នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បញ្ជាក់​ឡើងវិញ​អំពី​ការសន្យា​ផ្ទេរ​អំណាច​កណ្តាល​អាណត្តិ ប៉ុន្តែ​ថា​មាន​ការគាំទ្រ​ឱ្យ​កាន់​អំណាច​បន្ត​

378
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហា​ធៀ ម៉ូ​ហា​ម៉ា​ត​(Mahathir Mohamad )​បាន​បញ្ជាក់​ឡើងវិញ​ជា​បន្តបន្ទាប់​ថា​លោក​នឹង​ប្រគល់​ដំបង​(​អំណាច​)​នេះ​ទៅឱ្យ​ប្រធាន​បក្ស​PKR គឺ លោក​អាន់​វ៉ា អ៊ីប្រាហ៊ីម​( Anwar Ibrahim) ប៉ុន្តែ​ក្រុម​តំណាង​គណបក្ស​ប្រឆាំង​បាន​សុំ​ចូល​ជួប​លោក​ហើយ​បញ្ចុះបញ្ចូល​លោក​ឱ្យបំពេញ​អាណត្តិ​ដឹកនាំ​របស់​លោក​។​

​បញ្ហា​គឺ​នៅ​ត្រង់​ថា​តើ​បុរស​អាយុ​៩៤​ឆ្នាំនេះ នឹង​លាឈប់​ពី​តំណែង​នៅ​ពាក់កណ្តាល​អាណត្តិ​ដែរ​ទេ បន្ទាប់​ពី​ប្រធាន​គណបក្ស​PAS គឺ លោក Abdul Hadi Awang​បាន​សន្យា​​ថា​នឹង​មាន​ភាពស្មោះត្រង់​និង​ការគាំទ្រ​របស់​គណបក្ស​របស់លោក ដោយ​ព្រមាន​ថា “​ការផ្លាស់ប្តូរ​នាយករដ្ឋមន្ត្រី គឺ​មិន​ដូចជា​ការផ្លាស់ប្តូរ​ស្បែកជើង​ទេ​” ។​

​ប្រភព​ព័ត៌មាន​មួយ​បាន​អះអាង​ថា អ្នកនយោបាយ​បក្សប្រឆាំង​មួយ​ក្រុម​បាន​ជួប​ជាមួយ​លោក Mahathir Mohamad នៅ​យប់​ថ្ងៃ​អង្គារ​ទី​៣០​ខែ​កក្កដា​ដើម្បី​សន្យា​គាំ​​ទ្រ​លោក​ពេញទំហឹង ដើម្បី​បំពេញ​បញ្ចប់​អាណត្ដិ​ដឹកនាំ​ជា​នាយករដ្ឋមន្ត្រី​។​

​ក្រុម​នេះ គឺជា​ក្រុម​សមាជិក​ដែល​កើតចេញ​ពី​កិច្ច​ព្រម​ព្រមព្រៀង​Umno-PAS ថ្មី និង​គណបក្ស GPS ។​

​ប្រភពព័ត៌មាន​ដែល​ដឹង​អំពី​ជំនួប​រយៈពេល​៣​ម៉ោង​នេះ បាន​និយាយថា ក្រុម​អ្នកតំណាង​បក្សប្រឆាំង​បាន​ជួប​Mahathir Mohamad​ដើម្បី​ប្រាប់​លោក​ថា ពួក​គេ​ចង់​ឱ្យ​លោក​​ដឹកនាំ​ពេញ​មួយ​អាណិត្ត​និង​ថា​មិន​មាន​នរណា​ប្រជែង​យក​តំណែង​នៅ​ពាក់កណ្តាល​ទី​ទេ​។​

​ប្រភព​ព័ត៌មាន​នេះ​បាន​និយាយថា ជំនួប​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​យប់​ថ្ងៃ​អង្គារ​ដើម្បី​ប្រាប់​លោក​Mahathir Mohamad​ថា​លោក​មាន​ការគាំទ្រ​ពេញ​ទាំង​ស្រុង​ពី​គណបក្ស​​ប្រឆាំង​រហូតដល់​ការបោះឆ្នោត​សកល​លើក​ក្រោយ ហើយ​ពួកគេ​មិន​យល់ស្រប​នឹង​ការប្រគល់អំណាច​ដឹកនាំ​ទៅ​ឱ្យ​លោក​Anwar Ibrahim នៅ​ពាក់កណ្តាល​ទី ឬ​ឱ្យទៅ​នរណា​​ផ្សេង​ទៀត​នោះ​ទេ​៕​ដោយ​៖​សុខា​/sn

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​Mahathir Mohamad