នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ ចាន់​អូ​ចា នឹងធ្វើ​ទស្សនកិច្ច នៅ​សហរដ្ឋអាមេរិក​

1118
ចែករម្លែក

​ក្រសួងការបរទេស​ថៃ​បាន​និយាយ​នៅ​ថ្ងៃ​អង្គារ​ទី​១៥​ខែសីហា​ថា លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ នឹងធ្វើ​ទស្សនកិច្ច​នៅ​សេត​វិមាន សហរដ្ឋអាមេរិក នៅ​ខែតុលា ដោយបាន​បន្ថែមថា ពាណិជ្ជកម្ម​និង​សន្តិសុខ​នឹង​ស្ថិតនៅក្នុង​របៀបរ​វារៈ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ដែលជា​សញ្ញា​ចុងក្រោយ​បំផុត​នៃ​ការពង្រឹង​ចំណងទាក់ទង​រវាងរ​ដ្ឋា​ភិ​បាល​ក្រុង​បាងកក​និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​។​

​កាលពី​សប្តាហ៍​មុន រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រិច ធី​ល​ល័​រ​សុន បានធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ ដែលជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់បំផុត​ដោយ​មន្ត្រី​អាមេរិក ចាប់តាំងពី​កងទ័ព​បាន​ឡើងកាន់​អំណាច​ដោយ​ការធ្វើ​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤​។​

​ដំណើរ​ទស្សនកិច្ច​រប​ស់ លោក ធី​ល​ល័​រ​សុន និង ការអញ្ជើញ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ធ្វើ​ទស្សនកិច្ច​នៅ​សេត​វិមាន ដោយ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ គឺ ជា​សញ្ញា​ចុងក្រោយ​បំផុត ដែល​បង្ហាញថា រដ្ឋាភិបាល​ក្រុង​បាងកក និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ចាប់ផ្តើម​បង្កើត​ទំនាក់ទំនង​ជាធម្មតា​ឡើងវិញ បន្ទាប់ពី​ការធ្វើ​រដ្ឋប្រហារ​នេះ​។​

​លោក ដុន ប្រា​មុត​វី​ណៃ រដ្ឋមន្ត្រីការបរទេស​ថៃ​បាន​និយាយប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​នឹងមាន​ការពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក​ដូ​ណា​ល់ ត្រាំ អំពី​ពាណិជ្ជកម្ម ការវិនិយោគ សន្តិសុខ​យោធា និង​ស្ថានភាព​តំបន់ ដែលជា​បញ្ហា​ដ៏​ធំ​”៕ ដោយ៖ សុខា

លោក រិច ធី​ល​ល័​រ​សុន ចាប់ដៃ​ស្វាគមន៍ ជាមួយ លោក ប្រា​យុទ្ធ ចាន់​អូ​ចា នៅ​វិមាន​រដ្ឋាភិបាល នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​៨​ខែសីហា​ឆ្នាំ​២០១៧