នាយករដ្ឋមន្ត្រី​ចិន​៖ ដោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​

3157
ចែករម្លែក
  • 20
    Shares

​នាយករដ្ឋមន្ត្រី​ចិន លោក​លី ឃឺ​ឈាំ​ង​(Li Keqiang)​បាន​មានប្រសាសន៍ថា ចិន​តាំងចិត្ត​ធ្វើ​ការដោះស្រាយ​ដោយ​សន្តិវិធី ចំពោះ​ជម្លោះ​ស្តី​ពី​សមុទ្រ​ចិន​ខាងត្បូង ជាមួយ​​បណ្តា​ប្រទេស​នៅ​អាស៊ី​អាគ្នេយ៍ ទោះជា​មាន​ទស្សនៈ​ខុសគ្នា​។​

​លោក​លី បាន​បានលើកឡើង​ដូច្នេះ​កាលពី​ថ្ងៃ​ចន្ទ​ទី​៧​ឧសភា បន្ទាប់ពី​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ឥណ្ឌូនេស៊ី ចូកូ វី​ដូ​ដូ នៅ​ទីក្រុង​អ៊ី​ស្តា​ណា បូ​ហ្គ័​រ ក្នុង​ដំណើរ​ទស្សន​​កិច្ច​របស់​លោក​នៅ​ឥណ្ឌូនេស៊ី​។​

​លោក​លី​បាន​និយាយ​នៅ​សន្និសីទកាសែត​រួមគ្នា​មួយ​ជាមួយ​ប្រធានាធិបតីចូកូ​ថា​” ចិន​និង​អាស៊ាន​នឹង​ការពារ​ស្ថេរភាព​តំបន់​រួម​គ្នា​។​យើង​នឹង​ការពារ​សន្តិភាព ស្ថេរភាព​​សេរីភាព​នាវាចរណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ជាមួយគ្នា​”​។​

​កិច្ច​ពិភាក្សា​រួម​មាន​ការពិភាក្សា​អំពី​សន្តិសុខ​តំបន់​និង​គំរោង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​។​ដំណើរ​របស់​លោក​លី ក៏​កត់សំគាល់​​ខួប​ទី​៥​នៃ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​មួយ​រវាង​មហាអំណាច​អាស៊ី​ទាំង​ពីរ​។​

​លោក​ចូកូ បាន​និយាយថា “​ក្រៅពី​ពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី យើង​ក៏​និយាយ​អំពី​បញ្ហា​តំបន់​និង​សកលលោក​។​នៅ​៥០​ឆ្នាំ​មកនេះ អាស៊ាន​បាន​ចូលរួមចំណែក​​សាង​សន្តិភាព​និង​ស្ថេរភាព​នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​សមិទ្ធផល​ដូច្នេះ នឹង​ត្រូវ​ថែរក្សា​និង​ធ្វើអោយ​កាន់តែ​ប្រសើរ​ឡើង​”​។​

​ជំនួប​រវាង​លោក​លី​និង​លោក​ចូកូ កើតឡើង​ចំពេល​មាន​ការព្រួយបារម្ភ​កាន់តែ​ខ្លាំង​ឡើង អំពី​យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​សមុទ្ឬ​ចិន​ខាងត្បូង​។​បណ្តាញ​សារព័ត៌មាន​​អាមេរិក​CNBC​បាន​រាយការណ៍​កាលពី​សប្តាហ៍​មុន​ថា ចិន​បាន​ដំឡើង​កាំជ្រួច​ប្រឆាំង​នាវា​និង​កាំជ្រួច​បាញ់​ពី​ដី​ទៅ​អាកាស​នៅ​កោះ​សង់​ដោយ​ខ្លួនឯង​ចំនួន​៣​នៅក្នុង​​សមុទ្រ​ចិន​ខាងត្បូង​។​

​កាលពី​ឆ្នាំមុន ចិន​ជា​អ្នកវិនិយោគ​ធំ​បំផុត​ទី​៣​នៅ​ឥណ្ឌូនេស៊ី ជាមួយនឹង​ទុនវិនិយោគ​៣.៤០០​លាន​ដុល្លារ​។​កាលពី​ថ្ងៃ​ចន្ទ មេដឹកនាំ​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​បង្កើន​​កិច្ចសហការ​សេដ្ឋកិច្ច ដោយ​លោក​ចូកូ បាន​សង្កត់ធ្ងន់ថា ចិន​នឹង​បង្កើន​ការ​នាំចូល​ទំនិញ​ឥណ្ឌូនេស៊ី រួម​មាន​ប្រេងឆា កា​កាវ សំបុក​ត្រចៀកកាំ និង​ផ្លែឈើ​ត្រូពិក ដូចជា​​ស្វាយ​និង​ផ្លែ​ស្រកានាគ​។​

​លោក​លី បាន​សន្យា​បង្កើន​ការនាំ​ចូល​ប្រេងឆា​យ៉ាងតិច​៥​សែន​តោន​ក្នុង​មួយឆ្នាំ​។​ឥណ្ឌូនេស៊ី​ជា​ប្រទេស​ផលិត​ប្រេង​ឆា ផលិត​ពី​គ្រាប់​ដូងប្រេង ធំ​បំផុត​លើ​លោក ដោយ​​លក់​ចេញ​៣,៧៣​លាន​តោន​ទៅ​ចិន​នៅ​ឆ្នាំ​២០១៧​។​

​ក្នុងពេល​ជាមួយ​គ្នា​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មើល​ឃើញ​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​បំផុត​នៅ​អាស៊ាន​នេះ​ជា​ដៃគូ​សំខាន់​មួយ​សំរាប់​បណ្តា​ក្រុមហ៊ុន​ហេដ្ឋារចនាសម្ពន្ធ​រប​ស់​ខ្លួន​។​​បណ្តា​ក្រុមហ៊ុន​រដ្ឋ​ចិន​កំពុង​ធ្វើ​ការស្ថាបនា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​លើកដំបូង​របស់​ឥណ្ឌូនេស៊ី​ដោយ​ភ្ជាប់​រដ្ឋធា​នីហ្សាការ​តាទៅ​ក្រុង​បានឌុង​នៅ​កោះ​ចាវ៉ា​ខាងលិច​៕ដោយ៖វាសនា

​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាំ​ង និង​ប្រធានាធិបតី​ឥណ្ឌូនេស៊ី នៅក្នុង​ជំនួប​និង​សន្និសីទកាសែត​រួមគ្នា​កាលពី​ថ្ងៃ​៧​ឧសភា​