នាយករដ្ឋមន្ត្រី​ចិន​សន្យា​បើកចំហ​សេដ្ឋកិច្ច ប្រធានាធិបតី​ព្រមាន​តៃវ៉ាន់​

1180
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២០​មីនា​បាន​សន្យាថា​ចិន​«​នឹង​បើកចំហ​អោយ​ធំ​ឡើង​»​សំរាប់​ការនាំ​ចូល​និង​ការ​​វិនិយោគ​ព្រមទាំង​បើកចំហ​ឧស្សាហកម្ម​កាម​ន្ត​សាល​ដល់​អ្នកប្រកួតប្រជែង​បរទេស​។​

​ក្នុង​សន្និសីទកាសែត​ដែល​ត្រូវ​បន្ត​ផ្ទាល់​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃ​អង្គារ លោក​លី​បញ្ជាក់ថា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មាន​ផែនការ​បំ​​បាត់​ចោល​ពន្ធ​នាំចូល​លើ​ថ្នាំពេទ្យ​និង​បន្ថយពន្ធ​លើ​មុខទំនិញ​មួយចំនួន​និង​«​បើកចំហ​វិស័យ​កមន្តសាល​»​ជាមួយនឹង​ការការពារ​​ទ្រព្យសម្បត្តិ​កម្មសិទ្ធិបញ្ញា​។​

​សូមបញ្ជាក់ថា ពួក​មេដឹកនាំ​ចិន​ស្ថិតក្រោម​សម្ពាធ​អោយ​សេដ្ឋកិច្ច​ត្រួ​ត្រា​ដោយ​រដ្ឋ​របស់គេ​កាន់តែ​មានការ​ប្រកួតប្រជែង​និង​មាន​ប្រ​​សិទ្ធ​ភាព​ឡើង​។​ពួកគេ​បាន​សន្យា​ធ្វើ​លារ​បើកចំហ​ដល់​វិស័យ​ឯកជន​និង​ការប្រកួតប្រជែង​ពី​បរទេស តែ​បណ្តា​ក្រុម​ធុរកិច្ច​អះអាងថា​​ដំណើរការ​នេះ​យឺត​ពេក​។​

​នៅ​ថ្ងៃ​អង្គារ​នេះដែរ ប្រធានាធិបតី​ចិន​ដែល​សភា​ទើប​ផ្តល់​អាណត្តិ​ថ្មី បាន​ព្រមាន​តៃវ៉ាន់ ថា​កោះ​ស្វ័យគ្រប់គ្រង​នេះ​នឹង​ប្រឈម​«​ការ​​ដាក់ទោស​ប្រវត្តិសាស្ត្រ​»​ចំពោះ​ការប៉ុនប៉ង​ណាមួយ​ដើម្បី​ធ្វើការ​ផ្តាច់ខ្លួន ។​

​លោក​ស៊ី​បាន​មានប្រសាសន៍ថា​«​វា​ជា​បំណងប្រាថ្នា​រួមមួយ​របស់​ប្រជាជន​ចិន​ទាំងអស់​និង​ជា​ផលប្រយោជន៍​គោល​របស់គេ​នៅក្នុង​ការ​​ថែរក្សា​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​ចិន និង​ការធ្វើអោយ​ប្រាកដ​អំពី​ការបង្រួបបង្រួម​ជាតិ​ទាំងមូល​របស់​ចិន​។​អំពើ​ណា​និង​​ល្បិចកល​ណាមួយ​ដើម្បី​បំបែកបំបាក់​ចិន​មុខជា​ទទួល​បរាជ័យ​ហើយនឹង​ជួប​ការ​ថ្កោលទោស​របស់​ប្រជាជន​ជាមួយនឹង​ការដាក់ទោស​​ប្រវត្តិសាស្ត្រ​»​។​

​លោក​ស៊ី​បញ្ជាក់ថា ចិន​មានបំណង ជំនឿ​ចិត្ត​និង​លទ្ធភាព​ផ្ចាញ់​សកម្មភាព​ផ្តាច់ខ្លួន​ណាមួយ​។​

​ទោះជា​យ៉ាងណា កោះ​តៃវ៉ាន់​មិនមាន​បំណង​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​ចិនដីគោក​ទេ ហើយ​បាន​ចោទប្រកាន់​ចិន​ថា​មិន​យល់​លទ្ធិ​​ប្រជាធិបតេយ្យ និង​ថា​ប្រជាជន​តៃវ៉ាន់​មាន​សិទ្ធិ​សំរេច​អនាគត​របស់ខ្លួន​៕​ដោយ​៖​វាសនា​

នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឹ​ឈាំ​ង(ស្តាំ) លោកស៊ី និងអនុប្រធានរបស់លោក