នាយករដ្ឋមន្ត្រី​ចិន​សង្កត់ធ្ងន់​ទៅលើ​ការកាត់បន្ថយ​ពន្ធ​និង​កម្រៃ​សេវា​ដើម្បី​ជំរុញ​ភាពរស់រវើក​នៃ​ទីផ្សារ​

530
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន​លោក​លី កេ​ឈាំ​ង​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា​បាន​សង្កត់ធ្ងន់​ទៅលើ​ការកាត់បន្ថយ​ពន្ធ​និង​កម្រៃ​សេវា​ដើម្បី​ជំរុញ​ភាពរស់រវើក​នៃ​ទីផ្សារ ធានា​ដល់​ភាព​មានការ​ងារ​ធ្វើ និង សម្រេចបាន​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​និង​មាន​សុខភាព​ល្អ​។​

​លោក​លី​បានធ្វើការ​កត់សម្គាល់​ដូច្នេះ​នៅពេល​ធ្វើជា​អធិបតី​ក្នុង​សន្និសីទ​ការងារ​មួយ​នៅ​ទីក្រុង​ជី​ណាន ស្ថិតក្នុង​ខេត្ត​សាន​ទុង​ភាគ​ខាងកើត​ប្រទេស​ចិន​។​

​ក្រុមមន្ត្រី​ជាន់ខ្ពស់​មក​ពី​ខេត្ត​សាន​ទុង ខេត្ត​ជាំ​ង​ស៊ូ ខេត្ត​ហ្វា​ចៀន ខេត្ត​ហឺ​ណាន និង​ខេត្ត​គួ​យ​ចូ​វ បាន​ចូលរួម​សន្និសីទ​នេះ​។​

​ពួកគេ​បាន​និយាយថា​ការកាត់បន្ថយ​ពន្ធ​និង​កម្រៃ​សេវា​បាន​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​យ៉ាងច្រើន​ដល់​បណ្តា​ក្រុមហ៊ុន​អាជីវកម្ម​នានា​នៅក្នុង​ទីផ្សារ​និង​បង្កើន​ប្រាក់ចំណូល​ដល់​គ្រួសារ​។ គោលនយោបាយ​នេះ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធានា​ការរំពឹងទុក​និង​កំណើនសេដ្ឋកិច្ច​។​

​លោក​លី​បាន​និយាយថា​ក្រុមហ៊ុន​លើ​ទីផ្សារ​រាប់រយ​លាន គឺជា “​សសរទ្រូង​” នៃ​ការរក្សា​ឱ្យមាន​ស្ថិរភាព​ការងារ​និង​ជា “​ក្បាលម៉ាស៊ីន​” នៃ​ការជំរុញ​កំណើនសេដ្ឋកិច្ច​។​

​លោក​លី​និយាយថា ទោះបីជា​ការកាត់បន្ថយ​ពន្ធ​និង​កម្រៃ​សេវា​នឹង​ធ្វើឱ្យ​ធ្លាក់ចុះ​ប្រាក់ចំណូល​សារពើពន្ធ​ក្នុង​រយៈពេល​ខ្លី​ក៏ដោយ ក៏ប៉ុន្តែ​ពួកវា​នឹង​បង្កើន​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​ក្នុងការ​វិនិយោគ​និង​ការអភិវឌ្ឍ ជួយ​ជំរុញ​កំណើន​ការងារ ធានា​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​និរន្តរភាព និង​ពង្រីក​ប្រភព​ចំណូល​ពន្ធ​។​

​លោក​លី​បាន​និយាយថា អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​គួរតែ​ធ្វើការ​រួមគ្នា​ដើម្បី​ធានាថា ឧស្សាហកម្ម​ទាំងអស់​មានការ​ធូរស្រាល​ពី​បន្ទុក​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​របស់​ពួកគេ ហើយ​លោក​បាន​សង្កត់ធ្ងន់ថា តម្លៃ​កសិផល​ត្រូវ​រក្សា​ឱ្យមាន​ស្ថិរភាព​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​ចិន លី កេ​ឈាំ​ង ធ្វើ​អធិបតីភាព​ក្នុង​សន្និសីទ​ស្តីពី​ការកាត់បន្ថយ​ពន្ធ​និង​កម្រៃ​សេវា​នៅ​ទីក្រុង​ជី​ណាន​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ឧសភា