នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីការបរទេស​ចិន​ផ្ញើលិខិត​អបអរ​កម្ពុជា​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

269
ចែករម្លែក
នាយករដ្ឋមន្ត្រី​និង​រដ្ឋមន្ត្រីការបរទេស​ចិន​ផ្ញើលិខិត​អបអរ​កម្ពុជា​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​ជាតិ​៩​វិច្ឆិកា​

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំពេញៈ​នៅ ថ្ងៃទី ៩ ខែវិច្ឆិកា លោក​លី ខឹ​ឈាំ​ង​( Li Keqiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​ផ្ញើ​សារលិខិត​ជូនពរ​និង​អបអរ​សាទរ​យ៉ាង​កក់​ក្តៅ​ដល់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុងឱកាស​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា​ខួប​លើក​ទី ៦៦​។​


លោក​លី ខឹ​ឈាំ​ង បាន​ថ្លែង​ក្នុង​លិខិត​ថា ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ សង្គម​កម្ពុ​ជាមាន​ស្ថិរភាព សេដ្ឋកិច្ច​អភិវឌ្ឍន៍​ទៅមុខ​ជីវភាព​រស់នៅ​របស់​ប្រជាជន​បន្ត​កែលម្អ​ឥតឈប់​ឈរ​ហើយ​ឋានៈ​លើ​ឆាក​អន្តរជាតិ​បាន​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ក្នុងនាម​ជា​មិត្ត​ល្អ​និង​មិត្ត​ពិតប្រាកដ​ប្រទេស​ចិន​មាន​ទឹកចិត្ត​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង​ចំពោះ​ការ​នេះ​។ ចិន​និង​កម្ពុជា​ជា​ប្រទេសជិតខាង​ប្រពៃណី​កិច្ចសហប្រតិបត្តិការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ក្នុង​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំង​ពីរបាន​នាំមក​នូវ​លទ្ធផល​ជាក់ស្តែង​ដល់​ប្រជាជន​ប្រទេស​ទាំងពីរ​។ ខ្ញុំ​មាន​ឆន្ទៈ​ជំរុញ​ឱ្យ​ទំនាក់ទំនង​ដៃគូ​កិច្ចសហ​ប្រតិបត្តិ​ការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន​និង​កម្ពុជា ឈាន​លើ​ជំហាន​ថ្មី​ឥតឈប់ឈរ​។​


ថ្ងៃ​ដដែល លោក វ៉ាង យី​(Wang Yi) សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​ក៏បាន​ផ្ញើ​សារលិខិត​ជូនពរ​និង​អបអរសាទរ​ដល់​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ផងដែរ​។ លោក Wang Yi បាន​ថ្លែង​ក្នុង​សារលិខិត​ថា ទំនាក់ទំនង​ចិន​-​កម្ពុជា​បាន​អភិវឌ្ឍន៍​យ៉ាង​ល្អប្រសើរ ។ ប្រទេស​ទាំងពីរ​មាន​ទំនុកចិត្ត​ខាង​នយោបាយ​កម្រិត​ខ្ពស់​ហើយ​កិច្ចសហប្រតិបត្តិការ​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ជាច្រើន​អនេក​និង​មានការ​សម្របសម្រួល​គ្នា​យ៉ាង​ជិតស្និត​ក្នុង​កិច្ចការ​ពហុភាគី​។ ខ្ញុំ​មាន​ឆន្ទៈ​បន្ត​ខិតខំ​ប្រឹងប្រែង​រួមគ្នា​តទៅទៀត​ដើម្បី​អនុវត្ត​ឱ្យបាន​ល្អ​នូវ​មតិ​ឯកភាព​ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរបាន​ដើរ​ដល់​និង​ជំ​រុញឱ្យ​ទំនាក់ទំនង​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​យើង​ទាំងពីរ​កាន់តែ​ស៊ីជម្រៅ​៕សរន

(រូបថតរស្មីកម្ពុជា)