នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ ដែលមិនអាចជួបជាមួយមេដឹកនាំកូរ៉េខាងជើង ខ្លួនឯងផ្ទាល់នោះ កំពុងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យប្រាកដថាប្រធានាធិបតីអាមេរិគ លោកដូណាល់ ត្រាំ មិនគិតរំលងអំពីសន្តិសុខនិងការព្រួយបារម្ភដទៃទៀតរបស់ជប៉ុននៅកិច្ចជំនួបកំពូលអាមេរិក – កូរ៉េខាងជើង ដែលមិនធ្លាប់មានពីមុនមក នៅសប្តាហ៍ក្រោយ។
លោក ស៊ីនហ្សូ អាបេ នឹងលើកឡើងអំពីចំណុចសំខាន់នៃគំនិតរបស់លោកចំពោះ លោក ដូណាល់ ត្រាំនៅសេតវិមាននៅថ្ងៃព្រហស្បតិ៍ គឺនៅមុនកិច្ចប្រជុំកំពូលG-7 នៅថ្ងៃទី៨-៩ខែមិថុនានិងនៅមុនកិច្ចជំនួបកំពូលរវាង លោក ដូណាល់ត្រាំ និង លោក គីម ជុង អ៊ុន នៅសិង្ហបុរី នៅថ្ងៃទី១២ខែមិថុនា។
ជប៉ុនដែលពឹងផ្អែកលើសហរដ្ឋអាមេរិកចំពោះការទូតនិងសន្តិសុខរបស់ខ្លួនក្រោយសង្គ្រាមលោកលើកទី២បានអវត្តមាននៅក្នុងជំនួបផ្សេងជាច្រើនលើកាលពីពេលថ្មីៗនេះជាមួយកូរ៉េខាងជើង។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ជែ អ៊ីន បានជួប លោក គីម ជុង អ៊ុន ចំនួន២ដងមកហើយខណៈពេលដែល លោក ស៊ីនហ្សូ អាបេ រង់ចាំវេនរបស់លោកដើម្បីលើកឡើង ពីការព្រួយបារម្ភរបស់ជប៉ុន ដោយផ្ទាល់នោះ។
លោក ស៊ីនហ្សូ អាបេ មិនចង់ឱ្យលោក ដូណាល់ ត្រាំ ធ្វើការសម្រុះសម្រួលដែលនឹងនឹងធ្វើឱ្យប្រទេសជប៉ុនត្រូវប្រឈមនឹងមីស៊ីលរយៈចម្ងាយខ្លី ដែលមិនគំរាមកំហែងដល់ទឹកដីអាមេរិក ឬបន្ធូរបន្ថយសម្ពាធលើកូរ៉េខាងជើង នៅមុនពេល របបកូរ៉េខាងជើងនេះ ត្រូវចាត់វិធានការជាក់ស្ដែងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងនោះ។ លោក ស៊ីនហ្សូ អាបេ ត្រូវបានគេរំពឹងថានឹងស្នើឱ្យលោកដូណាល់ ត្រាំ លើកឡើងជាថ្មីម្តងទៀតជាមួយ លោក គីម ជុងអ៊ុន អំពីជោគវាសនារបស់ក្រុមជនជាតិជប៉ុនដែលត្រូវបានចាប់ពង្រត់ដោយកូរ៉េខាងជើង នៅទសវត្សរ៍ឆ្នាំ១៩៧០និងឆ្នាំ១៩៨០ ៕ដោយ៖សុខា/SN
នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ