នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប៉ា​គី​ស្ថាន​ប្រឈម​តេស្ត​សមត្ថភាព​ដោះស្រាយ​បញ្ហា​ជាតិ​ធំៗ​ជាច្រើន​

4487
ចែករម្លែក

​លោក អ៊ី​ម​រ៉ា​ន់ ខាន់ ត្រូវបាន​បោះឆ្នោត​ជាប់​ជា​នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​សុក្រ​ទី​១៧​សីហា គឺ​ជាង​២​ទសវត្សរ៍​បន្ទាប់ពី​បង្កើត​គណបក្សនយោបាយ​ផ្ទាល់​របស់លោក​។ បន្ទាប់ពី​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ​សៅរ៍ អតីត​កីឡា​ករគ្រី​ឃី​ត​រូបនេះ​នឹង​អង្គុយ​ទល់មុខ​នឹង​បញ្ជីរាយនាម​បញ្ហា​ប្រឈម​ដ៏​វែង​នៅលើ​តុ​ការិយាល័យ​របស់គាត់​។​

​គណបក្ស​ប៉ា​គី​ស្ថាន​ថេរី​ក​អេ​អ៊ី​សា​ហ្វ (PTI) របស់លោក​ខាន់​បានឈ្នះ​អាសនៈ​ច្រើនជាងគេ​នៅក្នុង​ការបោះឆ្នោត​កាល​ថ្ងៃទី ២៥ ខែកក្កដា ប៉ុន្តែ​មិន​គ្រប់គ្រាន់​សម្រាប់​សំឡេង​ភាគច្រើន​នោះទេ​។ បច្ចុប្បន្ន គណបក្ស PTI មានការ​គាំទ្រ​គ្រប់គ្រាន់​នៅក្នុង​រដ្ឋសភា​ដើម្បី​បង្កើត​រដ្ឋាភិបាល ហើយ​លោក​ខាន់​អាយុ ៦៥ ឆ្នាំ​បាន​សន្យាថា​នឹង​បង្កើត “​ប៉ា​គី​ស្ថាន​ថ្មី​” មួយ​។​

​ដូច្នេះ​តើ​មាន​បញ្ហា​ប្រឈម​ចម្បង​អ្វីខ្លះ​នៅ​ប៉ា​គី​ស្ថាន ហើយ​តើ​លោក​ខាន់​គ្រោង​នឹង​ដោះស្រាយ​បញ្ហា​ទាំងនោះ​យ៉ាងដូចម្តេច​?

១. តុល្យភាព​នៃ​ការទូទាត់​

​លោក​ខាន់​បាន​និយាយ​លើ​ធ្វី​ត​ធឺ​កាលពី​ថ្ងៃទី ១៤ សីហា​ថា ប៉ា​គី​ស្ថាន​ប្រឈមមុខ​នឹង “​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ដោយសារតែ​អំពើពុករលួយ​និង​បក្ខពួកនិយម​”​។ ឱនភាព​ថវិកា​របស់​ប៉ា​គី​ស្ថាន​បាន​កើនឡើង​ពី ៤​ភាគរយ ទៅ ១០​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លងទៅនេះ ហើយ​ទុនបម្រុង​បរទេស​បាន​កំពុង​ថយចុះ ដូច្នេះ​ប៉ា​គី​ស្ថាន​គឺ​កំពុង​ប្រឈម​នឹង​បញ្ហា​តុល្យភាព​នៃ​ការទូទាត់​យ៉ាងធ្ងន់ធ្ងរ​។ ក្រុមហ៊ុន​ចាត់ថ្នាក់​បំណុល Fitch Ratings បាន​ព្រមាន​ថា មាន “​ពេលវេលា​តិចតួច​ណាស់​” ក្នុង​ការធ្វើសកម្មភាព ហើយ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​លោក អាសាដ អ៊ូ​ម៉ា បាន​និយាយថា ប៉ា​គី​ស្ថាន​ត្រូវ​ការប្រាក់ ១២ ពាន់​លាន​ដុល្លារ​ដើម្បី​បំពេញ​ចន្លោះ​ខ្វះខាត​នេះ​។ លោក​ខាន់​កំពុង​ពិចារណា​សុំ​ប្រាក់កម្ចី​ពី​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ឬ​បណ្តា​ប្រទេស​ដទៃទៀត​ហើយ​ចង់​បង្កើន​លំហូ​ប្រាក់​ផ្ញើ​ពី​ជនជាតិ​ប៉ា​គី​ស្ថាន​រស់នៅ​បរទេស និង​លើកកម្ពស់​បរិយាកាស​ធុរកិច្ច​។​

​តើ​លោក​ខាន់​និយាយ​អ្វីខ្លះ​? “​ប្រទេស​ប៉ា​គី​ស្ថាន​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​សេដ្ឋកិច្ច​ដ៏​ធំ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់ខ្លួន​”​។​

២. សុខុមាលភាព​និង​ភាពក្រីក្រ​

​លោក​ខាន់​បាន​បង្កើត​នូវ​ការសន្យា​ជាច្រើន​លើ​វិធានការ​សុខុមាលភាព​និង​ការ​ប្រឆាំងនឹង​ភាពក្រីក្រ​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​បក្ស PTI រាប់​ចាប់ពី​ការបង្កើត​ការងារ​ចំនួន ១០ លាន​និង​កសាង​ផ្ទះ​តម្លៃថោក​ចំនួន ៥ លាន​ខ្នង​រហូតដល់​ការបង្កើត “​រដ្ឋ​សុខុមាលភាព​អ៊ីស្លាម​” ។ ផែនការ​នេះ​តម្រូវឱ្យមាន​ការចំណាយ​សាធារណៈ​ជាច្រើន​លើ​វិស័យ​សុខាភិបាល​និង​អប់​រំហើយ​ការចំណាយ​សំខាន់ៗ​អាច​នឹងមាន​លក្ខណៈ​ស្មុគស្មាញ ដោយហេតុថា​បច្ចុប្បន្នកំពុង​មាន​អតុល្យភាព​នៃ​ការទូទាត់ បើទោះបីជា​សេដ្ឋកិច្ច​លូតលាស់​យ៉ាង​ឆាប់រហ័ស​ក៏ដោយ​។ លោក​បាន​សន្យាថា​នឹង​កែទម្រង់​សហគ្រាស​រដ្ឋ​និង​ប្រព័ន្ធ​ពន្ធដារ​ផងដែរ​។​

​តើ​លោក​ខាន់​និយាយ​អ្វីខ្លះ​? “​ការយកចិត្តទុកដាក់​ទាំងស្រុង​របស់​យើង​គឺ​ផ្តោតទៅលើ​ការអភិវឌ្ឍ​ធនធានមនុស្ស​។ ប្រជាជាតិ​មួយ​មិនត្រូវ​បានទទួល​ស្គាល់​ដោយសារ​របៀប​ដែល​ពួក​ឥស្សរជន​របស់​ពួកគេ​រស់នៅ​សុខ​ស្រួល​កម្រិតណា​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​ទទួលស្គាល់​តាមរ​យៈ​របៀប​ដែល​ប្រជាជាតិ​នោះ​អាច​លុបបំបាត់​ភាពក្រីក្រ​របស់ខ្លួន​”​។​

៣. ការបង្ក្រាប​អំពើពុករលួយ​

​ការបង្ក្រាប​អំពើពុករលួយ​គឺជា​ចំណុច​ស្នូល​នៃ​យុទ្ធនាការ​បោះឆ្នោត​របស់​លោក​ខាន់ ហើយ​លោក​បានកំណត់​យក​អំពើ​ពុករលួយ​ជា​ប្រភព​នៃ​បញ្ហា​សេដ្ឋកិច្ច​របស់​ប៉ា​គី​ស្ថាន​។ គាត់​បាន​និយាយ​ខ្លាំងៗ​ប្រឆាំងនឹង​អ្នកនយោបាយ​ត​ពូ​ជត​ជំនាន់ និង បាន​ប្តេជ្ញា​ជំរុញឱ្យមាន​តែ​បេក្ខជន “​ស្អាតស្អំ​” ។ កងកម្លាំង​ប៉ូលិស​ឯករាជ្យ កំណែទម្រង់​ប្រព័ន្ធតុលាការ​ទូលំទូលាយ និង​វិធីសាស្ដ្រ​ឥត​មេត្តា​ចំពោះ​អំពើពុករលួយ ដែល​រួមបញ្ចូល​ទាំង​ការធ្វើឱ្យ​ការិយាល័យ​គណនេយ្យភាព​ជាតិ​មាន “​ស្វ័យភាព​” គឺ​ស្ថិតនៅ​ក្នុងចំណោម​ផែនការ​ជាច្រើន​របស់គាត់​។​

​តើ​លោក​ខាន់​និយាយ​អ្វីខ្លះ​? “​ខ្ញុំ​នឹង​ណែនាំ​ប្រព័ន្ធ​ថ្មី​មួយ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើពុករលួយ​ដែលជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​នៅក្នុង​ប្រទេស បន្ទាប់ពី​ខ្ញុំ​ចូលកាន់​អំណាច​”​។​

៤. ការវិនិយោគ​ក្រៅប្រទេស​

​សេដ្ឋកិច្ច​ប៉ា​គី​ស្ថាន​នឹងត្រូវ​បាន​ជួយ​លើកស្ទួយ​យ៉ាងខ្លាំង​តាមរយៈ​ការបង្កើន​ទុន​ពី​បរទេស​និង​ការជំរុញ​វិស័យ​ទេសចរណ៍​ប៉ុន្តែ​ប្រាក់​ពី​បរទេស​បាន​ហូរ​ចូល​ប្រទេស​យឺតយ៉ាវ​ខ្លាំង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ លោក​ខាន់​អះអាងថា​យុទ្ធនា​ការប្រឆាំង​អំពើពុករលួយ​របស់គាត់​និង​រដ្ឋាភិបាល​ស្អាតស្អំ​នឹង​កែលម្អ​មុខមាត់​របស់​ប្រទេស​នៅលើ​ឆាក​អន្តរជាតិ​និង​នាំឱ្យមាន​ការវិនិយោគ​កើនឡើង​។ ប្រវត្តិរូប​ល្បីល្បាញ​លើ​ឆាក​អន្តរជាតិ​របស់គាត់​ប្រហែលជា​អាចជួយ​បាន​។​

​តើ​លោក​ខាន់​និយាយ​អ្វីខ្លះ​? “​ទ្រព្យសម្បត្តិ​ដ៏​ធំ​បំផុត​របស់​យើង​គឺ​ប្រជាជន​ប៉ា​គី​ស្ថាន​នៅ​ឯនាយសមុទ្រ ហើយ​យើង​ចង់​បង្កើត​បរិយាកាស​មួយ​ដែល​ពួកគេ​គិតថា​ពួកគេ​នឹង​អាច​វិនិយោគ​បាន​នៅទីនេះ​។ អំពើពុករលួយ​គឺជា​ឧបសគ្គ​រារាំង​ដ៏​ធំ​បំផុត​នៅទីនេះ​”​។​

៥. ទឹក​និង​ថាមពល

​យោងតាម​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្ដរជាតិ ប្រទេស​ប៉ា​គី​ស្ថាន​កំពុង​ខិតជិត​ទៅរក​វិបត្តិ​ទឹក​និង​តែង​ដាច់​ចរន្តអគ្គិសនី​ជា​ញឹកញាប់​។ តាម​ការប៉ាន់ប្រមាណ​ជា​ផ្លូវការ​បានបង្ហាញ​ថា​នៅ​ឆ្នាំ ២០២៥ ប្រទេស​នេះ​នឹងមាន​បរិមាណ​ទឹក​តិចជាង ៥០០ ម៉ែត្រគូប​សម្រាប់​មនុស្ស​ម្នាក់ៗ​។ បច្ចុប្បន្ន មនុស្ស​ម្នាក់ៗ​ត្រូវការ​ទឹក ១០០០ ម៉ែត្រគូប​។​

​តើ​លោក​ខាន់​និយាយ​អ្វីខ្លះ​? “​ការ​ស្តុក​ទឹក​ទុក តាមរយៈ​ការសាងសង់​ទំនប់​បា​សា​និង​ការកែច្នៃ​ទឹក​ប្រើ​ឡើងវិញ គឺជា​អាទិភាព​”​។​

៦. ប្រទេស​ឥណ្ឌា​

​ប៉ា​គី​ស្ថាន​និង​ឥណ្ឌា​មាន​ជម្លោះ​ជា​យូរអង្វែង​នឹង​គ្នា​ហើយ​លោក​ខាន់មិនបាន​យឺតយ៉ាវ​ក្នុងការ​បញ្ចេញ​វោហា​សាស្ត្រ​ធ្ងន់ៗ​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នោះឡើយ ហើយ​គាត់​ថែមទាំង​បាន​ចោទប្រកាន់​ឥណ្ឌា​ថា​បានធ្វើឱ្យ​រូបគាត់​ក្លាយជា​តួ​កំណាច​ក្នុង​បូលីវូដ​។ ប្រវត្តិ​កីឡា​គ្រី​ឃី​ត​របស់គាត់​អាចជួយ​គាត់​កសាង​ទំនាក់ទំនង​បាន ប្រសិនបើ​គាត់​ចង់ ព្រោះ​គាត់​គឺជា​កំពូល​តារា​មួយ​ដួង​នៅក្នុង​កីឡា​គ្រី​ឃី​ត​ដ៏​លេចធ្លោ​របស់​ឥណ្ឌា​អស់​រយៈពេល​២​ទសវត្សរ៍ ហើយ​វីរបុរស​គ្រី​ឃី​ត​ឥណ្ឌា​ជាច្រើនរូប​ត្រូវបាន​រំពឹង​ចូលរួម​ក្នុង​ពិធី​ស្បថ​កាន់អំណាច​របស់លោក​ខាន់​។​

​តើ​លោក​ខាន់​និយាយ​អ្វីខ្លះ​? “​ប្រសិនបើ​ឥណ្ឌា​ឈាន​ជើង​មួយ​ជំហាន​មករក​យើង យើង​នឹង​ឈាន​២​ជំហាន​ទៅរក​ពួកគេ​វិញ​”​។​

៧. សហរដ្ឋអាមេរិក​

​កាលពី​សប្តាហ៍​មុន​លោក​ខាន់​បាន​អំពាវនាវ​ឱ្យមាន​ទំនាក់ទំនង “​គួរឱ្យ​ទុកចិត្ត​” បន្ថែមទៀត​ជាមួយ​សហរដ្ឋអាមេរិក ហើយ​បាន​និយាយ​ប្រឆាំងនឹង​វ៉ាស៊ីនតោន​ជា​ទៀងទាត់​អំឡុង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​។ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ក​កំ​ហុង​កាលពី​ខែមករា​ដោយ​ចោទប្រកាន់​ប៉ា​គី​ស្ថាន​ថា “​លេងល្បែង​២” ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ភេរវកម្ម ហើយ​បាន​ព្យួរ​ជំនួយ​សន្តិសុខ​ដល់​ប្រទេស​នេះ​។​

​តើ​លោក​ខាន់​និយាយ​អ្វីខ្លះ​? “​ទាក់ទង​នឹង​អាមេរិក យើង​ចង់​ធ្វើការ​លើ​គោលនយោបាយ​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញទៅមក​។ មិនមែនជា​ទំនាក់ទំនង​តែ​ម្ខាង​នោះទេ​។ វា​ចាំបាច់​ត្រូវតែមាន​តុល្យភាព​”​។​

៨. អា​ហ្វ​ហ្គា​នី​ស្ថាន​

​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ទំនាក់ទំនង​របស់​ប៉ា​គី​ស្ថាន​ជាមួយ​ប្រទេសជិតខាង​អា​ហ្វ​ហ្គា​នី​ស្ថាន​កំពុងដំណើរការ ហើយ​លោក​ខាន់​ចង់​ជំរុញ​ដំណើរការ​នេះ​ឱ្យ​លឿន​និង​ជំរុញឱ្យមាន​ស្ថិរភាព​នៅក្នុង​ប្រទេសជិតខាង​នេះ​តាមរយៈ “​ការចូលរួម​ផ្នែក​នយោបាយ​ដែល​អាច​សម្រេច​ទៅបាន​”​។​

​តើ​លោក​ខាន់​បាន​សន្យា​អ្វីខ្លះ​? “​ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ត្រូវការ​សន្តិភាព ហើយ​ប៉ា​គី​ស្ថាន​ចង់បាន​សន្តិភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ យើង​ចង់​ធ្វើការ​តាម​គ្រប់​មធ្យោបាយ​ដើម្បី​ធានា​សន្តិភាព​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ខ្ញុំ​ចង់ឱ្យមាន​ប្រព័ន្ធ​ព្រំដែន​បើកទូលាយ​ដូច​សហភាព​អឺរ៉ុប​ជាមួយ​អា​ហ្វ​ហ្គា​នី​ស្ថាន​”៕ ដោយ៖ កញ្ញាដាលីស

​ប្រភព​៖ CGTN

លោក អ៊ី​ម​រ៉ា​ន់ ខាន់ នាយករដ្ឋមន្ត្រី​ថ្មី​របស់​ប៉ា​គី​ស្ថាន
#