នាយករដ្ឋមន្ត្រី​នូវែល​សេឡ​ង់​ថា មិន​មាន​ព័ត៌មាន​ចារកម្ម​បង្ហាញថា​ការវាយប្រហារ​នៅ​ស្រីលង្ការ​ជាប់​ពាក់ព័ន្ធ​នឹង​ក្រៃ​ឈឺ​ច​

146
ចែករម្លែក

​នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់ លោកស្រី ចា​ស៊ីន​ដា អា​ដឺ​ន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​២៤​មេសា​ថា រដ្ឋាភិបាល​របស់​លោក​ស្រី​មិន​បានដឹង​ព័ត៌មាន​ចារកម្ម​ណាមួយ​ដែល​បង្ហាញ​ថា ការវាយប្រហារ​ភេរវកម្ម​ក្នុងអំឡុងពេល​បុណ្យ​អ៊ី​ស្ទឺ សាន់ដេ កាលពី​ចុង​សប្តាហ៍​នៅ​ក្នុងប្រទេស​ស្រីលង្ការ​ជាការ​សងសឹក​ចំពោះ​ការបាញ់ប្រហារ​សម្លាប់​ម​នុស្ស​រង្គាល​នៅ​ព្រះវិហារ​​អ៊ីស្លាម​នៅ​ក្រុង​ក្រៃ​ឈឺ​ច ប្រទេស​នូវែ​លសេ​ឡង់​កាលពី​ខែ​មុន​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ស្រីលង្ការ លោក​រូ​វ៉ាន់ វី​ចេវ៉ា​ដែន បាន​ប្រាប់​សភា​កាលពី​ថ្ងៃ​អង្គារ​ថា ការស៊ើបអង្កេត​ជំហាន​ដំបូង​បង្ហាញថា ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ព្រះវិហារ​គ្រិស្ត​និង​សណ្ឋាគារ​​ដែល​បាន​សម្លាប់​មនុស្ស​៣២១​នាក់ ត្រូវបាន​ធ្វើឡើង​ជា​ការ​សងសឹក​ការបាញ់សម្លាប់​ជន​អ៊ីស្លាម​នៅ​វិហារ​អ៊ីស្លាម​ចំនួន​២​នៅ​នូវែល​សេឡ​ង់​កាលពី​ថ្ងៃ​១៥​មីនា​។​

​ទោះជា​យ៉ាងណា អ្នកជំនាញ​និង​អ្នកវិភាគ បាន​ចោទ​ជា​សំណួរ​ថា​តើ​ការវាយប្រហារ​ដោយ​សហការ​គ្នា​បាន​យ៉ាង​ល្អ​នេះ​អាច​ត្រូវ​រៀបចំ​ឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី​មួយ​បាន​ដែរឬទេ​។​

​លោកស្រី​អា​ដឺ​ន បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​ក្រុង​អូក​លឹន​ថា​« យើង​មិន​បាន​ទទួល​អ្វីមួយ​ផ្លូវការ និង​ក៏​មិន​បាន​ទទួល​ព័ត៌មាន​ចារកម្ម​ណាមួយ​ដែល​បញ្ជាក់​ពី​អ្វី​ដែល​គេ​​បាន​លើកឡើង​នៅ​ស្រីលង្ការ​។​ស្រីលង្ការ​ស្ថិតនៅ​ដំណាក់កាល​ស៊ើបអង្កេត​ដំបូង​ខ្លាំងណាស់​។​ដូច្នេះ​យើង​ដកថយ​និង​អនុញ្ញាត​អោយ​គេ​ធ្វើការ​ស៊ើបអង្កេត តែ​យើង​មិនមាន​អ្វី​​ទេ​នៅ​ដំណាក់កាល​នេះ ដើម្បី​បញ្ជាក់​អ្វី​ដែល​គេ​បាន​និយាយ​»​។​

​មុន​នេះ​កាលពី​ថ្ងៃ​អង្គារ ក្រុម​រដ្ឋ​អ៊ីស្លាម​(IS)​បាន​ចេញ​មក​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​ស្រីលង្ការ​និង​បានបង្ហាញ​ជន​វាយប្រហារ​បិទមុខ​ស្លៀកពាក់​ខ្មៅ​៧​នាក់​​តែ​មិន​បាន​បង្ហាញ​អ្វី​អោយ​លម្អិត​ទេ​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី​ស្រីលង្ការ បាន​ប្រាប់​សន្និសីទកាសែត​ថា ពួក​អ្នក​ស៊ើបអង្កេត​បានធ្វើអោយ​មាន​ការរីកចំរើន​នៅក្នុង​ការកំណត់​អត្តសញ្ញាណ​ជន​វាយប្រហារ​​និង​ជឿថា អាច​មាន​ការជាប់​ពាក់ព័ន្ធ​នឹង​IS​។​

​រដ្ឋមន្ត្រី​ការពារជាតិ​ស្រីលង្ការ លោក​រូ​វ៉ាន់ វី​ចេវ៉ា​ដែន បាន​ប្រាប់​សភា​ថា មាន​ក្រុម​អ៊ីស្លាម​ជ្រុលនិយម​ស្រីលង្កា​២ គឺ​National Thawheed Jama’ut និង Jammiyathul Millathu Ibrahim ទទួលខុសត្រូវ​ចំពោះ​ការ​បំផ្ទុះ​គ្រាប់​កាលពី​ថ្ងៃអាទិត្យ​៕​ដោយ​៖​វាសនា​

នាយករដ្ឋមន្ត្រី​នូវែ​លសេ​ឡង់ លោកស្រី ចា​ស៊ីន​ដា អា​ដឺ​ន