នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីរ៉ង់​សម្រាប់​បេសកកម្ម​សម្របសម្រួល​កិច្ចចរចា​អ៊ីរ៉ង់​-​អា​រ៉ាប៊ីសាអូឌីត​

215
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន លោក​អ៊ី​ម​រ៉ា​ន ខាន់ បាន​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​អ៊ីរ៉ង់​កាលពី​ថ្ងៃ អាទិត្យ​ទី​១៣​តុលា​ក្នុង​បេសកកម្ម​ដើម្បី​ដើរតួ​ជា​អ្នក​សម្របសម្រួល​រវាង​រដ្ឋាភិបាល​​ក្រុងតេអេ​រ៉ង់ និង​រដ្ឋាភិបាល​ក្រុង​រី​យ៉ាដ​(​អា​រ៉ាប៊ីសាអូឌីត​)​និង​ព្យាយាម​កាត់បន្ថយ​ភាព​តានតឹង​ដែល​កំពុង​កើនឡើង​នៅក្នុង​ឈូង​សមុទ្រ​។​

​លោក​អ៊ី​ម​រ៉ា​ន ខាន់​បាន​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​អ៊ីរ៉ង់ លោកហាស​សាន រ៉ូ​ហានី នៅ​វិមាន​ប្រធានាធិបតី​ហើយ​ក្រោយមក​បាន​ជួប​ជាមួយ​មេដឹកនាំ​កំពូល​អ៊ីរ៉ង់​លោក​​អាយ៉ា​តុឡា អា​លី ខា​មេ​នី ។ នេះ​បើ​យោង​តាម​វេបសាយ​ផ្លូវកា​ររបស់​មេដឹកនាំ​នេះ​។​

​លោក អ៊ី​ម​រ៉ា​ន ខាន់​ត្រូវបាន​រំពឹងថា​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​អា​រ៉ាប៊ីសាអូឌីតនៅ​ថ្ងៃ​អង្គារ​។​

​លោក​អ៊ី​ម​រ៉ា​ន ខាន់​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​ពេល​ដែល​លោក​ឈរ​នៅក្បែរ លោកហាស​សាន រ៉ូ​ហានី ថា​”​ហេតុផល​សម្រាប់​ដំណើ​រទស្ស​កិច្ច​នេះ​គឺ​ដោយសារ​យើង​មិន​ចង់​​ឱ្យ​មាន​ជម្លោះ​រវាង​អា​រ៉ាប៊ីសាអូឌីត​និង​អ៊ីរ៉ង់​ទេ​”​។

​លោក​បាន​ប្រាប់​លោកហាស​សាន រ៉ូ​ហា​នីថា “​ទោះបី​មាន​អ្វី​កើតឡើង​ក៏ដោយ យើង​មិន​ត្រូវ​អនុញ្ញាត​ឱ្យ​ជម្លោះ​នេះ​កើតឡើង​ឡើយ​ពីព្រោះ​ដូច​យើង​ដឹង​ហើយ​មាន​តែ​ក្រុម​មនុស្ស​​ចង់​បាន​ផល់​ប្រយោជន៍​ខ្លួនឯង​ទេ ដែល​ដែល​ចង់​ឱ្យ​រឿងនេះ​កើតឡើង​”​។​

​ដោយ​កត់សម្គាល់ថា វា​ជា​បញ្ហា​ស្មុគស្មាញ​ដែល​អាច​ត្រូវបាន​ដោះស្រាយ​តាមរយៈ​កិច្ចចរចា​នោះ​លោក​អ៊ី​ម​រ៉ា​ន ខាន់ បាន​ព្រមាន​ថា​ជម្លោះ​ណាមួយ រវាង​អ៊ីរ៉ង់​និង​អា​រ៉ាប៊ីសាអូឌីត​​នឹង​បង្ក​ភាពក្រីក្រ​នៅ​លើ​ពិភពលោក​។​

​ប៉ា​គី​ស្ថាន​មាន​ទំនាក់ទំនង​រឹងមាំ​ជាមួយ​អារ៉ាប់ប៊ីសាអូឌី​តដែល​មានប្រជាជន​របស់ខ្លួ​ន​ជាង ២,៥ លាន​នាក់​រស់នៅ​និង​ធ្វើការ​នៅក្នុង​រាជាណាចក្រ​នេះ ប៉ុន្តែ​ខ្លួន​(​ប៉ា​គី​ស្ថាន​)​ក៏​រក្សា​ទំនាក់ទំនង ល្អ​ជាមួយ​អ៊ីរ៉ង់​និង​តំណាង​ផលប្រយោជន៍​កុងស៊ុល​របស់​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​​ផង​ដែរ​នៅ​សហរដ្ឋអាមេរិក​។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់ លោក​អ៊ី​ម​រ៉ា​ន ខាន់​នៅ​ប្រទេស​អ៊ីរ៉ង់​នៅ​ឆ្នាំ​នេះ​៕​ដោយ​៖​សុខា​/sn

​​លោក​អ៊ី​ម​រ៉ា​ន ខាន់​ជួបពិភាក្សា​ជាមួយ លោក ហាស​សាន រ៉ូ​ហានី​នៅ​វិមាន​ប្រធានាធិបតី កាលពី​ថ្ងៃអាទិត្យ​