នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​ប្តេជ្ញា​រឹតបន្តឹង​ច្បាប់​កាំភ្លើង បន្ទាប់ពី​ការសម្លាប់​រង្គាល​នៅ​វិហារ​អ៊ីស្លាម​

278
ចែករម្លែក
  • 43
    Shares

​នាយករដ្ឋមន្ត្រី​នូ​វែ​ល​សេ​ឡង់​បាន​ប្តេជ្ញា​ពង្រឹង​ច្បាប់​កាំភ្លើង​របស់​ប្រទេស​បន្ទាប់ពី​លាតត្រដាង​កាលពី​ថ្ងៃ​សៅរ៍​ទី​១៦​មីនា​ថា បុរស​ម្នាក់​ដែល​គេ​ចោទប្រកាន់​ពីបទ​សម្លាប់​មនុស្ស ៤៩ នាក់​នៅក្នុង​វិហារ​អ៊ីស្លាម​ចំនួន​ពីរ បាន​ទិញ​អាវុធ​ស្របច្បាប់​សម្រាប់​ប្រើ​នៅក្នុង​ការសម្លាប់​រង្គាល​នេះ​។​

​លោកស្រី ចា​ស៊ីន​ដា អា​ឌឺ​ន (Jacinda Ardern) បាន​និយាយថា ខ្មាន់កាំភ្លើង​អាយុ ២៨ ឆ្នាំ​ជនជាតិ​អូស្ត្រាលី​ឈ្មោះ ប្រេន​តុ​ន ថា​រ៉ា​ន់ (Brenton Tarrant) បានទទួល​អាជ្ញាប័ណ្ណ​កាំភ្លើង​ប្រភេទ A ក្នុង​ខែវិច្ឆិកា​ឆ្នាំ ២០១៧ ហើយ​បានចាប់ផ្តើម​ទិញ​អាវុធ​៥​ដើម​ដែល​ប្រើ​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​មីនា​នៅក្នុង​ទីក្រុង​ក្រៃ​ឈឺ​ច (Christchurch)​។​

​ថ្លែង​ទៅកាន់​អ្នកកាសែត​ក្នុង​ទីក្រុង​វែ​ល​លីង​តុ​ន មុនពេល​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ក្រៃ​ឈឺ​ច លោកស្រី​នាយករដ្ឋមន្ត្រី​និយាយថា អាវុធ​ទាំង​៥​ដើម​នេះ​រួមមាន​កាំភ្លើង​វែង​ពាក់កណ្តាល​ស្វ័យប្រវត្តិ​២​ដើម​កាំភ្លើងខ្លី​២​ដើម​និង​កាំភ្លើង​វែង​អា​ម៉េ​មួយ​ដើម​។​

​លោកស្រី​បាន​និយាយថា “​ការពិត​…​គឺថា​បុគ្គល​ម្នាក់នេះ​បានទទួល​អាជ្ញាប័ណ្ណ​កាំភ្លើង​និង​អាវុធ​ក្នុង​ប្រភេទ​នេះហើយ​ខ្ញុំ​គិតថា​ប្រជាជន​នឹង​ស្វែងរក​ការផ្លាស់ប្តូរ ហើយ​ខ្ញុំ​ប្តេជ្ញា​ធ្វើ​បែប​នោះ​ឱ្យបាន​។ ខណៈដែល​ការងារ​កំពុង​ត្រូវបាន​ធ្វើឡើង​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ដែល​នាំទៅរក​ទាំង​ការកាន់កាប់​អាជ្ញាប័ណ្ណ​កាំភ្លើង​និង​ការកាន់កាប់​អាវុធ ខ្ញុំ​អាច​ប្រាប់​អ្នក​ពី​រឿង​មួយ​នៅពេលនេះ​បាន គឺ ច្បាប់​កាំភ្លើង​របស់​យើង​នឹងត្រូវ​ផ្លាស់ប្តូរ​”​។​

​លោកស្រី​បាន​បញ្ជាក់ថា​ខ្មាន់កាំភ្លើង​និង​គូកន​សង្ស័យ​២​នាក់​ទៀត​ដែល​ត្រូវបាន​ចាប់ខ្លួន​ផង​ដែរនោះ​មិនបាន​ស្ថិតនៅលើ​ការតាមដាន​របស់​ទីភ្នាក់ងារ​ស៊ើបការណ៍​ណាមួយ​ទេ ទោះបីជា​គាត់​បាន​បង្ហោះ​សារ​នៅលើ​អន​ឡាញ​ដោយ​បង្ហាញ​ពី​ផែនការ​វាយប្រហារ​ទៅលើ​មូស្លីម​ក៏ដោយ​។​

​លោកស្រី​បាន​និយាយថា “​ពួកគេ​មិនបាន​ស្ថិតនៅលើ​បញ្ជី​តាមដាន​ណាមួយ​នៅទីនេះ​ឬ​នៅ​ប្រទេស​អូស្ត្រាលី​ឡើយ​”​។​

​លោកស្រី​បាន​បន្ថែមថា “​បុគ្គល​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាត​កម្មនេះ​មិនបាន​ស្ថិតក្នុង​ការចាប់អារម្មណ៍​របស់​សហគមន៍​ស៊ើបការណ៍​សម្ងាត់​ឬ​ប៉ូលិស​នោះទេ​។ ខ្ញុំ​បានស្នើ​សុំឱ្យ​ភ្នាក់ងារ​របស់​យើង​ធ្វើ​ការងារ​ឱ្យបាន​ឆាប់រហ័ស​ដើម្បី​វាយតម្លៃថា​តើ​មាន​សកម្មភាព​ណាមួយ​នៅលើ​បណ្តាញ​សង្គម​ឬ​បើ​មិន​ដូច្នោះ​ទេ​ត្រូវតែមាន​ការឆ្លើយតប​ភ្លាម​។ ការងារ​នោះ​កំពុងដំណើរការ​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​អា​ឌឺ​ន​និយាយថា​ខ្មាន់កាំភ្លើង​មាន​អាជ្ញាប័ណ្ណ​កាំភ្លើង​ស្របច្បាប់