នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ព្រមាន​អំពី​ការដាក់ទណ្ឌកម្ម​ពាណិជ្ជកម្ម​ដែល​អាច​កើតមាន​មក​លើ​ម៉ាឡេស៊ី​

4258
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​២១​ខែ​តុលា​ថា​ប្រទេស​ដែល​ពឹងផ្អែក​លើ​ការនាំចេញ​របស់​លោក​នេះ​អាច​រង​នូវ​ការដាក់ទណ្ឌកម្ម​​ពាណិជ្ជកម្ម​ចំពេល​មាន​ការកើនឡើង​ការ​គាំពារ​ពាណិជ្ជកម្ម​និយម​ដែល​រំ​លេចឡើង​ដោយ​សង្គ្រាម​ពន្ធ​រវាង​សហរដ្ឋ​អាម៉េរិក​-​ចិន​។​

​លោក​មហា​ធៀ មិន​បាន​បញ្ជាក់​អំពី​ប្រភព​នៃ​ការដាក់ទណ្ឌកម្ម​ដែល​អាច​កើតមាន​លើ​ប្រទេស​ម៉ាឡេស៊ី​នេះ​ទេ​ប៉ុន្តែ​លោក​បាន​ខកចិត្ត​ដែល​ក្រុម​អ្នកគាំទ្រ​ពាណិជ្ជកម្ម​សេរី​​ឥឡូវ​នេះ​កំពុង​ធ្វើការ​រឹតត្បិត​លើ​ពាណិជ្ជកម្ម​ដែល​មាន​ទំហំធំធេង​។​

​ដោយ​និយាយ​សំដៅ​ដល់​សង្គ្រាម​ពាណិជ្ជកម្ម​សហរដ្ឋ​អាម៉េរិក​-​ចិន លោក​បាន​និយាយ​នៅ​សន្និសីទ​មួយ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​ថា ” ជា​អកុសល យើង​ជាប់​នៅ​ចំ​កណ្តាល​នៃ​បញ្ហា​នេះ​។ ​ក្នុង​វិស័យសេដ្ឋកិច្ច យើង​មាន​ទំនាក់ទំនង​ជាមួយ​ទីផ្សា​រទាំង​២​ហើយ​ជាមួយនេះដែរ​យើង​ក៏​ជាប់ទាក់ទង​ផងដែរ​ដោយសារ​ហេតុផល​ភូមិសាស្ត្រ ហើយ​មាន​ការប៉ាន់ស្មាន​ថា​យើង​​ខ្លួនឯង ក៏​នឹង​ក្លាយ​ជា​គោលដៅ​នៃ​ការដាក់ទណ្ឌកម្ម​ផងដែរ​។​

​សហរដ្ឋ​អាម៉េរិក​និង​ចិន​គឺជា​ប្រទេស​២​ក្នុងចំណោម​ទិសដៅ​នាំចេញ​ធំ​បំផុត​ចំនួន​៣​សម្រាប់​ប្រទេស​ម៉ាឡេស៊ី​រវាង​ពី​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំ​នេះ​។ ប្រទេស​សិង្ហ​បុរី​គឺ​ជា​គោល​​ដៅ​ចម្បង​គេ​។​

​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ប៉ះទង្គិច​គ្នា​រវាង​ប្រទេស​មហាអំណាច​ទាំងនេះ​លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយថា ប្រទេស​ម៉ាឡេស៊ី​កំពុង​សហការ​បន្ថែមទៀត​ជាមួយ​​បណ្តា​ប្រទេស​ជិតខាង​ក្នុង​តំបន់​៕​ដោយ​៖​សុខា​/sn

លោក លោក​មហា​ធៀ ម៉ូ​ហា​ម៉ា​ត បាន​និយាយ​នៅ​សន្និសីទ​មួយ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ​