នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ជួប​ជាមួយ​គ្រួសារ​ជនរងគ្រោះ​នៃ​យន្តហោះ MH370 ជា​លើកដំបូង​និង​ប្តេជ្ញា​បន្ត​ការស្វែងរក

408
ចែករម្លែក
  • 32
    Shares

​ភរិយា​របស់​បុរស​ម្នាក់ ដែល​បាន​ជិះ​យន្តហោះ​បាត់​ខ្លួន MH370 បាន​អង្វរ​សុំ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បន្ត​ការ​ស្វះស្វែង​ស្វាមី​របស់លោក​ស្រី​។​

​នៅ​សប្តាហ៍​នេះ លោកស្រី​ដា​នី​កា វី​គ (Danica Weeks) បាន​ក្លាយជា​សមាជិកគ្រួសា​រ​ដំបូង​គេ​របស់​មនុស្ស​គ្រប់រូប​នៅលើ​យន្ដហោះ ដែល​ហាក់​បាត់ស្រមោល​ឈឹង​នៅ​ថ្ងៃទី ៨ មីនាឆ្នាំ ២០១៤ ដែល​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​មហា​ធៀ មហាម៉ាត់​។​

​លោកស្រី​សង្ឃឹមថានឹង​បញ្ចុះបញ្ចូល​ឱ្យ​គាត់​បើក​សំណុំរឿង​អាយុ ៥ ឆ្នាំ​ឡើងវិញ​ហើយ​នាំយក​សព​ប្ដី​របស់គាត់​ឈ្មោះ​ផូ​ល​ត្រឡប់ទៅផ្ទះ​វិញ​។​

​លោកស្រី​បាន​អង្វរ​លោក​បណ្ឌិត​មហាម៉ាត់​ក្នុងពេល​សន្ទនា​ថា “​សូមកុំ​បោះបង់ចោល​ពួកយើង​អី​”​។​

​អាជ្ញាធរ​ម៉ាឡេស៊ី​អះអាងថា​ព័ត៌មាន​ដែល​ពួកគេ​មាន​នាពេល​ឥឡូវនេះ​គឺជា​ព័ត៌មាន​ចាស់ ដូច្នេះ​ពួកគេ​មិនអាច​ធ្វើការ​ស៊ើបអង្កេត​បន្ថែមទៀត​បានទេ បើ​គ្មាន​តម្រុយ​ថ្មី​ណាមួយ​ដែល​អាច​ជឿទុកចិត្ត​បាន​។​

​លោកស្រី​ដា​នី​កា​បាន​និយាយ​ជាមួយ​កម្មវិធី 60 Minutes ទាក់ទង​នឹង​ការប្តេជ្ញាចិត្ត​របស់លោក​ស្រី​ដើម្បី​រក្សា​ដង្ហើម​រឿងក្តី​នេះ​។​

​លោកស្រី​និយាយថា “​នេះ​មិនមែន​តែ​អំពី​មនុស្ស ២៣៩ នាក់​នៅលើ​យន្តហោះ Boeing 777 ប៉ុណ្ណោះ​ទេ​។ នេះ​គឺ​អំពី​មនុស្ស ៨ លាន​នាក់​ដែល​ជិះ​យន្តហោះ​ជា​រៀងរាល់ថ្ងៃ​។ ប្រពន្ធ ប្តី សមាជិកគ្រួសារ​ជិះ​យន្តហោះ​សម្រាប់​ថ្ងៃ​ឈប់សម្រាក ពលករ​ដែល​ជិះ​យន្តហោះ ហើយ​យើង​មិនដឹងថា​នឹងមាន​អ្វី​កើតឡើង​នោះទេ​”​។​

​ការជួបគ្នា​មិន​រំពឹងទុក​នេះ​មាន​រយៈពេល​៣០​នាទី ដែល​អំឡុង​ពេលនោះ​លោក​មហា​ធៀ​បាន​ប្តេជ្ញា​បន្ត​ការស្វែងរក​ជនរងគ្រោះ​នៃ​យន្តហោះ MH370​។​

​ទោះយ៉ាងណា លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ទ្រឹស្តី​នានា ដែលថា​អ្នកបើកបរ​យន្តហោះ​ឈ្មោះ ហ្សា​ហារី អា​ម៉ាត់ សា បាន​ប្លន់​យន្តហោះ រួច​បើក​ទម្លាក់​ដើម្បី​ធ្វើអត្តឃាត​ទ្រង់ទ្រាយ​ធំ​៕ ដោយ៖ កញ្ញាដាលីស

លោកស្រី​ដា​នី​កា វី​គ​អង្វរ​លោក​មហា​ធៀ​ឱ្យ​បន្ត​ស្វែងរក​ជនរងគ្រោះ​នៃ​យន្តហោះ MH370