នាយករដ្ឋមន្ត្រី​ជប៉ុន​ប្តេជ្ញា​ដោះស្រាយ​ជម្លោះទឹកដី​ជាមួយ​រុស្ស៊ី​

459
ចែករម្លែក

នាយករដ្ឋមន្ត្រី​ជប៉ុន​ស៊ីន​ហ្សូ អា​បេ​បាន​សន្យា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៧​កុម្ភៈ​ថា នឹង​ចាត់វិធានការ “​ជា​ជំហានៗ​” ក្នុងការ​ដោះស្រាយ​ជម្លោះ​ដែនដី​ជាមួយ​រុស្ស៊ី ដែល​បាន​បន្សល់ទុក​តាំងពី​សង្គ្រាមលោកលើកទី​២​។​

​លោក​អា​បេ​បាន​ប្រាប់​ទៅ​ក្រុម​អតីត​អ្នកស្រុក​ចំនួន ៤ កោះ​ដែល​រុស្ស៊ី​បាន​ដណ្តើមយក​នៅ​ថ្ងៃ​ចុងក្រោយ​នៃ​សង្គ្រាមលោក​និង​អ្នកគាំទ្រ​របស់​ពួកគេ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការដោះស្រាយ​ជម្លោះ​លើ​អ្វីដែល​ជប៉ុន​ហៅថា​ទឹកដី​ភាគ​ខាងជើង​របស់ខ្លួន​គឺ​ពិបាក ប៉ុន្តែ​ចាំបាច់​។​

​លោក​អា​បេ​បាន​និយាយថា “​វា​មិន​ងាយស្រួល​ទេ​ក្នុងការ​ដោះស្រាយ​ភារកិច្ច​នេះ​ដែល​បន្សល់ទុក​ជាង ៧៣ ឆ្នាំ​ចាប់តាំងពី​សង្គ្រាម​។ ប៉ុន្តែ​យើង​ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះ​”​។​

​គាត់​បាន​និយាយថា “​ត្រូវ​ចងចាំ​ក្នុង​ចិត្ត​របស់​អ្នក​ចំពោះ​ដែនដី​ភាគ​ខាងជើង​ថា យើង​ប្តេជ្ញា​ចាត់វិធានការ​ជា​ជំហានៗ​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹកដី​”​។​

​ការទាមទារ​ត្រឡប់មកវិញ​នូវ​កោះ​ភាគ​ខាងជើង​នៃ​កោះ​ហុក​កៃ​ដូ​ដ៏​សំខាន់​របស់​ជប៉ុន​គឺជា​អាទិភាព​មួយ​សម្រាប់​លោក​អា​បេ​និង​មូលដ្ឋាន​អ្នក​អភិរក្សនិយម​របស់គាត់​។ អស់​រយៈពេល ៧ ទសវត្សរ៍​មកនេះ ជម្លោះ​នេះ​បាន​រារាំង​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​និង​មូ​ស្គូ​ពី​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​។​

​ក្នុង​ខែវិច្ឆិកា​លោក​អា​បេ​និង​ប្រធានាធិបតី​រុស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទីន​បាន​ព្រមព្រៀងគ្នា​បង្កើនល្បឿន​ការចរចា​ដោយ​ផ្អែកលើ​សំណើ​សូ​វៀត​ឆ្នាំ ១៩៥៦ ដើម្បី​ប្រគល់​កោះ​ចំនួន​ពីរ​ឱ្យទៅ​ជប៉ុន​វិញ​៕ ដោយ៖ កញ្ញាដាលីស

លោក​អា​បេយក​ការដោះស្រាយ​ជម្លោះទឹកដី​ជា​អាទិភាព​សំខាន់​របស់​រដ្ឋាភិបាល​គាត់