នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​នឹង​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​កម្ពុជា​នៅ​ថ្ងៃស្អែក​

445
ចែករម្លែក
លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីខណៈអញ្ជើញមកដល់វៀតណាម(រូបថតVNA)

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ​: លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ពីថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ ព្រះរាជាណាចក្រ​កម្ពុជា ។​ពេលនេះ​លោក​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម​។


​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ កាលពី​ថ្ងៃទី​៣០ ខែ សីហា​បាន​ឲ្យ​ដឹងថា​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​នឹង​ចូលជួប​សំដែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។


​លោក មហា​ធា មហាម៉ាត់ នឹង​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​នៅក្នុង​ឱកាស​នោះ​នាយករដ្ឋមន្ត្រី​ទាំងពីរ​នឹង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់​និង​អន្តរជាតិ​ដែលមាន​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។


​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បន្តថា ក្នុងអំឡុងពេល​ស្នាក់នៅ​រាជធានី​ភ្នំពេញ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​នៅ​វិមានឯករាជ្យ និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​នៅ​មណ្ឌល​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ​ន​រោ​ត្ដម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។
​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់លោក មហា​ធា មហាម៉ាត់ នៅ​កម្ពុជា នឹង រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។​


​យោងតាម​ការប្រកាសរ​បស់​សាកលវិទ្យាល័យ​ភួ​មិ​ន្ទ​ភ្នំពេញ​បាន​ឲ្យ​ដឹងថា លោក មហា​ធា មហាម៉ាត់ នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី នឹង​អញ្ជើញ​ថ្លែង​បាឋកថា​ពិសេស នៅ​សាកលវិទ្យាល័យ​ភួ​មិ​ន្ទ​ភ្នំពេញ នា​រសៀល​ថ្ងៃទី​២ ខែកញ្ញា​ផងដែរ​៕​សរន​
​ ​