នាយករដ្ឋមន្ត្រី​នេ​ប៉ាល់​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​សប្តាហ៍​ក្រោយ​

905
ចែករម្លែក
លោក​ខេ ភី សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ (​រូប​ថ​តៈ​ឯកសារ​)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ លោក​ខេ ភី សា​ម៉ា អូ​លី (The Rt. Hon’ble K. P. SharmaOli)​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រកម្ពុជា​ពីថ្ងៃ​ទី​១៣-១៥ ខែឧសភា​ខាងមុខ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៩​។​
​ ​

ក្រសួងការបរទេស​បាន​បន្ត​ឲ្យ​ដឹង​ថា ក្នុងឱកាស​ស្នាក់នៅ​និង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ​លោក ខេ ភី សា​ម៉ា អូ​លី នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន ​ប្រធានរដ្ឋសភា​។​លោក​នឹងមាន​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​


​បន្ថែម​ពីនេះ លោក ខេ ភី​សា​ម៉ា​អូ​លី​ ត្រូវបាន​រំពឹងថា​នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ​នៅក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​នេ​ប៉ាល់​។​

ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុងពេល​ទស្សន​កិច្ច​នេះ លោក ខេ ភី សា​ម៉ា​អូ​លី​នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ស្តូប​វិមានឯករាជ្យ​និង​ព្រះ​មណ្ឌប​ព្រះ​បរម​រតន​កោដ្ឋ អតីតព្រះមហាក្សត្រ​កម្ពុ​ជា​។ លោក​ក៏​នឹង​អញ្ជើញ​ទៅ​ទស្សនា​ទីកន្លែង​សំខាន់ៗ​មួយចំនួន​នៅ​រាជធានី​ភ្នំពេញ​។​


​ដំណើរ​ទស្សនកិច្ច​រប​ស់លោក​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ មកកាន់​កម្ពុជា​នាពេល​ខាងមុខនេះ នឹង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​ថែមទៀត​នូវ​ចំណងមិត្តភាព និង​លើកតម្កើង​​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង​វប្បធម៌ រវាង​ប្រទេស​ទាំងពីរ​៕សរន/Ha