នាយករដ្ឋមន្ត្រី​ជប៉ុន​កំពុង​ស្ថិតនៅ​ប្រទេស​អ៊ីរ៉ង់​ក្នុង​បេសកកម្ម​ការទូត​ដ៏​កម្រ​ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​អ៊ីរ៉ង់​និង​អាម៉េរិក​

429
ចែករម្លែក

នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អា​បេ​រំពឹង​មកដល់​ទីក្រុង​តេ​ហេ​រ៉ង់​នៅ​ថ្ងៃ​ពុធ​ទី​១២​មិថុនា​នេះ សម្រាប់​បេសកកម្ម​ការទូត​ដ៏​កម្រ​មួយ ដោយ​សង្ឃឹមថានឹង​បន្ធូរបន្ថយ​ភាព​តានតឹង​រវាង​សាធារណរដ្ឋ​អ៊ីស្លាម​នេះ​និង​សម្ព័ន្ធមិត្ត​សំខាន់​របស់​ជប៉ុន គឺ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​ជា​នាយករដ្ឋមន្ត្រី​ជប៉ុន​ដំបូង​គេ​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​ក្នុង​រយៈពេល ៤១ ឆ្នាំ លោក​អា​បេ​រំពឹង​មកដល់​ទីក្រុង​តេ​ហេ​រ៉ង់​នៅ​ម៉ោង​ប្រហែល ១១:២០ នាទី​ព្រឹក និង ទៅ​ចរចា​ភ្លាម​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោក ហាសាន់ រូ​ហា​នី តែម្តង​។​

​រដ្ឋាភិបាល​ក្រុង​តេ​ហេ​រ៉ង់​កំពុង​ជាប់ផុង​ក្នុង​ភាព​តានតឹង​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បន្ទាប់ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ បាន​ដក​អាម៉េរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ កាលពី​ខែឧសភា​ឆ្នាំមុន​។​

​ចាប់តាំងពី​ពេលនោះ​មក វ៉ាស៊ីនតោន​បានដាក់​ចេញ​នូវ​ទណ្ឌកម្ម​ជា​ឯកតោភាគី ដែល​បាន​បង្ខំ​ឱ្យ​ជប៉ុន​ផ្អាក​ការទិញ​ប្រេង​ជាប់លាប់​របស់ខ្លួន​ពី​អ៊ីរ៉ង់ និង​បាន​បង្កើន​វត្តមាន​យោធា​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​លោក​អា​បេ​បាន​ប្រាប់​ពួក​អ្នកយកព័ត៌មាន​នៅ​ទីក្រុង​តូ​ក្យូ​មុនពេល​ចាកចេញ​ទៅ​ក្រុង​តេ​ហេ​រ៉ង់​ថា “​ចំពេល​មានការ​ព្រួយបារម្ភ​អំពី​ភាព​តានតឹង​កាន់តែខ្លាំង​ឡើង​នៅ​តំបន់​មជ្ឈិមបូព៌ា​និង​ការយកចិត្តទុកដាក់​ពី​សហគមន៍​អន្តរជាតិ​លើ​បញ្ហា​នេះ ជប៉ុន​ចង់​ប្រឹងប្រែង​អស់ពី​សមត្ថភាព​ដើម្បី​នាំមក​នូវ​សន្តិភាព​និង​ស្ថិរភាព​នៅក្នុង​តំបន់​”​។​

​លោក​បាន​និយាយថា “​ដោយ​ផ្អែកលើ​ទំនាក់ទំនង​មិត្ត​ភាពជា​ប្រពៃណី​រវាង​ជប៉ុន​និង​អ៊ីរ៉ង់ ខ្ញុំ​ចង់​ផ្លាស់ប្តូរ​មតិយោបល់​ដោយស្មោះ​ត្រង់​ជាមួយ​លោក​ប្រធានាធិបតី​រូ​ហា​នី និង​មេដឹកនាំ​កំពូល​លោក​ខា​មេ​នី​ដើម្បី​បន្ថយ​ភាព​តានតឹង​”៕ ដោយ៖ កញ្ញាដាលីស

លោក​អា​បេ​ទៅដល់​ទីក្រុង​តេ​ហេ​រ៉ង់​កាលពី​ព្រឹក​ថ្ងៃ​ពុធ