នាយករដ្ឋមន្ត្រី​ថៃ​ចុះទៅ​មើល​កន្លែង​ស្វែងរក​អ្នក​បាត់​ខ្លួន និង​ប្រាប់​សមាជិកគ្រួសារ​អោយមាន​ជំនឿ​

3105
ចែករម្លែក

នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ទៅ​មើល​ល្អាង​ភ្នំ​ដែល​ជន់​លិច កន្លែង​ដែល​ពួក​អ្នក​ជួយសង្គ្រោះ​បាននិងកំពុង​ស្វែងរក​ក្មេងប្រុស​១២​នាក់​និង​គ្រូបង្វឹក​​បាល់ទាត់​របស់គេ​ដែល​បាត់​ខ្លួន​អស់​៦​ថ្ងៃ​មកហើយ​និង​បាន​ទទូច​អោយ​សាច់ញាតិ​របស់គេ​កុំ​បោះបង់​ក្តីសង្ឃឹម​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ប្រាប់​សមាជិកគ្រួសារ​នៅក្រៅ​ល្អាង​ភ្នំ​ថា ” ត្រូវមាន​ជំនឿ​។​ជំនឿ​ធ្វើអោយ​អ្វី​គ្រប់យ៉ាង​ទទួលជោគជ័យ​។​ជំនឿ​លើ​ការងារ​របស់​​មន្ត្រី ជំនឿ​លើ​កូនៗ​របស់​យើង​ដែល​រឹងមាំ​និង​ស្វាហាប់​។​អ្វី​គ្រប់យ៉ាង​នឹង​វិម​ករក​ភាព​ធម្មតា​”​។​

​ក្មេងប្រុស​អាយុ​ចាប់ពី​១១​ទៅ​១៦​ឆ្នាំ បាន​ចូល​ល្អាង​ថាំ​លួង ណា​ង​ណុន​ក្រោយ​ការលេង​បាល់ទាត់​កាលពី​រសៀល​ថ្ងៃ​សៅ​រិ៍ តែ​ការ​ធ្លាក់ភ្លៀង​ជាប់​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ​​កំពុង​រារាំង​ការងារ​ជួយសង្គ្រោះ​ពួកគេ​។​

​ទោះជា​យ៉ាង​ដូច្នេះ​ក្តី អាជ្ញាធរ​បាន​សម្តែង​ក្តី​សង្ឃឹមថា​ក្រុម​នេះ​បាន​រកឃើញ​កន្លែង​ជ្រក​ស្ងួត​នៅក្នុង​ល្អាង​ភ្នំ​និង​រង់ចាំ​ការជួយ​សង្គ្រោះ ហើយ​មាន​សុខភាព​គ្រប់គ្រាន់​​ដើម្បី​នៅតែមាន​សុវត្ថិភាព​។​

​ទឹក​ភក់​បាន​ចូលដល់​ផ្លូវ​ចូល​ល្អាង​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មិថុនា ទោះជា​ក្រុមការងារ​ខិតខំ​បូម​បាចទឹក​អស់​ជាច្រើន​ថ្ងៃ​។​ក្នុងពេល​ជាមួយគ្នា ពួក​អ្នក​ជួយសង្គ្រោះ​ដែល​ធ្វើ​​ការ​នៅក្រៅ​ល្អាង​ព្យាយាម​ស្វែងរក​មាត់​រូង​លាក់​ក្នុងព្រៃ​ភ្នំ​ពណ៌​បៃតង​ដើម្បី​ចូលទៅ​កាន់​ល្អាង​ក្រោម​ដី​ដ៏​វែង​នេះ​ ​ខណៈ​អ្នកជំនាញ​និង​អ្នក​ជួយសង្គ្រោះ​ក៏​កំពុង​ខួង​ថ្ម​បង្កើត​
​រន្ធ​ដើម្បី​ទម្លាក់​កាមេរ៉ា​ចូលក្នុង​ល្អាង​ហើយ​ផ្តិត​យក​រូបភាព​ក្រែង​រកឃើញ​ជនរងគ្រោះ​។​

​ក្នុងពេល​ជាមួយគ្នា អភិបាលខេត្ត​ឈៀង​រ៉ៃ ដែលជា​កន្លែងកើតហេតុ បាន​អរគុណ​ប្រជាជន​នៅ​ថៃ​និង​បរទេស ចំពោះ​ការបញ្ជូន​ការគាំទ្រ​របស់គេ រួមមាន​ក្រុម​សង្គ្រោះ​​អាមេរិក​និង​អ្នក​មុជទឹក​ក្នុង​ល្អាង​មកពី​អង់គ្លេស​៕​ដោយ​៖​វាសនា​

​នាយករដ្ឋមន្ត្រី​ថៃ​ចុះ​ទៅដល់​កន្លែង​ស្វែងរក​អ្នក​បាត់​ខ្លួន​នៅ​ខេត្ត​ឈៀង​រ៉ៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​មិថុនា​