នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​៖ អាស៊ាន​ត្រូវដាក់​ការគាបសង្កត់​លើ​លោកស្រី​ស៊ូ ជី​

746
ចែករម្លែក

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាដ បាននិយាយនៅក្នុងសប្តាហ៍នេះ ថា អាស៊ាន ដែលថៃនឹងធ្វើជាប្រធាននៅឆ្នាំក្រោយនោះ ត្រូវចាត់វិធានការតឹងរឹងឡើងដើម្បីដាក់សម្ពាធលើមីយ៉ាន់ម៉ានិង លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំនៃប្រទេសនេះ ឱ្យបញ្ចប់អំពើឃោរឃៅប្រឆាំងក្រុមជនជាតិរ៉ូហ៊ីងអ៊ីស្លាម។

ជនភៀសខ្លួនជាង៧២០.០០០ នាក់បានរត់ភៀសខ្លួនចេញពីរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដែសចាប់តាំងពីខែសីហាឆ្នាំមុនក្រោយពេលដែលក្រុមជនសកម្មប្រយុទ្ធបានវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ ដែលបាននាំឱ្យមានប្រតិបត្តិការបោសសម្អាតយ៉ាងខ្លាំងដោយយោធាមីយ៉ាន់ម៉ា។ ពួកអ្នកស្រុកអ៊ីស្លាមនៅរដ្ឋរ៉ាឃីនបានប្រឈមនឹងការដុតបំផ្លាញផ្ទះសម្បែង ការធ្វើទារុណកម្ម ការចាប់រំលោភនិងការសម្លាប់ហើយមនុស្សជាច្រើនត្រូវបានបង្ខំឱ្យចិត្តរត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។

អង្គការសហប្រជាជាតិនិងសហរដ្ឋអាមេរិចបានហៅអំពើទាំងនេះថាជាការប្រល័យពូជសាសន៍។អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យ ក្រុមឧត្តមសេនីយ៍មីយ៉ាន់ម៉ាប្រឈមនឹងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ តាមការចោទប្រកាន់ទាំងនេះ។

លោក មហាធៀ មហាម៉ាដ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានThe Nation របស់ថៃកាលពីចុងសប្តាហ៍ថា “យើងអាចអំពាវនាវដល់រដ្ឋាភិបាលមីយ៉ាន់ម៉ា ប៉ុន្តែប្រសិនបើគ្មានការឆ្លើយតប ហើយអំពើឃោរឃៅនេះនៅមានបន្តនោះ អាស៊ានត្រូវគាំទ្រវិធានការអន្ដរជាតិដើម្បីបញ្ឈប់ការរំលោភអំណាចនិងភាពអយុត្តិធម៌នៅប្រទេសមីយ៉ាន់ម៉ា” ។

លោកបានបន្តថា” “អាស៊ានត្រូវរៀនអំពីរបៀបដាក់សម្ពាធលើរដ្ឋាភិបាលទាំងឡាយដែលប្រព្រឹត្តទៅលើប្រជាពលរដ្ឋរបស់ខ្លួនដោយត្រឹមត្រូវនិងយុត្តិធម៌ ។ ប្រសិនបើអាស៊ានអនុញ្ញាតឱ្យប្រជាជនទាំងនេះត្រូវបានសម្លាប់រង្គាលនោះវាហាក់បីដូចជា យើងមិនមានភាពទទួលខុសត្រូវទេ “។

ខណៈពេលដែលរដ្ឋាភិបាលក្រុងណៃពីដោ(មីយ៉ាន់ម៉ា) បង្កើតគណៈកម្មការដើម្បីឆ្លើយតបនឹងវិបត្តិនេះនៅរដ្ឋរ៉ាឃីននោះ ​ លោកស្រី អ៊ុងសាន ស៊ូជី ​ត្រូវបានរិះគន់ថាបានពន្យារចំណាត់ការនិងធ្វើបានតិចតួចក្នុងការដោះស្រាយបញ្ហានេះ៕

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក មហាធៀ មហាម៉ាដ មានវត្តមាននៅថៃដើម្បីទទួលសញ្ញាបត្រកិត្តិយសពីសកលវិទ្យាល័យថៃមួយ