នាយករដ្ឋមន្ត្រី​ថៃ សុំ​អង្វរ​អោយ​កាត់បន្ថយ​ការប្រើ​ប្រេងម៉ាស៊ូត​

403
ចែករម្លែក

នាយករដ្ឋមន្ត្រី ថៃ​លោក​ប្រា​យុទ្ធ ចាន​អូ​ចា បាន​ស្នើសុំ​អ្នកបញ្ជា​យានជំនិះ​កុំ​ប្រើ​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​នៅក្នុង​ក្រុង​បាងកក​និង​បណ្តា​ខេត្ត​ជុំវិញ ដើម្បី​បន្ទាប​កម្ទេចធូលី​មហា​​តូច​ល្អិត​នៅក្នុង​ខ្យល់អាកាស​ក្នុង​ក្រុង​និង​ខេត្ត​ជុំវិញ​ដែល​គ្រោះថ្នាក់​ដល់​សុខភាព​មនុស្ស​។​

​វិធានការ​ធំៗ​ដូចជា​បិទ​សាលារៀន​រាប់រយ និង​បាញ់​ចំហាយ​ទឹក​ចូលក្នុង​បរិយាយ​កាស​នៅតែ​មិនអាច​បំបាត់​ផ្សែង​អ័ព្ទ​គ្រប់​លើ​ទីក្រុង និង​កំរិត​កម្ទេចធូលី​PM2.5 បាន​ធ្លាក់​​ចុះ​តិចតួច​តែ​ស្ថិតក្នុង​កំរិត​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​ដដែល ជាហេតុ​នាំអោយ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន​អូ​ចា ចេញ​ការអំពាវនាវ​ដល់​អ្នក​ប្រើ​យានយន្ត​ដូច្នេះ​ថា​«​ប្រ​​ជា​ជន​ថៃ​ជាទី​ស្នេហា ទោះជា​ប្រកាន់យក​ដំណោះស្រាយ​រយៈពេល​ខ្លី​មួយចំនួន ស្ថានភាព​PM2.5 មិនបាន​ល្អប្រសើរ​ឡើង​ទេ​។​ការ​នៅ​ដដែល​នេះ​មកពី​ការបញ្ចេញ​​ផ្សែង​នៃ​ម៉ាស៊ីន​ប្រើ​ម៉ា​ស៊ូ​ត​នៅ​បាងកក​គួបផ្សំ​នឹង​អាកាស​ធាតុខ្យល់​មិន​ហូរ​។​រដ្ឋាភិបាល​សុំអោយ​សាធារណជន​សហការ ដោយ​កុំ​ប្រើ ឬ​កំហិត​ការប្រើ​រថយន្ត​ប្រើ​​ម៉ា​ស៊ូ​ត​មួយ​រយៈពេល​នៅ​ក្រុង​បាងកក​និង​ខេត្ត​ជិតៗ​»​។​

​លោក​បាន​បន្ថែមថា ជាការ​ពិតណាស់​ផ្សែង​របស់​រថយន្ត​ប្រើ​ម៉ា​ស៊ូ​ត​ចូល​ចំណែក​ក្នុង​ការបង្ក​ផ្សែង​កំទេចធូលី​រីឯ​បណ្តា​រោងចក្រ​មិនត្រូវ​បន្ទោស​ទេ​ដោយសារ​ការត្រួត​​ពិនិត្យ​បង្ហាញថា​វា​មិន​បង្ក​ធូលី​PM2.5​ទេ​។​

​ក្នុងពេល​ជាមួយគ្នា បណ្តា​ក្រុមហ៊ុន​ឯកជន​នៅ​បាងកក អនុញ្ញាតអោយ​បុគ្គលិក​និយោជិត​របស់គេ ជាពិសេស​អ្នកមាន​ជម្ងឺ​និង​ស្ត្រី​មាន​ផ្ទៃពោះ​អាចធ្វើ​ការ​នៅផ្ទះ​ដើម្បី​កុំ​​អោយ​រង​ផ្សែង​អ័ព្ទ​តាម​ដងផ្លូវ​៕​ដោយ​៖​វាសនា​