នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ៖​យី​ង​ឡាក់​នៅ​ឌូ​បៃ​

4214

​នាយករដ្ឋមន្ត្រី​ថៃ លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បានធ្វើ​ដូច​ការសន្យា​កាលពី​ថ្ងៃ​អង្គារ ដោយនៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​លោក​បាន​ទម្លាយ​ប្រាប់ថា​អតីត​នាយករដ្ឋមន្ត្រី​យី​ង​ឡាក់ ស៊ីណា​វ៉ាត បច្ចុប្បន្នកំពុង​រស់នៅ​ក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​«​ខ្ញុំ​មាន​ព័ត៌មាន​មិន​ផ្លូវការ​ពី​ក្រសួងការបរទេស​មក​ថា​លោកស្រី​នៅ​ឌូ​បៃ​។​ក្រសួង​កំពុង​តាម​រក​កន្លែង​ស្នាក់នៅ​របស់គាត់​។​ឥឡូវ​ប៉ូលិស​ថៃ​នឹងត្រូវ​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រសួងការបរទេស​និង​ប៉ូលិស​អន្តរជាតិ​»​។​

​សូម​រំលឹកថា លោកស្រី​យី​ង​ឡាក់​ខកខាន​មិនបាន​បង្ហាញ​ខ្លួន​ក្នុង​សវនាការ​ទាំង​២​លើក​ទាំង​ថ្ងៃ​២៥​សីហា​និង​២៧​កញ្ញា​ម្សិលមិញ ដើម្បី​​ស្តាប់​សាលក្រម​តុលាការ​កំពូល​អំពី​ការ​ធ្វេស​ស្រ​ហែស​ការងារ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​គំរោង​រដ្ឋ​ទិញស្រូវ​ពី​កសិករ​ក្នុង​តំលៃ​ថ្លៃ​ដែល​នាំ​​អោយរ​ដ្ឋ​ខាតបង់​ប្រាក់​សន្ធឹកសន្ធាប់​និង​ការកើតមាន​អំពើពុករលួយ​។​

​កាលពី​ម្សិលមិញ តុលាការ​បាន​កាត់ទោស​កំបាំងមុខ អោយ​អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​ជាប់គុក​៥​ឆ្នាំ ។​តុលាការ​ក៏បាន​សំរេច​អោយ​រឹប​​អូស​ទ្រព្យសម្បត្តិ​លោកស្រី​ដើម្បី​ទូទាត់​ការខាតបង់​នេះ​ផងដែរ​។​

​ជុំវិញ​ការរត់​គេចខ្លួន​នេះ លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ បាន​និយាយថា ក្រសួងការបរទេស​នឹង​ចាត់វិធានការ​ដកហូត​លិខិតឆ្លងដែន​​លោកស្រី​។​លោក​ក៏បាន​បញ្ជាក់ថា លោក​គ្មាន​អារម្មណ៍​ភ្ញាក់ផ្អើល​ទេ​ចំពោះ​សាលក្រម​សំរេច​ដាក់គុក​យី​ង​ឡាក់​៥​ឆ្នាំ​ដោយសារតែ​គាត់​​មិនបាន​ទប់ស្កាត់​ការលក់​ស្រូវ​ដ៏​ពុករលួយ​និង​មាន​ក្លែងឯក​សារបាន​។​លោក​បាន​និយាយ​ដូច្នេះ​ថា​«​វា​មិនមែនជា​រឿង​របស់ខ្ញុំ តែ​ជា​រឿង​តុ​​លា​ការ​និង​បុគ្គល ដូច​ករណី​ផ្សេងទៀត​ដែរ​»៕