នាយករដ្ឋមន្ត្រី​ថៃ​ទទួល​ក្រុម​ចំរៀង​ជប៉ុន នាំអោយ​មានការ​ចោទថា​លោក​ប៉ុនប៉ង​ទាក់ទាញ​អ្នកបោះឆ្នោត​ក្មេងៗ​

955

នាយករដ្ឋមន្រ្តីប្រាយុទ្ធ ចានអូចា របស់ថៃបានក្លាយជា អូតា ដែលភាសាជប៉ុនថា អ្នកគាំទ្រខ្លាំងម្នាក់សំរាប់ក្រុមចំរៀងស្រីជប៉ុនAKB48ខណៈក្រុមចំរៀងJ-popនេះបានសម្តែងជាពិសេសនៅវិមានរដ្ឋាភិបាលថៃ កាលពីថ្ងៃព្រហស្បតិ៍ទី១៣កញ្ញា។

ក្រុមចំរៀងនេះបានស្ថិតនៅក្រុងបាងកកដើម្បីឃោសនាការប្រគំតន្រ្តីចុងឆ្នាំរបស់ខ្លួន។អ្នកគាំទ្រជាច្រើនបានរង់ចាំអាយដល(idols)របស់គេហើយជំនួបនេះត្រូវបានផ្សាយបន្តផ្ទាល់តាមផេកហ្វេសប៊ុករបស់រដ្ឋាភិបាល។

នៅក្នុងការផ្សាយនេះ លោកប្រាយុទ្ធត្រូវបានគេឃើញគ្រវីដំបងភ្លើងរបស់លោកខណៈសមាជិក៦នាក់នៃAKB48 សម្តែងនិងច្រៀងបទល្បីរបស់គេKoi Suru Fortune Cookies។ក្រោយ​មកលោកប្រាយុទ្ធ បានចាប់ដៃសមាជិកស្រីៗទាំងនេះនិងថតសែលហ្វីជាមួយពួកគេថែមទៀត។

នាយករដ្ឋមន្រ្តីថៃ ទស្សនាការសម្តែងនិងថតជាមួយសមាជិកក្រុមAKB48នៅវិមានរដ្ឋាភិបាលក្នុងក្រុងបាងកក

លោកប្រាយុទ្ធ បាននិយាយថា លោកមានការរំភើបដែលក្រុមJ-popនឹងមកសម្តែងនៅថៃ តែបានបន្ថែមថា លោកមិនអាចចូលរួមទស្សនាការសម្តែងនោះបានទេដោយ”មិនអាចបញ្ចៀតកាត់អ្នកគាំទ្រក្មេងៗ”។

ក្នុងការសន្ទនាជាមួយសមាជិកក្រុមចំរៀងនេះ លោកនាយករដ្ឋមន្រ្តីក៏បាននិយាយដល់ទំនាក់ទំនងយូរលង់រវាងប្រទេសទាំងពីរ ការចូលចិត្តអាហារជប៉ុននិងក៏បានសម្តែងសមានចិត្តរបស់លោកចំពោះគ្រោះធម្មជាតិកាលពីពេលថ្មីៗនៅជប៉ុន។

ជំនួបកាលពីថ្ងៃព្រហស្បតិ៍កើតឡើងបន្ទាប់ពីលោកប្រាយុទ្ធបានអញ្ជើញឈឺព្រែង អារីគុល( Cherprang Areekul )អ្នកចំរៀងល្បីនៃក្រុមចំរៀងស្រីថៃBNK48មកទទួលរង្វាន់ក្រោយពីនាងយល់ព្រមទទួលធ្វើកម្មវិធីទូរទស្សន៍គាំទ្ររដ្ឋាភិបាលឈ្មោះថា”ថៃធ្វើដំណើរទៅមុខ”។ទោះជាយ៉ាងណា ពួកបញ្ញវ័ន្តមើលឃើញថាមានរបៀបវារៈនយោបាយនៅពីក្រោយ។

សាស្រ្តចារ្យម្នាក់នៅសកលវិទ្យាល័យថាម៉ាសាត បាននិយាយថានេះជាផ្នែកនៃចំណាត់ការរបស់នាយករដ្ឋមន្រ្តីសំរាប់ពង្រីកមូលដ្ឋានគាំទ្ររបស់លោកក្នុងចំណោមមនុស្សវ័យក្មេង យុវជនតាមទីក្រុងនៅមុនការបោះឆ្នោតនៅឆ្នាំក្រោយ។

លោកស្រីបាននិយាយថា” នាយករដ្ឋមន្រ្តីកំពុងប្រើអាយដលទាំងនេះដើម្បីទាក់ទាញសន្លឹកឆ្នោតពីអ្នកគាំទ្ររបស់គេ។AKB48 និង BNK48សំបូរអ្នកគាំទ្រវ័យក្មេងៗនៅតាមទីក្រុងដែលប្រើហ្វេសប៊ុកប្រចាំថ្ងៃ”។

លោកស្រីបានបន្ថែមថា អ្នកគាំទ្រទាំងនេះមិនមានចំណូលចិត្តខាងនយោបាយនិងក៏មិនបានជ្រើសយកគណបក្សណាដែរ មិនដូចប្រជាជនសាមញ្ញដែលគិតថា ការសន្យាក្នុងពេលធ្វើយុទ្ធនាការបោះឆ្នោតមានប្រយោជន៍សំរាប់ពួកគេ។មនុស្សជំនាន់ក្មេងៗតាមទីក្រុងឥឡូវបោះឆ្នោតតាមការរំជួលចិត្តរបស់គេ។

និស្សិតនិងជាអ្នកគាំទ្រក្រុមAKB48ម្នាក់ បានប្រាប់សារព័ត៌មានថា លោករីករាយដែលវប្បធម៌J-popកាន់តែអាចទទួលយកបាននៅថៃ។”ខ្ញុំគិតថាវាជាការល្អដែលមនុស្សចាស់ៗដូចជានាយករដ្ឋមន្រ្តីត្រៀមទទួលយកវប្បធម៌បែបនេះ”៕ដោយ៖វាសនា

ក្រុមចំរៀងនេះបានស្ថិតនៅក្រុងបាងកកដើម្បីឃោសនាការប្រគំតន្រ្តីចុងឆ្នាំរបស់ខ្លួន