុះ​ងើបឡើង​វិញ​ពី​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​បី​សប្តាហ៍​មកនេះ​ធៀប​នឹង​ប្រាក់​ដុល្លារ បន្ទាប់ពី​ការអត្ថាធិប្បាយ​របស់លោក​លី​។​

​ចិន​កំពុង​កំណត់​ទិសដៅ​កំណើនសេដ្ឋកិច្ច ៦,០ ទៅ ៦,៥ ភាគរយ​នៅ​ឆ្នាំនេះ ដោយ​បន្ថយ​ពី ៦,៦ ភាគរយ​ក្នុង​ឆ្នាំ ២០១៨ ដែលជា​កំណើន​យឺត​បំផុត​ក្នុង​រយៈពេល ២៨ ឆ្នាំ​។​

​លោក​លី​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​មួយ​ក្រោយពី​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សភា​បានបញ្ចប់​យ៉ាង​ដូច្នេះ​ថា “​ពិតណាស់​យើង​កំពុង​ប្រឈម​នឹង​កត្តា​មិន​ប្រាកដប្រជា​ជាច្រើន​នៅ​ឆ្នាំនេះ​។ យើង​ត្រូវតែ​ត្រៀមខ្លួន​បន្ថែម​ទៀតហើយ​យើង​បាន​រក្សាទុក​គោលនយោបាយ​បម្រុង (​ដើម្បី​ដោះស្រាយ​ភាពមិនប្រាកដប្រជា​)”​។​

​លោក​បន្តថា “​លើសពីនេះ​ទៀត​យើង​អាចដាក់​ពង្រាយ​ឧបករណ៍​គោលនយោបាយ​ដែល​ផ្អែកលើ​បរិមាណ​ឬ​តម្លៃ​ដូចជា​ទុនបម្រុង​និង​អត្រា​ការប្រាក់​។ វា​មិនមែនជា​ការបន្ធូរបន្ថយ​គោលនយោបាយ​ហិរញ្ញវត្ថុ​ទេ ប៉ុន្តែ​ដើម្បី​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ពិតប្រាកដ​ឱ្យមាន​ប្រសិទ្ធភាព​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ចិន​លោក​លី ឃឹឈាំ​ង