នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ សន្យា​មិន​រើ​ស្ថានទូត​ជប៉ុន​នៅ​អ៊ីស្រាអែល​ទៅ​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​

814
ចែករម្លែក

​បណ្តាញ​សារព័ត៌មាន​ផ្លូវការ​បាន​រាយការណ៍​ថា លោក ស៊ីន​ហ្សូ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ប្រាប់ ប្រធានាធិបតី​ប៉ាឡេ​ស្ទីន លោក ម៉ា​មូត អាបាស​កាលពី​ថ្ងៃ​អង្គារ​​ទី​០១​ឧសភា​ថា ប្រទេស​របស់​លោក នឹង​មិន​រើ​ស្ថានទូត​របស់​ខ្លួន​នៅ​អ៊ីស្រាអែល​ទៅ​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម​ទេ គឺ​២​សប្តាហ៍ នៅ​មុន​ពេល​សហរដ្ឋអាមេរិក​ផ្លាស់​
​ប្តូរ​ទីតាំង ដ៏​ចម្រូងចម្រាស​របស់​ខ្លួន​។​

​សារព័ត៌មាន​Wafa របស់​ប៉ាឡេ​ស្ទីន បាន​និយាយថា នៅក្នុង​ជំនួប​ពិភាក្សា​នៅ​ទីក្រុង​រ៉ា​ម៉ា​ឡា​របស់​ប៉ាឡេ​ស្ទីន លោក ស៊ីន​ហ្សូ អាបេ បាន​ប្រាប់ លោក ម៉ា​មូត អា​បាស ថា ​ប្រទេស​របស់​លោក​នឹង​មិន​ផ្លាស់​ស្ថានទូត​របស់ខ្លួន​ទៅ​កាន់​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម ទេ “​។​

​សហរដ្ឋអាមេរិក​គ្រោង​នឹង​ផ្លាស់​ស្ថានទូត​របស់​ខ្លួន​ពី​ទីក្រុង តែ​ល អា​វីវ ទៅ​កាន់​ទីក្រុង​ហ្ស៊េ​រុយ​សាឡិម នៅ​ថ្ងៃទី​១៤​ខែ​ឧសភា​ក្នុង​សកម្មភាព​មួយ​ដែល​បាន​បង្ក​ឱ្យ​​មាន​កំហឹង​រវាង​ប្រជាជន​ប៉ាឡេ​ស្ទីន​ដែល​ចាត់ទុក​ផ្នែក​ខាង​កើត​នៃ​ទីក្រុង​នេះ​ថា​ជា​រដ្ឋធានី​របស់​ពួកគេ​។​

​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​រំលោភ​បំពាន​លើ​ការយល់ស្រប​ជា​អន្តរជាតិ​ជាច្រើន​ទសវត្ស​មកហើយ​ដែល​ថា​អនាគត​​នៃ​ទីក្រុង​ដែល​មាន​វិវាទ​នេះ​គួរតែ​ត្រូវបាន​ចរចារ​រវាង​ភាគី​ទាំង​នេះ ប៉ុន្តែ​អ៊ីស្រាអែល​សង្ឃឹមថា​ប្រទេស​ដទៃ​ទៀត​នឹង​ធ្វើ តាម​ការដឹកនាំ​របស់​អាមេរិក​។​

​សារព័ត៌មាន​Wafa បាន​និយាយថា នាយករដ្ឋមន្ត្រី​ជប៉ុន​រូបនេះ បាន​អះអាង​ឡើងវិញ​អំពី​ការគាំទ្រ​របស់​ប្រទេស​លោក​ចំពោះ​ការបង្កើត​រដ្ឋ​ប៉ាឡេ​ស្ទីន​ឯករាជ្យ​មួយ​​នៅក្នុង​ក្របខណ្ឌ​នៃ​ដំណោះស្រាយ​រដ្ឋ​២​។​

​លោក ស៊ីន​ហ្សូ អាបេ កំពុងធ្វើដំណើរ​ទស្សន​កិច្ច​នៅ​មជ្ឈិមបូព៌ា​ហើយនឹង​ជួប​ជាមួយ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​យ៉ា​មីន ណេ​តាន់​យ៉ា​ហ៊ូ នៅ​ថ្ងៃ​ពុធ​ទី​២​ខែ​ឧសភា​៕ដោយ៖សុខា/sn


​លោក ស៊ីន​ហ្សូ អាបេ ជួប​ជាមួយ លោក ម៉ា​មូត អា​បាស នៅ​ទីក្រុង​រ៉ា​ម៉ា​ឡា​របស់​ប៉ាឡេ​ស្ទីន កាលពី​ថ្ងៃ​អង្គារ​