នាយករដ្ឋមន្ត្រី​ថៃ និយាយ​ការពារ​ថវិកា​ទិញ​យន្តហោះ​ហ្វឹកហាត់​ច្រើន​គ្រឿង​ក្នុងតម្លៃ​សរុប​៨,៨​ពាន់​លាន​បាត​

1022
ចែករម្លែក

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បាន​ថ្លែង​ការពារ​អំពី​ការទិញ​គ្រឿង​សព្វាវុធ​យោធា បន្ទាប់ពី​មានកា​រិះគន់​អំពី​ផែនការ​របស់​កងទ័ព​អាកាស​ដើម្បី​ទិញ​យន្តហោះ T-50 ចំនួន​៨​គ្រឿង​ផ្សេងទៀត ដែលជា​ប្រភេទ​យន្តហោះ​សម្រាប់តែ​ប្រើប្រាស់​ក្នុងការ​ហ្វឹកហាត់​បើក​ប៉ុណ្ណោះ ក្នុង​ត​ម្លែ​សរុប​៨,៨​ពាន់​លាន​បាត​ពី​កូរ៉េខាងត្បូង​។​

លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ជំរុញ​សាធារណជន​ថៃ កាលពី​ថ្ងៃ​អង្គារ ទី​១១ កក្កដា ឱ្យ​យល់​ដល់​កងទ័ពអាកាស​ក្នុងការ​ត្រូវការ​យន្តហោះ​ប្រភេទ​ហ្វឹកហាត់​ថ្មី​ជាច្រើន​គ្រឿង​ដើម្បី​ដាក់ជំនួស​យន្តហោះ L-39 ចាស់ៗ ដែល​ផលិត​នៅ​ប្រទេស​ឆែក និង ត្រូវបាន​ប្រើប្រាស់​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មកហើយ​នោះ​។​

លោក​បាន​និយាយថា “​សូម​យល់ថា រដ្ឋាភិបាល​មិន​បោះ​លុយ​រដ្ឋ​ចោល​ក្នុង​ការទិញ​គ្រឿង​សព្វាវុធ​យោធា​ទេ ហើយ​គ្រឿង​សព្វាវុធ​ទាំងនេះ គឺជា​តម្រូវការ ។ រដ្ឋាភិបាល បានអនុម័ត​ហើយ​អំពី​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​វិស័យ​កសិកម្ម​ដែលមាន​ទឹកប្រាក់​ពី​២០​ទៅ​៣០​ពាន់​លាន​បាត​ក្នុង​មួយ​សប្តាហ៍ ដោយ​គិត​ជា​មធ្យម​។​ ថវិកា​សម្រាប់​វិស័យ​នីមួយៗ ត្រូវបាន​ចែកដាច់​ពីគ្នា​”​។​

ការធ្វើ​អត្ថាធិប្បាយ​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា បានកើត​ឡើង បន្ទាប់ពី​មានការ​រិះគន់​ខ្លាំង​ឡើង​អំពី​ការសម្រេចចិត្ត​របស់​គ​ណៈ​រដ្ឋមន្ត្រី​កាលពី​ថ្ងៃ​អង្គារ​អំពី​គម្រោង​ទិញ​យន្តហោះ​៨​គ្រឿង​នេះ​របស់​កងទ័ពអាកាស ដែល​ត្រូវបាន​ស្នើឡើង​ដោយ លោក ប្រា​វីត វង់​សុ​វ៉ាន់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​។​

ក្រុម​អ្នក​រិះគន់​និយាយថា របប​យោធា​នេះ បាន​ចំណាយលុយ​ច្រើនពេក​ទៅលើ​វិស័យ​យោធា​ក្នុង​ការទិញ​គ្រឿង​សព្វាវុធ​យោធា​៕ ដោយ ៖សុខា

​យន្តហោះ​T-50