នាយករដ្ឋមន្ត្រី​ថៃ​ព្រមាន​ថា អាច​នឹងមាន​ចលាចល​នៅ​ថ្ងៃ​កាត់ទោស​លោកស្រី​យី​ង​ឡាក់​

1120
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ថៃ​បានចេញ​ការព្រមាន​ខ្លាំងៗ​ទៅ​ក្រុម​អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ដែល​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​ទី ២១ កក្កដា​នេះ​សម្រាប់​ជុំ​ចុងក្រោយ​នៃ​ការធ្វើ​សវនាការ​សាក្សី​ការពារ​ក្តី​នៅក្នុង​ករណី​សន្យា​ទិញស្រូវ​អង្ករ កុំឱ្យ​បង្ក​ការ​ចលាចល​ឱ្យសោះ​។​

“​ខ្ញុំ​តែងតែ​និយាយ​ដូច្នេះ​។ ប៉ុន្តែ​ហេតុអ្វី​អ្នកឯង​មិន​ដកស្រង់​សម្តី​ដែល​ខ្ញុំ​និយាយ​បែបនេះ​ផង​? អ្នកឯង​គ្រាន់តែ​រាយការណ៍​ថា​នរណា​នឹង​មក​តវ៉ា ឬ ជួបជុំគ្នា ហើយ​ចេះតែ​បន្ត​សួរថា​តើ​រដ្ឋាភិបាល នឹង​យក​ច្បាប់​ណា​មក​ប្រើ​ដើម្បី​ដោះស្រាយ​ជាមួយ​ពួកគេ​។ នោះបាន​ត្រឹមតែ​បង្កើត​ជម្លោះ​កាន់តែខ្លាំង​ប៉ុណ្ណោះ​”​។ នេះ​បើតាម​សម្តី​របស់​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា នៅពេល​អ្នកកាសែត​សួរថា​តើ​គាត់​បានចេញ​បញ្ជា​ពិសេស​ណាមួយ​ដល់​មន្ត្រី​សន្តិសុខ​ដែរឬទេ​ដើម្បី​ដោះស្រាយ​ជាមួយ​អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់​នៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​សម្រាប់​អ្នក​កាន់តំណែង​នយោបាយ​នៃ​តុលាការ​កំពូល​។

​នាយករដ្ឋមន្ត្រី​និយាយទៀតថា “​អ្នកឯង (​ប្រព័ន្ធ​ផ្សព្វផ្សាយ​) ក៏​អ៊ីចឹង​ដែរ គួរ​ប្រាប់​ពួកគេ (​អ្នកគាំទ្រ​យី​ង​ឡាក់​) ថា គួរ​កុំមក​តុលាការ​ដោយផ្ទាល់ ប្រសិនបើ​ពួកគេ​មិនចាំបាច់​មក​ទេនោះ ព្រោះ​ពួកគេ​នៅតែ​អាច​តាមដាន​ការផ្សាយ​អំពី​សវនាការ​នៅ​កន្លែង​ណា​ក៏បាន​”​។​

​ឧបនាយករដ្ឋមន្ត្រីរ​បស់​គាត់ គឺ​លោក​ប្រា​វីត វង់​សុ​វ៉ាន់ ដែលជា​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ដែរនោះ និយាយថា ប្រសិនបើ​អ្នកគាំទ្រ​អតីត​នាយករដ្ឋមន្ត្រី​ចង់​មក​តុលាការ ពួកគេ​អាចម​កបាន ប៉ុន្តែ​គួរ​រឹតត្បិត​ចំនួន​អ្នក​មក​ចូលរួម​។​

​លោកស្រី​យី​ង​ឡាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​ក្នុងតួនាទី​ចំពោះ​ការខកខាន​បញ្ឈប់​អំពើពុករលួយ និង ភាពមិនប្រក្រតី​កើតចេញពី​គម្រោង​សន្យា​ទិញស្រូវ​អង្ករ​របស់​រដ្ឋាភិបាល​លោកស្រី ដែល​បណ្តាលឱ្យ​ខាតបង់​ជាង ៥០០ ពាន់​លាន​បាត​។​

​លោក វត​នា មួង​ស៊ុ​គ អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​ជាម​ន្ត្រី​សំខាន់​របស់​បក្ស​ភឿ​ថៃ និយាយថា ប្រជាជន​ដ៏​ច្រើន​នឹង​មក​ប្រមូល​ផ្តុំគ្នា​នៅ​តុលាការ​ដើម្បី​ផ្តល់​ការគាំទ្រ​លើកទឹកចិត្ត ព្រោះ​លោកស្រី​ធ្លាប់ជា​នាយករដ្ឋមន្ត្រី​ជាប់ឆ្នោត​របស់​ពួកគេ​។

​លោក​ក៏បាន​រិះគន់​លោក​ប្រា​យុទ្ធ​និង​ប្រា​វីត​ផងដែរ ដោយ​ចោទប្រកាន់​ពួកគេ​ថា​រឹតត្បិត​សិទ្ធិ​និង​សេរីភាព​ប្រជាជន ដោយ​ព្រមាន​ពួកគេ​មិនឱ្យ​បង្ហាញមុខ​នៅ​តុលាការ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ អតីត​នាយករដ្ឋមន្ត្រី​ថៃ​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​នៅ​ថ្ងៃ​សុក្រ​ទី ២១ កក្កដា​នេះ​សម្រាប់​ជុំ​ចុងក្រោយ​នៃ​ការធ្វើ​សវនាការ​សាក្សី​ការពារ​ក្តី​នៅក្នុង​ករណី​សន្យា​ទិញស្រូវ​អង្ករ