នាយករដ្ឋមន្ត្រី​ថៃ​អះអាង​ឡើងវិញ​ថា “​បោះឆ្នោត​នៅ​ឆ្នាំក្រោយ “​ទោះជា​ប្រឆាំង​ទាមទារ​ក៏​អត់​ប្រយោជន៍​

1014
ចែករម្លែក

នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចានអូចា កាលពីថ្ងៃអង្គារទី២២ឧសភាបានឆ្លៀតបញ្ជាក់ឡើងវិញថាការបោះឆ្នោតសកលមួយនឹងត្រូវរៀបចំធ្វើឡើង”លឿនបំផុតនៅដើមឆ្នាំ២០១៩”ខណៈអ្នកតវ៉ាប្រឆាំងរាប់រយនាក់បានជួបជុំគ្នានៅក្នុងក្រុងបាងកកដើម្បីទាមទារអោយធ្វើការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំនេះ។

នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចានអូចា

ពួកអ្នកប្រឆាំងតវ៉ា ដែលភាគច្រើនជាសកម្មជននិស្សិតនិងអ្នកគាំទ្រក្រុមអាវក្រហមដែលស្មោះនឹងរដ្ឋាភិបាលស៊ីវិលមុន បានចាប់ចេញដំណើរពីសកលវិទ្យាល័យថាម៉ាសាតទៅកាន់ការិយាល័យរបស់នាយករដ្ឋមន្រ្តី ឬវិមានរដ្ឋាភិបាល តែត្រូវរារាំងដោយប៉ូលិសឯកសណ្ឋានពណ៌ខ្មៅនៅក្រៅសកលវិទ្យាល័យជាហេតុនាំអោយមានការ
ប្រវាយប្រតប់គ្នាតិចតួចនិងការចាប់ខ្លួន។

អង្គការសិទ្ធិមនុស្សHuman Rights Watchអំពាវនាវអោយរដ្ឋាភិបាលថៃដោះលែងសកម្មជនដែលត្រូវចាប់ខ្លួន

ការតវ៉ាប្រឆាំងដ៏កម្រនេះក៏កត់សំគាល់ខួបទី៤នៃរដ្ឋប្រហារយោធា ចាប់តាំងពីលោកប្រាយុទ្ធ ជាប្រមុខកងទ័ពពេលនោះ បានទម្លាក់រដ្ឋាភិបាលជាប់ឆ្នោតមួយនៅថ្ងៃ២២ឧសភា ឆ្នាំ២០១៤។

ដំបូងបំផុតរដ្ឋាភិបាលយោធាបានសន្យាថានឹងអោយមានការបោះឆ្នោតនៅឆ្នាំ២០១៥ តែបានពន្យារជាបន្តបន្ទាប់ ហើយលើកចុងក្រោយនេះគឺខែកុម្ភៈឆ្នាំ២០១៩។

ក្នុងការតវ៉ាកាលពីម្សិលមិញ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យជាច្រើនត្រូវបានឃាត់ខ្លួនក្រោយពីប្រឈមមុខជាមួយប៉ូលិសដែលរារាំងពួកគេមិនអោយដើរទៅកាន់ការិយាល័យនាយករដ្ឋមន្រ្តី។

អ្នកតវ៉ាខ្លះបានរុញប៉ូលិស ជាហេតុនាំអោយមានការប្រវាយប្រតប់តិចតួច តែសភាពការណ៍បានត្រជាក់បន្តិចវិញដោយសារភ្លៀងចាប់ផ្តើមធ្លាក់ តែភាគីទាំងពីរនៅតែប្រឈមមុខគ្នានៅក្រៅសកលវិទ្យាល័យ។មានរបាយការណ៍ថា អ្នកតវ៉ាប្រឆាំង៧នាក់ត្រូវបានចាប់ខ្លួនក្រោយប្រវាយប្រតប់ជាមួយប៉ូលិស៕ដោយ៖វាសនា


សមាជិក្រុមដែលហៅខ្លួនឯងថា”ប្រជាជនចង់បានការបោះឆ្នោត”ប្រឈមនឹងប៉ូលិសនៅក្រៅសកលវិទ្យាល័យថាម៉ាសាត