នាយករដ្ឋមន្ត្រី​ជប៉ុន​ព្រមាន​ទ្វីបអាហ្វ្រិក​អំពី​បំណុល ខណៈ​ចិន​កំពុង​កើនឡើង​វត្ត​មាននៅ​ទ្វីប​នេះ​

535
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​សីហា​បាន​ព្រមាន​មេដឹកនាំ​អាហ្វ្រិក​អំពី​បំណុល​ពូន​ផ្តុំ​ច្រើន​ហួសហេតុ​ពេក ដោយ​ចង់​សំដៅលើ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ចិន ដែល​អ្នកខ្លះ​ស្តីបន្ទោស​ចំពោះ​ការបំផ្លាញ​ហិរញ្ញវត្ថុ​របស់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​។​

​ថ្លែង​ទៅកាន់​មេដឹកនាំ​មកពី​ប្រទេស​អាហ្វ្រិក​មួយចំនួន​នៅក្នុង​សន្និសីទ​អភិវឌ្ឍន៍​មួយ​នៅ​ទីក្រុង​យ៉ូ​កូ​ហា​ម៉ា លោក​ស៊ីន​ហ្សូ អា​បេ​បាន​សង្កត់ធ្ងន់ថា​ទីក្រុង​តូ​ក្យូ​កំពុង​លើកកម្ពស់​ការនាំចេញ​និង​ការវិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព​ដែល​គាំទ្រ​ដោយ​ស្ថាប័ន​របស់​រដ្ឋាភិបាល​ជប៉ុន​។​

​លោក​អា​បេ​បាន​សួរ​នៅក្នុង​សន្និសីទ​អន្តរជាតិ​ទីក្រុង​តូ​ក្យូ​ស្តីពី​ការអភិវឌ្ឍ​អាហ្វ្រិក (TICAD) ថា “​តើ​រដ្ឋាភិបាល​គួរ​ធ្វើ​អ្វី​ដើម្បី​លើកទឹកចិត្ត (​សហគ្រិន​) ឱ្យ​អនុវត្ត​ជំនាញ​របស់​ពួកគេ​?”​។​

​ណែនាំ​អំពី​គម្រោង​ផ្តល់​ហិរញ្ញប្បទាន​និង​ធានារ៉ាប់រង​របស់​ស្ថាប័ន​នានា​ដែល​គាំទ្រ​ដោយ​រដ្ឋាភិបាល​ជប៉ុន​ក្នុង​គោលបំណង​កាត់បន្ថយ​ហានិភ័យ​ដល់​អាជីវកម្ម​និង​ថវិកា​សាធារណៈ លោក​បាន​និយាយថា “​ប្រសិនបើ​ប្រទេស​ជា​ដៃគូ​ផុង​ក្នុង​បំណុល​គេ វា​នឹង​រំខាន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អ្នក​គ្រប់គ្នា​ក្នុងការ​ចូលទៅក្នុង​ទីផ្សារ​”​។​

​លោក​ក៏បាន​ប្រកាស​ផងដែរ​ថា​ប្រទេស​ជប៉ុន​គ្រោង​នឹង​បណ្តុះបណ្តាល​អ្នកជំនាញ​នៅក្នុង​ប្រទេស​អាហ្វ្រិក​ចំនួន ៣០ ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ​លើ​ការគ្រប់គ្រង​ហានិភ័យ​និង​បំណុល​សាធារណៈ​។​

​ការ​ថ្លែង​បែបនេះ​ធ្វើ​ឡើងខណៈ​លោក​អា​បេ​មាន​គោលបំណង​ជំរុញ​វត្តមាន​របស់​ជប៉ុន​នៅក្នុង​ទីផ្សារ​អាហ្វ្រិក​ដែល​កំពុង​រីកចម្រើន ប៉ុន្តែ​អាជីវកម្ម​ជាច្រើន​មានការ​ព្រួយបារម្ភ​អំពី​ហិរញ្ញវត្ថុ​និង​ហានិភ័យ​ដទៃទៀត​។​

​ប៉ុន្តែ​ប្រទេស​ចិន​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​អំពី​ក្រវាត់​និង​ផ្លូវ​ពោរពេញ​ដោ​យម​ហិ​ច្ឆិ​តា​របស់ខ្លួន ពេលនេះ​កំពុង​រីករាយ​នឹង​វត្តមាន​ដ៏​ធំ​សម្បើម​នៅក្នុង​ទ្វីបអាហ្វ្រិក ដោយបាន​ប្រកាស​ផ្តល់​ថវិកា​ចំនួន ៦០ ពាន់​លាន​ដុល្លារ​សម្រាប់​ការអភិវឌ្ឍ​ទ្វីបអាហ្វ្រិក​កាលពី​ឆ្នាំមុន​។​

​ទោះយ៉ាងណា ការខិតខំ​ប្រឹងប្រែងរ​បស់​ចិន​បាន​ប្រឈម​នឹង​ការរិះគន់​ចំពោះ​ការ​បើកដៃ​ឱ្យតែ​ក្រុមហ៊ុន​និង​កម្មករ​ចិន​មក​ធ្វើការ​ជាជាង​ផ្តល់​ការងារ​ដល់​ប្រជាជន​ក្នុងស្រុក ដោយ​ធ្វើឱ្យ​ប្រជាជាតិ​ទាំងនោះ​ជាប់ផុង​ក្នុង​បំណុល និង មិនបាន​អើពើ​អំពី​សិទ្ធិ​និង​បញ្ហា​បរិស្ថាន​របស់​ប្រទេស​សាមី​នោះទេ​។​

​ជប៉ុន​សង្កត់ធ្ងន់ថា​ប្រាក់កម្ចី​និង​គម្រោង​របស់ខ្លួន​គឺ​ភ្ជាប់​មកជា​មួយ​នូវ​លក្ខខណ្ឌ​តិចតួច​និង​មាន​ដំបូន្មាន​ហិរញ្ញវត្ថុ​និង​ការគាំទ្រ​ប្រកបដោយ​គុណភាព​។​

​ចាប់តាំងពី​ឆ្នាំ ១៩៩៣ ប្រទេស​ជប៉ុន​បាន​ចាប់​ដៃគូ​ជាមួយ​បណ្តា​ប្រទេស​អាហ្វ្រិក​ដើម្បី​ធ្វើ​សន្និសីទ TICAD រៀងរាល់ ៥ ឆ្នាំ​ម្តង​ដើម្បី​ជំរុញ​ការផ្តល់​ជំនួយ​និង​ឱកាស​អាជីវកម្ម​។​

​រដ្ឋាភិបាល​ជប៉ុន ដែល​កំពុងមាន​បញ្ហា​ថវិកា​ផ្ទាល់ខ្លួន​ដែរនោះ ជួប​ការលំបាក​ក្នុងការ​បង្កើន​ប្រាក់​ជំនួយ​បរទេស​របស់ខ្លួន​។​

​ឥឡូវនេះ ជប៉ុន​បាន​ងាក​មក​បង្វែរ​ការផ្តោត​អារម្មណ៍​របស់ខ្លួន​ក្នុងការ​លើកទឹកចិត្ត​វិស័យ​ឯកជន​ឱ្យ​វិនិយោគ​នៅ​ទ្វីបអាហ្វ្រិក​៕ ដោយ៖ កញ្ញាដាលីស

លោក​អា​បេ​ប្រាប់​មេដឹកនាំ​អាហ្វ្រិក​ឱ្យ​ប្រយ័ត្ន​រឿង​បំណុល