នាយករដ្ឋមន្ត្រី​ថៃ​៖ រដ្ឋាភិបាល​ថ្មី​នឹង​ចេញ​ជា​រូបរាង​នៅ​ពាក់កណ្តាល​ខែ​ក្រោយ​

429
ចែករម្លែក

​ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​និង​ការព្រួយបារម្ភ​អំពី​បរាជ័យ​នៃ​ការបង្កើត​គណៈ​រដ្ឋមន្ត្រី​ថ្មី​មួយ នៅ​រយៈពេល​៣​ខែ​ក្រោយ​ការបោះឆ្នោត​កាលពី​ខែ​មីនា លោក​ប្រា​យុទ្ធ ចាន​អូ​ចា​​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​មិថុនា​បាន​អះអាងថា រដ្ឋាភិបាល​ថ្មី​នឹង​លេចចេញ​ជា​រូបរាង​នៅ​ពាក់កណ្តាល​ខែ​កក្កដា​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ បាន​និយាយថា​ការ​ពិនិត្យ​អំពី​គុណសម្បត្តិ​របស់​បេក្ខជន​រដ្ឋមន្ត្រី​កំពុង​ត្រូវធ្វើឡើង ហើយ​បញ្ជី​ឈ្មោះ​នឹង​ត្រូវ​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​ព្រហស្ថ​នៅពេល​ឆាប់​​ៗ ក្រោយពី​លោក​វិល​មក​ពី​ជំនួប​កំពូល​G20​នៅ​ជប៉ុន​។​

​លោក​ប្រា​យុទ្ធ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា «​វា​នឹង​រួចរាល់​ទាន់ពេល​» តែ​ថា​អាច​មាន​ការផ្លាស់ប្តូរ​ខ្លះ​ក្នុង​បញ្ជី​ឈ្មោះ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​សារព័ត៌មាន ហើយ​បេក្ខជន​ដែល​​មិន​មាន​ឈ្មោះ​អាច​ធ្វើការ​ក្នុង​សភា​។​

​សំរាប់​អ្នកតាមដាន​សភាពការណ៍​នយោបាយ​ថៃ លោក​ប្រា​យុទ្ធ​ហាក់​មិន​ស្ទុះស្ទារ​ក្នុង​ការបញ្ចប់​ការរៀបចំ​បញ្ជី​ឈ្មោះ​គណៈរដ្ឋមន្ត្រី ជាហេតុ​នាំ​អោយ​អ្នកកាសែត​សួរ​លោក​ស្ទើរ​រាល់​​ថ្ងៃ ទោះជា​ការពិត​គឺ​ថា​ការបោះឆ្នោត​សកល​ត្រូវបាន​ធ្វើ​ឡើង​តាំងពី​៣​ខែ​មុន​និង​លោក​ធានា​បាន​តំណែង​នាយករដ្ឋមន្ត្រី​តាំងពី​មួយ​ខែ​មុន​ក្តី​។​

​ដំបូង​ការពន្យារពេល​ចេញ​បញ្ជី​ឈ្មោះ​គណៈ​រដ្ឋមន្ត្រី​ថៃ​នេះ​បណ្តាលមកពី​ការ​តថ្លៃ​គ្នា​អំពី​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​ថ្មី តែ​ក្រោយមក​គេ​សង្ស័យថា លោក​ប្រា​យុទ្ធ ពេញចិត្ត​នឹង​ស្ថាន​​ភាព​ដូច​បច្ចុប្បន្ន គឺ​នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​។​ខណៈ​នៅ​មិនទាន់​មាន​រដ្ឋាភិបាល​ថ្មី​ចូល​ជំនួស​ទេ លោក​ប្រា​យុទ្ធ​នៅតែ​ជា​នាយករដ្ឋមន្ត្រី​ស្របច្បាប់​និង​ជា​ប្រមុខ​ក្រុមប្រឹក្សា​ជាតិ​សំ​​រាប់​ស្តារ​សន្តិភាព​និង​សណ្តាប់ធ្នាប់​(NCPO)​ដែល​នឹង​អស់អំណាច​នៅពេល​រដ្ឋាភិបាល​ស៊ីវិល​មួយ​ចូល​កាន់​អំណាច​៕​ដោយ​៖​វាសនា​

​ក្រុមប្រឆាំង​កំពុង​ជំរុញ​អោយ​លោក​ប្រា​យុទ្ធ បង្កើត​រដ្ឋាភិបាល​ស៊ីវិល​មួយ​អោយបាន​ឆាប់ តែ​លោក​ថា​ពាក់កណ្តាល​ខែ​ក្រោយ​នឹង​ចេញ​ជា​រូបរាង