នាយករដ្ឋមន្ត្រី​ប្រកាស​លុបចោលការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​

1389
ចែករម្លែក

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​រ័ត្ន​/​ភ្នំពេញៈ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​បានប្រកាស​លុបចោល​ការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​បន្ថែមទៀត​ដែល​បំបែក​ចេញពី​ខេត្តកណ្តាល​និង​មណ្ឌល​គី​រី​។​សម្តេច​ក៏បាន​ឲ្យ​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​​ធ្វើ​និរាករណ៍​ចោល​ទាំងអស់​នូវ​អ្វីដែល​បានប្រកាស​អំពី​ការបង្កើត​ខេត្ត​ថ្មី​ពីរ​បន្ថែម​។​
ការ​ថ្លែង​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី បែបនេះ​បានធ្វើ​ឡើង​នៅក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា​នេះ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​។​សម្តេច​តេ​ជោ​បាន​ថ្លែងថា​កាលពី​ម្សិលមិញ​(៤​តុលា​)​សម្តេច​បាន​ទូរស័ព្ទ​ទៅ​សម្តេច​ក្រឡាហោម ស ខេង​ឲ្យ​បញ្ចប់​ការសិក្សា​បែងចែក​ខេត្តកណ្ដាល​និង​ខេត្តមណ្ឌលគិរី​។​សម្តេច​បាន​បញ្ជាក់ថា គ្មាន​ការបង្កើត​ខេត្ត​ថ្មី​ទៀត​ទេ​។

នាយករដ្ឋមន្ត្រី​ប្រកាស​លុបចោលការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​

​សម្តេច​តេ​ជោ ថ្លែង​យ៉ាង​ដូច្នេះ​ថា “​មិនទាន់​ដឹង​អ្វី​ផង វា​នាំគ្នា​បែងចែក​គ្នា​ធ្វើជា​ចៅហ្វាយខេត្ត អនុខេត្ត ទៅ​ហើយ ​។​ឥឡូវនេះ​រាលដាល​ដល់​ស្ថាប័ន ព្រោះ​បើ​ត្រូវធ្វើ ធ្វើ​ឲ្យ​បាន​មុន​បោះឆ្នោត​។ ឥឡូវ​ឈប់​នៅ​ឲ្យ​ស្ងៀម បាន​ហើយ មហាផ្ទៃ​បិទ​កុំព្យូទ័រ​ចោល​ទាំងអស់​ថ្ងៃនេះ កុំ​ធ្វើ​អី​តទៅទៀត ។​ខ្ញុំ​គ្មាន​ពេល​ស៊ី​ញ៉េ ។​គ្មាន​ពេល​អី​ទៀត​ទេ​។ រួចហើយ​មន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី យក​សេចក្តីប្រកាស​របស់ខ្ញុំ​ថ្ងៃនេះ (៥ តុលា​) ចេញ​ស​.​ជ​.​ណ មួយ​បញ្ចប់​តែម្តងទៅ​ថ្ងៃនេះ​មិនចាំបាច់ ខេង (​សម្តេច​ក្រឡាហោម ស ខេង​) យកទៅ​ឲ្យ​ខ្ញុំ​ស៊ី​ញ៉េ​ទេ យក​សេចក្តីប្រកាស​របស់​នាយ​ក​រដ្ឋមន្ត្រី នៅ​ព្រឹក​ថ្ងៃទី​៥ ខែតុលា នេះ ចេញ​ស​.​ជ​.​ណ បញ្ចប់​ការស្រាវជ្រាវ​លើ​ការបែងចែក​ខេត្តកណ្តាល និង​ខេត្ត​មណ្ឌល​គី​រី ឲ្យ​ឆាប់​ចប់​”​។​

នាយករដ្ឋមន្ត្រី​ប្រកាស​លុបចោលការ​សិក្សា​បង្កើត​ខេត្ត​ថ្មី​ចំនួន​ពីរ​

​សូមជម្រាបថា ក្រសួងមហាផ្ទៃ​បានធ្វើ​លិខិត​ចុះ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០១៨ គោរព​ជូន​សម្តេច​អគ្គមហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើសុំ​គោលការណ៍​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់ ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​ពីរ​។ ពាក់ព័ន្ធ​នឹង​ករណីនេះ សម្តេច​តេ​ជោ បាន​យល់ព្រម​អនុញ្ញាត​ឲ្យ​ធ្វើការ​សិក្សា​លទ្ធភាព​ក្នុងការ​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ពីរ ដោយ​ខេត្ត​ថ្មី​ទីមួយ គឺ​ដោយ​បំបែក​ចេញពី​ខេត្តកណ្ដាល ចំណែក​ខេត្ត​ថ្មី​ទី​ពីរ គឺ​ដោយ​ពិនិត្យ​លើក​ត្ដា​ភូមិសាស្ត្រ និង​ប្រជាសាស្ដ្រ​របស់​ស្រុក​កោះ​ញែក នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្តរតនគិរី​។ នេះ​បើតាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ស្នើសុំ​គោលការណ៍​ពីស​ម្ដេច​តេ​ជោ ដើម្បី​សិក្សា​លទ្ធភាព​ការបង្កើត​ខេត្ត​ថ្មី​ចំនួន​២​។​

​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ការសិក្សា​លទ្ធផល​បង្កើត​ខេត្ត​ថ្មី​ចំនួន ២​នេះ គឺ​ដើម្បី​ជួយ​លើកកម្ពស់​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​រដ្ឋបាល ការថែរក្សា​សន្ដិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ ការជំរុញ​អភិវឌ្ឍ​នៅ​មូលដ្ឋាន និង​ការផ្ដល់​សេវាសាធារណៈ​ជូន​ប្រជាពលរដ្ឋ​។​

​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​២៨ ខែសីហា ២០១៨ បាន​ចារ​យល់ព្រម​តាម​សំណើ​របស់​ក្រសួង​មហាផ្ទៃ ដើម្បី​សិក្សា​លទ្ធភាព​រៀបចំ​បង្កើត​ខេ​ត្ត​ថ្មី​ចំនួន​២ ហើយ​។ គម្រោង​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​ទាំងពីរ​នោះ គឺ​ទីមួយ ការសិក្សា​លទ្ធភាព​បង្កើត​ខេត្ត​ថ្មី​មួយ ដោយ​បំបែក​ចេញពី​ខេត្តកណ្ដាល និង​ទី​ពីរ ការ​សិក្សា​លទ្ធភាព​ក្នុងការ​បង្កើត​ខេត្ត​ថ្មី​មួយទៀត ដោយ​ពិនិត្យ​លើ​កត្តា​ភូមិសាស្ត្រ និង​ប្រជាសាស្ត្រ​របស់​ស្រុក​កោះ​ញែក នៃ​ខេត្តមណ្ឌលគិរី និង​ស្រុក​លំផាត់ នៃ​ខេត្តរតនគិរី​។​

​ចំណារ​យល់ព្រម​របស់​សម្ដេច ហ៊ុន សែន បានធ្វើ​ឡើងលើ​លិខិត​ស្នើសុំ​គោលការណ៍​អនុញ្ញាត​មួយ​របស់​ក្រសួង​មហាផ្ទៃ ដែល​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ ខែសីហា ២០១៨ កន្លងទៅ​។ ក្នុង​លិខិត​នោះ បញ្ជាក់ថា ក្នុង​ករណី​សម្ដេចនាយក​រដ្ឋមន្ត្រី​ឯកភាព​ជាគោលការណ៍​ហើយ ក្រសួងមហាផ្ទៃ​នឹង​ចាត់​មន្ត្រី​បច្ចេកទេស ដើម្បី​សហការ​ជាមួយ​ក្រសួង និង​ខេត្ត​ពាក់ព័ន្ធ ចុះ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​ជាក់ស្ដែង ដើម្បី​រាយការណ៍​សុំ​យោបល់​ដឹកនាំ​ជា​បន្ដ​បន្ទាប់ពី​សម្ដេចនាយក​រដ្ឋមន្ត្រី​។​

​ក្នុង​លិខិត​នោះ បញ្ជាក់ទៀតថា ការរៀបចំ​សិក្សា​លទ្ធភាព​បង្កើត​ខេត្ត​នេះ នឹងធ្វើ​ឲ្យ​ចប់សព្វគ្រប់​នៅ​ខែមករា ឆ្នាំ​២០១៩ ដើម្បី​ទុកពេល​វេលា​សមស្រប​សម្រាប់​រាជរដ្ឋាភិបាល​កំណត់​ចំនួន​អាសនៈ​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​អាណត្តិ​ទី​៣ ដែល​តាម​អាណត្តិ​កំណត់​ក្នុង​ច្បាប់ គឺ​ក្នុងអំឡុង​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខ​៕​សនរ​