នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ ថា​មិន​មាន​ពេល​កំណត់​សម្រាប់​ការប្រគល់​អំណាច​នោះ​ទេ​

721
ចែករម្លែក

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ដ (Mahathir Mohamad ) បាន​ថ្លែង​ការពារ​រដ្ឋាភិបាល​លោក​នៅ​ថ្ងៃ​ខួប​នៃ​ការទទួល​ជ័យជម្នះ​ការបោះឆ្នោត​របស់​ខ្លួន​​នៅ​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៩​ខែ​ឧសភា ហើយ​បាន​បញ្ជាក់​ជា​ថ្មី​ថា​លោក​នឹង​ប្រគល់​អំណាច​ទៅ​ឱ្យ​អ្នក​ស្នង​តំណែង គឺ លោក អាន់​វ៉ា អី​ប្រា​ហ៊ីម​( Anwar Ibrahim )​ប៉ុន្តែ លោក​​មិន​បញ្ចាក់​ច្បាស់​ថា​នៅពេល​ណា​នោះទេ​។​

​សម្ព័ន្ធភាព​៤​បក្ស​របស់​លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ដ បាន ទម្លាក់​ក្រុមចម្រុះ​កាន់​អំណាច​តាំងពី​ប្រទេស​ទទួលបាន​ឯករាជ្យ​ភាព​ក្នុង​ឆ្នាំ​១៩៥៧​បន្ទាប់ពី​មាន​កំហឹង​ជុំវិញ​រឿង​​អាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​របស់​លោក ណា​ជីប រ៉ា​ហ​ហ្សាក់ ដែល​កាលនោះ​ជា​មេដឹកនាំ​នៃ​ប្រទេស​នេះ ហើយ​លោក (​ណា​ជីប រ៉ា​ហ្សាក់​) មាន​ការកើនឡើង​នូវ​ទ្រព្យសម្បតិ្ត​និង​លុយ​។​

​ប៉ុន្តែ​ភាពសប្បាយ​រីករាយ​ចំពោះ​ជ័យជំនះ​បាន​រលាយ​បាត់​ហើយ​រដ្ឋាភិបាល​ថ្មី​នេះ​ត្រូវបាន​ចោទប្រកាន់ថា​មិនបាន​ធ្វើ​ឱ្យបាន​ល្អ​តាម​ការសន្យា​ធ្វើកំណែទម្រង់​ក្នុងពេល​​ឃោសនា​បោះឆ្នោត​របស់​ខ្លួន​។​

​លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ដ បាន​ប្រាប់​ក្រុមអ្នកកាសែត​បរទេស​ថា មាន​ឧបសគ្គ​រារាំង​ក្នុងការ​ជំរុញ​កំណែទម្រង់​មួយចំនួន​ដោយសារតែ​ខ្វះ​ការគាំទ្រ​នៅក្នុង​សភា​សម្រាប់​​ការកែប្រែ​រដ្ឋធម្មនុញ្ញ​។​

​លោក​បាន​និយាយថា “​គោលការណ៍​នេះ​គឺ​មាន​រយៈពេល​៥​ឆ្នាំ​មិន​មែន​មួយ​ឆ្នាំ​ទេ ដូច្នេះ​យើង​កំពុង​ធ្វើ​វា … ការសន្យា​មួយចំនួន​ត្រូវ​ពន្យារ​ពេល​សិន គឺ​ដោយសារ​បញ្ហា​ច្បាប់​។ ​ឧទាហរណ៍ ការផ្លាស់ប្តូរ​ខ្លះ ដែល​យើង​ត្រូវ​ធ្វើឱ្យ​មាន​ការផ្លាស់ប្តូរ​មួយចំនួន​នៅក្នុង​រដ្ឋធម្មនុញ្ញ​ហើយ​សម្រាប់​បញ្ហា​នេះ “​យើង​ត្រូវការ​សំឡេង​ភាគច្រើន​គឺ ពី​២​ភាគ​៣​នៅក្នុង​​សភា​”​។

​លោកនាយក​រដ្ឋមន្ត្រី​ទោះជា​យ៉ាងណា បានបញ្ជាក់​ថា លោក​នឹង​មិន​កាន់អំណាច​៥​ឆ្នាំ​ពេញ​ទេ​ហើយ​នឹង​ចុះចេញ​ពី​តំណែង​បន្ទាប់​ពី​ដោះស្រាយ​បញ្ហា ដែល​ក្រុមចំរុះ​របស់លោក​​អះអាង​ថា​ទទួល​មរតក​ពី​រដ្ឋាភិបាល​មុន​។​

​មហា​ធៀ ដែល​នឹង​ឈាន​ដល់​វ័យ​៩៤​ឆ្នាំ​នៅ​២​ខែ​ទៀត បាន​និយាយថា បញ្ហា​ដែល​បាន​ដោះស្រាយ​ហើយ​ក្នុងអំឡុងពេល​កាន់អំណាច​១២​ខែ​ដំបូង​នេះ គឺ​អំពើពុករលួយ និង​បន្ទាប់​​ទៅ​«​ខ្ញុំ​គិតថា​វា​ជា​បញ្ហា​សេដ្ឋកិច្ច »​ដែល​រដ្ឋាភិបាល​ត្រូវ​ផ្តោត​ការយកចិត្តទុកដាក់​នៅ​ឆ្នាំ​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/​វាសនា​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ដ និង​លោក​អាន់​វ៉ា ដែល​រង់ចាំ​ទទួល​តំណែង​ពី​លោក​