នាយករដ្ឋមន្ត្រី​ថៃ ប្រា​យុទ្ធ និយាយថា លោក​បញ្ជូន​ក្រុមមន្ត្រី​ឱ្យទៅ​តាមរក​កន្លែង​លាក់ខ្លួន​របស់លោក​ស្រី យី​ង​ឡាក់​

1172
ចែករម្លែក

លោក​ប្រា​យុទ្ធ​ចាន់ អូ​ចា នាយករដ្ឋមន្ត្រី​ថៃ បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែសីហា​ថា លោក បាន​បញ្ជូន ក្រុមមន្ត្រី​ច្រើន​នាក់​ឱ្យទៅ​តាមរក​កន្លែង​លាក់ខ្លួន​របស់​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ បន្ទាប់ពី លោកស្រី​បាន​ខកខាន​ក្នុងការ​បង្ហាញខ្លួន​នៅ​តុលាការ​កំពូល​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​អំពី​ការ​វិនិច្ឆយ​ទោស​របស់​លោកស្រី អំពី​ការប្រព្រឹត្ត​ខុសច្បាប់​និង​ភាពមិនស្មោះត្រង់​
​ខណៈដែល​លោកស្រី​កាន់អំណាច​នោះ​។​

​ការខកខាន​របស់ លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ ក្នុងការ​បង្ហាញខ្លួន​តា​ម​ការគ្រោងទុក​របស់​តុលាការ​នៅ​ម៉ោង​៩​ព្រឹក នៅ​ថ្ងៃ​សុក្រ​ទី​២៥​ខែសីហា​នេះ បាន​នាំឱ្យមាន​ការចេញ​ដីការ​ចាប់ខ្លួន​លោកស្រី និង រឹបអូស​យកប្រាក់​ចំនួន​៣០​ពាន់​លាន​បាត​ដែល​ទុក​សម្រាប់​ការធានា​នៅក្រៅ​ឃុំ​របស់​លោកស្រី​។​

​លោក​ប្រា​យុទ្ធ​ចាន់ អូ​ចា បាន​និយាយថា “​ខ្ញុំ​បាន​ចាត់តាំង​ក្រុមមន្ត្រី​ច្រើន​នាក់​ដើម្បីឱ្យ​ពិនិត្យមើល តាម​ច្រក​ផ្លូវ​និង​ផ្លូវចេញចូល​ជាធម្មតា ព្រមទាំង​ឱ្យ​តាមរក​កន្លែង​ណា​ដែល លោកស្រី ស្ថិតនៅ​”​។​

​លោក ប្រា​យុទ្ធ​ចាន់ អូ​ចា បាន​និយាយថា លោក មិនដឹង​ទេ​ថា​តើ​លោកស្រី​នៅ​ស្ថិត​នៅឡើយ​ក្នុងប្រទេស​នេះ ឬ បានចេញ​ទៅហើយ​នោះទេ ។​

​លោក​បាន​បន្ថែមថា លោក​មានការ​សប្បាយចិត្ត នៅពេលដែល កាលពីពេល​មុននេះ លោក​ត្រូវបាន​ប្រាប់​ដំណឹង​ថា លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់ នឹង​ស្ថិតនៅ​តុលាការ​ដើម្បី​ស្តាប់​ការប្រកាស​សាលក្រម​នេះ​៕ ដោយ៖ សុខា

​អតីត​នាយករដ្ឋមន្ត្រី លោកស្រី យី​ង​ឡាក់ ស៊ីណា​វ៉ា​ត់