នាយករដ្ឋមន្ត្រី​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​

259
ចែករម្លែក

​នាយករដ្ឋមន្ត្រី​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២១​តុលា​ថា លោក​បាន​បរាជ័យ​ក្នុង​ការបង្កើត​រដ្ឋាភិបាល​សំឡេង​ភាគច្រើន​នៅក្នុង​សភា ដោយ​កត់សម្គាល់​នូវ​ឧបសគ្គ​ដ៏​ធំ​សម្រាប់​មេដឹកនាំ​អ៊ីស្រាអែល​រូបនេះ ដែល​ធ្វើឱ្យ​ប្រទេស​នេះ​ធ្លាក់ចូល​ក្នុងដំណាក់កាល​ថ្មី​នៃ​ភាពមិនប្រាកដប្រជា​ផ្នែក​នយោបាយ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា​លោក​បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ដើម្បី​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាមួយ​គូប្រជែង​របស់លោក​គឺ​អតីត​មេបញ្ជាការ​យោធា​លោក​បេន​នី ហ្គា​ន (Benny Gantz) ប៉ុន្តែ​ត្រូវបាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​។ ដោយ​កំពុង​ប្រឈមមុខ​នឹង​ថ្ងៃ​ផុតកំណត់​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា​លោក​កំពុង​ប្រគល់ “​អាណត្តិ​” ឱ្យទៅ​លោក​ប្រធានាធិបតី​រេ​វ​វិ​ន រី​វលី​ន (Reuven Rivlin) ដែល​ឥឡូវនេះ​នឹង​ស្នើ​សុំឱ្យ​លោក​ហ្គា​ន​ព្យាយាម​បង្កើត​រដ្ឋាភិបាលចម្រុះ​។ ទោះយ៉ាងណា លោក​ហ្គា​ន​អាច​នឹង​ប្រឈមមុខ​នឹង​កិច្ចការ​លំបាក​ដូចគ្នា​។​

​ខណៈ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នៅតែ​ធ្វើជា​ប្រធាន​គណបក្ស​លី​គុដ (Likud) របស់គាត់ សេចក្តីប្រកាស​របស់គាត់​បានកត់សម្គាល់​ជា​លើក​ទី ២ នៅ​ឆ្នាំនេះ​ថា​គាត់​មិនអាច​បង្កើត​រដ្ឋាភិបាល​បានទេ​។ ជាមួយ​អគ្គ​រដ្ឋអាជ្ញា​អ៊ីស្រាអែល​គ្រោង​នឹង​សម្រេចចិត្ត​នៅ​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ​ថា​តើ​ត្រូវ​ចោទប្រកាន់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នៅក្នុង​រឿងក្តី​ពុករលួយ​ជា​បន្តទៀត​ឬ​យ៉ាងណា​នោះ មេដឹកនាំ​អ៊ីស្រាអែល​ចាស់វស្សា​រូបនេះ​អាច​នឹងរង​សម្ពាធ​យ៉ាងខ្លាំង​ក្នុង​ការចុះ​ចេញពី​តំណែង​។ គូប្រជែង​ក្នុង​គណបក្ស គឺ​លោក​ហ្គី​ឌា​ន សា (Gideon Saar) បានចង្អុលបង្ហាញ​រួចហើយ​ថា​លោក​នឹង​ប្រជែង​ជាមួយ​លោក​ណេ​តាន់​យ៉ា​ហ៊ូ ប្រសិនបើ​គណបក្ស​លី​គុដ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​។​

​នៅក្នុង​ការបោះឆ្នោតជាតិ​កាលពី​ខែ​មុន លោ​កណេ​តាន់​យ៉ា​ហ៊ូ​មិនបាន​ធានា​នូវ​អាសនៈ ៦១ នៅ​សភា​នោះទេ​។ ប៉ុន្តែ​លោក​រី​វ​លីន​បាន​ផ្តល់ឱកាស​ដំបូង​គេ​ដល់​លោក​ណេ​តាន់​យ៉ា​ហ៊ូ​ដើម្បី​បង្កើត​រដ្ឋាភិបាល ព្រោះ​គាត់​មានការ​គាំទ្រ​ច្រើនជាង គឺ សមាជិកសភា ៥៥ នាក់​ច្រើនជាង​លោក​ហ្គា​ន ដែល​គាំទ្រ​ដោយ​សមាជិកសភា​តែ ៥៤ នាក់​។​

​លោ​កណេ​តាន់​យ៉ា​ហ៊ូ​មុននេះ​សង្ឃឹមថានឹង​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ដ៏​ទូលំទូលាយ​មួយ​ជាមួយ​លោក​ហ្គា​ន ដែលជា​ប្រធាន​គណបក្ស​កណ្តាល​និយម គឺ​បក្ស​ខៀវ​ស​។ ប៉ុន្តែ​លោក​ណេ​តាន់​យ៉ា​ហ៊ូបាន​ទទូចថា សម្ព័ន្ធភាព​របស់លោក​រួមមាន​សម្ព័ន្ធមិត្ត​ប្រពៃណី​របស់លោក ដែល​ប្រមូលផ្ដុំ​ដោយ​ក្រុម​ប្រកាន់​ជំហរ​តឹងរ៉ឹង​និង​គណបក្ស​សាសនា​នានា បាន​ទាក់ទាញ​ការចោទប្រកាន់​ពី​លោក​ហ្គា​ន​ថា រូបលោក​មិនបាន​ចរចា​ដោយស្មោះ​ត្រង់​ទេ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោ​កណេ​តាន់​យ៉ា​ហ៊ូបាន​និយាយថា “​ចាប់តាំងពី​ខ្ញុំ​បានទទួល​អាណ​តិ្ត​មក ខ្ញុំ​បានធ្វើការ​ដោយ​មិន​ខ្លាច​នឿយហត់​ទាំង​នៅ​ទីសាធារណៈ​និង​នៅ​ពីក្រោយ​ឆាក​ដើម្បី​បង្កើត​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​ដ៏​ទូលំទូលាយ​មួយ​។ នោះ​ជា​អ្វីដែល​ប្រជាជន​ចង់បាន​”៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ