នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ស្វែងរក​ដៃគូ​សេដ្ឋកិច្ច​

2796
ចែករម្លែក

នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូ អាបេ ធ្វើដំណើរដ៏កម្រទៅកាន់ប្រទេសចិន នៅសប្តាហ៍នេះ ដោយសង្ឃឹមពង្រឹងទំនាក់ទំនងកាន់តែប្រសើរ នឹងនាំទៅរកភាពជាដៃគូសេដ្ឋកិច្ចថ្មី ខណៈដែលប្រទេសទាំង២ស្ថិតក្រោមសម្ពាធរបស់អាមេរិកលើបញ្ហាពាណិជ្ជកម្ម។

វា គឺជាទស្សនកិច្ចលើកទីមួយរបស់នាយករដ្ឋមន្ត្រីជប៉ុន ចាប់តាំងពីឆ្នាំ២០១១ហើយជាផ្នែកមួយនៃការជួសជុលទំនាក់ទំនងឱ្យល្អឡើងវិញក្រោយពីមានជម្លោះខ្លាំងកាលពីឆ្នាំ២០១២ នៅពេលដែលរដ្ឋាភិបាលក្រុងតូក្យូ បានគ្រប់គ្រងនិងកាន់កាប់កោះជាច្រើនដែលមានជម្លោះ ដែលត្រូវ​បានអះអាងសិទ្ធិកាន់កាប់ផងដែរដោយរដ្ឋាភិបាលក្រុងប៉េកាំង។

ហេតុការណ៍នោះ បាននាំឱ្យមានកុបកម្មប្រឆាំងជប៉ុននៅប្រទេសចិនហើយបានចាប់ផ្តើមបង្កឱ្យមានភាពរាំងស្ទះដែលទើបតែបានចាប់ផ្តើមមានភាពជាមិត្តឡើងវិញ នៅពេលថ្មីៗនេះទេ។

ចាប់តាំងពីមានការជួបគ្នារវាង លោក ស៊ីនហ្សូ អាបេ និង​ លោក ស៊ី ជីនពីង ប្រធានាធិបតីចិននៅខាងក្រៅកិច្ចប្រជុំកំពូលមួយកាលពីឆ្នាំ២០១៤មកនោះមានការធ្វើទស្សនកិច្ចថ្នាក់រដ្ឋមន្ត្រីដោយភាគីទាំង២និងមានការបន្ធូរបន្ថយពាក្យសម្តីវោហាផងដែរ។ប៉ុន្តែ ដំណើរទស្សនកិច្ចរបស់លោក ស៊ីនហ្សូ អាបេនឹងក្លាយជាការសាកល្បងមួយដែលប្រទេសទាំង២ជួបប្រទះ ហើយវាជាតម្រូវការចាំបាច់សម្រាប់ការរីកចំរើនទាំងអស់គ្នាបន្ថែមទៀតស្របពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធគយដែលធ្វើឱ្យប៉ះពាល់ខ្លាំងដល់ពាណិជ្ជកម្មជាមួយប្រទេសចិននិងជប៉ុន។

ក្នុងអំឡុងធ្វើទស្សនកិច្ចនេះ មេដឹកនាំ២នៃប្រទេសទាំង២នេះ គឺទំនងជានឹងពិភាក្សាលើកិច្ចព្រមព្រៀងសំខាន់ៗជាច្រើន ដែលរួមទាំងការវិនិយោគលើហេដ្ឋារចនាសម្ពន្ធនៅបណ្តាប្រទេសក្នុងតំបន់ ដោយរួមទាំងប្រទេសឥណ្ឌូនេស៊ី និង ហ្វីលីពីន៕ដោយ៖សុខា/sn

លោក ស៊ីន ហ្សូ អាបេ និង លោក ស៊ី ជីនពីង បានជួបគ្នានៅក្រៅកិច្ចប្រជុំកំពូលៗជាច្រើនលើក កាលពីពេលមុនៗកន្លងទៅ