នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី អំពី​ចិន រ៉ូ​ហ៊ីង​យ៉ា សិង្ហ​បុរី រឿងអាស្រូវ​ពុករលួយ​និង​ជម្លោះ​សមុទ្រ​ចិន​

933
ចែករម្លែក

នៅក្នុងកិច្ចសម្ភាសន៍មួយជាមួយទីភ្នាក់ងារសារព័ត៌មានអេភីកាលពីថ្ងៃចន្ទទី១២សីហា នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោមមហាធៀ ម៉ូហាម៉ាតបាននិយាយអំពីគំរោងដែលគាំទ្រដោយចិន ការប្រព្រឹត្តលើជនរ៉ូហ៊ីងយ៉ារបស់មីយ៉ាន់ម៉ា ជម្លោះសមុទ្រចិនខាងត្បូងនិងកិច្ចព្រៀងលក់ទឹកជាមួយសិង្ហបុរី រួមទាំងរឿងអាស្រូវហិរញ្ញវត្ថុរបស់ប្រទេស។

-គំរោងដែលគាំទ្រដោយចិន

មហាធៀ បាននិយាយថា លោកនឹងស្វះស្វែងសុំលុបចោលគំរោងហេដ្ឋារចនាសម្ពន្ធគាំទ្រដោយចិនតំលៃរាប់ពាន់លានដុល្លារ ដែលត្រូវបានចុះហត្ថលេខាដោយអ្នកកាន់តំណែងមុនលោក ខណៈរដ្ឋាភិបាលរបស់លោកខិតខំធ្វើយ៉ាងណាអោយប្រទេសរួចផុតពីបំណុល និងបានរិះគន់ការប្រព្រឹត្តលើជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា​ថា”មិនត្រឹមត្រូវ”។

នៅពេលតែប៉ុន្មានថៃមុនធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង សំរាប់ដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីលោកជាប់ឆ្នោតជានាយករដ្ឋមន្រ្តីកាលពី៣ខែមុន មហាធៀ បាននិយាយថាម៉ាឡេស៊ីមិនត្រូវការបណ្តាញផ្លូវដែកឆ្នេរខាងកើតតំលៃ២០.០០០លានដុល្លារនិងបំពង់បង្ហូរថាមពល២តំលៃ២.៣០០លានដុល្លារស្អីទេ។គំរោងទាំងនេះត្រូវបានព្យួរសំរាប់ការពិចារណា។

-បញ្ឈប់យោធូបនីយកម្មនៅសមុទ្រចិនខាងត្បូង

មហាធៀបាននិយាយប្រឆាំងនឹងការធ្វើយោធូបនីយកម្មខ្លាំងឡើងនៅក្នុងសមុទ្រចិនខាងត្បូងដែលមានជម្លោះ ដោយលោកបានធ្វើការអំពាវនាវជាថ្មីកុំអោយមាននាវាចម្បាំងនៅទីនោះជាប្រចាំ និងបានព្រមានថា ទាំងនាវាចម្បាំងឆ្លងកាត់ទីនោះ តែកុំប្រចាំការនៅទីនោះ។វាជាការព្រមានមួយទៅកាន់គ្រប់គ្នា។កុំបង្កើតភាពតានតឹងដែលមិនចាំបាច់។

សូមបញ្ជាក់ថា ចិនអះអាងអធិបតេយ្យភាពភាគច្រើនបំផុតនៃសមុទ្រនេះ និងថែមទាំងបង្កើតកោះដោយខ្លួនឯង បង្កើតផ្លូវចុះឡើងនៃយន្តហោះដាក់រ៉ាដានិងស្ថានីយកាំជ្រួចដើម្បីជំរុញការអះអាងទាមទាររបស់ខ្លួន។តែអាមេរិកក៏បានបញ្ជូនយន្តហោះព្រមទាំងនាវាចម្បាំងមកកាន់សមុទ្រនេះជាប្រចាំផងដែររហូតដល់រដ្ឋាភិបាលក្រុងប៉េកាំងចោទថាជ្រៀតជ្រែកជម្លោះអាស៊ី។

-នៅឆ្ងាយពីជម្លោះអារ៉ាប៊ី សាអូឌីត

មហាធៀបាននិយាយថា ម៉ាឡេស៊ីចង់រក្សាជំហរអព្យាក្រិតមួយ និងមិនត្រូវអោយគេទាញចូលក្នុងជម្លោះនៅមជ្ឈិមបូព៌ាឡើយ។រដ្ឋាភិបាលរបស់លោកបានបិទមជ្ឈមណ្ឌលប្រឆាំងភេរវកម្មដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បន្ទាប់ពីវាត្រូវបានបង្កើតឡើងកាលពីឆ្នាំមុន និងមានផែនការដកទាហានម៉ាឡេស៊ីចេញពីព្រះរាជាណាចក្រនេះទៀតផង។

យោងដល់ការវាយប្រហារដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ី សាអូឌីត និងជម្លោះរបស់អារ៉ាប៊ី សាអូឌីត ជាមួយកាតានោះ លោកមហាធៀបាននិយាយថា”អារ៉ាប៊ីសាអូឌីតកំពុងមានសង្រ្គាម។យើងមិនចង់ពាក់ព័ន្ធក្នុងសង្រ្គាមបរទេសណាមួយទេ…យើងនឹងមិនត្រូវបានចោទប្រកាន់ថាជួយសង្រ្គាមឈ្លានពានណាមួយឡើយ”។

-រ៉ូហ៊ីងយ៉ាគឺជា ពលរដ្ឋមីយ៉ាន់ម៉ា

មហាធៀ បានរិះគន់ការប្រព្រឹត្តរបស់មីយ៉ាន់ម៉ាទៅលើជនអ៊ីស្លាមរ៉ូហ៊ីងយ៉ា និងបាននិយាយថា លោក”ខកចិត្តណាស់”ដែលមេដឹកនាំអ៊ុង សានស៊ូជី បរាជ័យក្នុងការបញ្ឈប់ការគាបសង្កត់លើក្រុមជនភាគតិចនេះ។លោកថាមីយ៉ាន់ម៉ាត្រូវតែទទួលស្គាល់ថា រ៉ូហ៊ីងយ៉ាដែលរស់នៅក្នុងប្រទេសនេះរាប់ជំនាន់គឺជាពលរដ្ឋ។”វាមិនត្រឹមត្រូវសោះដែលធ្វើអ្វីដែលគេបានធ្វើ សម្លាប់មនុស្ស ឃាតកម្មទាំងក្រុម ដែលមិនមែនជាវិធីដែលប្រទេសមានអារយ្យធម៌បានប្រព្រឹត្តទេ”។

-សវនាការដោយយុត្តិធម៌សំរាប់ណាជីប

ពាក់ព័ន្ធនឹងការចោទប្រកាន់អ្នកដឹកនាំមុនលោក មហាធៀ បាននិយាយថារដ្ឋាភិបាលនឹងធានាសវនាការដ៏យុត្តិធម៌សំរាប់អតីតនាយករដ្ឋមន្រ្តីណាជីប រ៉ាហ្សាក់ ដែលកំពុងប្រឈមការចោទប្រកាន់ជាច្រើន ពាក់ព័ន្ធនឹងការបាត់លុយរាប់ពាន់លានដុល្លារពីមូលនិធិវិនិយោគរដ្ឋ1MDB។

លោកបាននិយាយដូច្នេះថា” យើងសន្យាថានឹងមិនមានការសងសឹកទេ តែច្បាប់មានផ្លូវរបស់វា…គាត់នឹងត្រូវកាត់ទោសដោយយុត្តិធម៌នៅក្នុងប្រទេសនេះ។ណាជីបជាមេក្លោងដ៏សំខាន់។ពិភពលោកដឹងថាណាជីបបានលួចលុយ”។

លោកបានបញ្ជាក់ថា”នឹងមានមានការលក់ទ្រព្យសម្បត្តិរដ្ឋដើម្បីយកលុយសងបំណុល។នោះជាទំហំនៃកំហុសរបស់ណាជីប។វារួមមានការលក់ភាគហ៊ុននៅក្នុងស្ថាប័នជំនួញពាក់ព័ន្ធរដ្ឋនិងទ្រព្យសម្បត្តិរដ្ឋ”។

-កិច្ចព្រមព្រៀងទឹកជាមួយសិង្ហបុរី

មហាធៀ បាននិយាយថាថ្លៃទឹកឆៅដែលលក់ទៅអោយសិង្ហបុរីគួរត្រូវបង្កើនជាង១០ដង។ក្រោយកិច្ចព្រមព្រៀងលក់ទិញទឹកចំណាស់មួយទសវត្សរ៍ ដែលនឹងផុតអាណត្តិនៅឆ្នាំ២០៦១ ម៉ាឡេស៊ីលក់ទឹកឆៅអោយសិង្ហបុរីថ្លៃ៣សេនក្នុងមួយពាន់ហ្កាឡុង(៣៧៨៥,៤១លីត្រ)និងទឹកចម្រាញ់ស្អាតហើយ៥០សេនក្នុងមួយពាន់ហ្កាឡុង។

​លោកបាននិយាយថា”សព្វថ្ងៃ៣សេនទិញអីបាន។ខ្ញុំគិតថារាល់កិច្ចព្រមព្រៀងត្រូវពិនិត្យសើររើឡើងវិញដោយសារការចំណាយលើការរស់នៅកើនខ្ពស់។រដ្ឋចូហ័រខាងត្បូង លក់ទឹកឆៅទៅអោយរដ្ឋមួយទៀតក្នុងតំលៃ៣០សេនក្នុងមួយពាន់ហ្កាឡុងហើយវាជាថ្លៃមនុស្សធម៌ផងសំរាប់កិច្ចព្រមព្រៀងលក់ក្នុងស្រុក។សំរាប់ប្រទេសក្រៅណាមួយ យើងត្រូវការថ្លៃខ្ពស់ជាងនេះ”៕ដោយ៖វាសនា

នាយករដ្ឋមន្រ្តីមហាធៀ ម៉ូហាម៉ាត របស់ម៉ាឡេស៊ី ស្តាប់ក្នុងពេលត្រូវបានសម្ភាសន៍ដោយអេភីនៅក្រុងពូត្រាចាយ៉ា កាលពីថ្ងៃចន្ទទី១៣សីហា