នាយករដ្ឋមន្ត្រី​លី កេ​ឈាំ​ង និយាយថា ចិន​អាច​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​បាន ខណៈដែល​បំណុល​កំពុង​កើនឡើង​

1096
ចែករម្លែក

មន្ត្រី​សេដ្ឋកិច្ច​កំពូល​របស់​ចិន​ម្នាក់​បាន​ព្យាយាម​បំបាត់​ការព្រួយបារម្ភ​ដែលថា​ការកើនឡើង​បំណុល​អាច​នឹង​គំរាមកំហែង​ដល់​កំណើនសេដ្ឋកិច្ច ដោយនិយាយ​នៅ​ថ្ងៃ​អង្គារ ទី​២៧ មិថុនា​នេះ​ថា ហានិភ័យ​ហិរញ្ញវត្ថុ “​ជាទូទៅ កំពុង​ស្ថិតក្រោម​ការត្រួត​ត្រា​” ហើយ​ប៉េកាំង​អាច​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ឆ្នាំនេះ​។​

ថ្លែង​នៅ​កិច្ចប្រជុំ​នៃ​វេទិកា​សេដ្ឋកិច្ចពិភពលោក​នៅ​ទីក្រុង​ដា​លៀន ភាគ​ឦសាន​ប្រទេស លោកនាយក​រដ្ឋមន្ត្រី លី កេ​ឈាំ​ង ក៏បានផ្តល់​ការគាំទ្រ​ពេញទំហឹង​ផងដែរ ដល់​ពាណិជ្ជកម្ម​សេរី និង​និយាយថា ចិន​នឹង​ប្រកាន់ខ្ជាប់​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បម្រែបម្រួល​អាកាសធាតុ​។

​លោក​លី​បាន​ស្វះស្វែង​សម្រាល​ក្តីបារម្ភ​អំពី​ការកើនឡើង​បំណុល​ចិន​យ៉ាង​រហ័ស ចាប់តាំងពី​វិបត្តិ ២០០៨ ដែល​អ្នកវិភាគ​វិស័យ​ឯកជន​សំដៅថា​ជា​ហានិភ័យ​សក្តានុពល​ធំ​បំផុត​ចំពោះ​សេដ្ឋកិច្ច​ធំ​បំផុត​ទី​ពីរ​របស់​ពិភពលោក​មួយ​នេះ​។ ទីភ្នាក់ងារ​ចាត់ថ្នាក់​បំណុល Moody’s បាន​កាត់បន្ថយ​អត្រា​នៃ​ភាព​គួរឱ្យ​ជឿជាក់​លើ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​ប៉េកាំង កាលពី​ថ្ងៃទី ២៥ ឧសភា ហើយ​អង្គការ​រូបិយវត្ថុ​អន្តរជាតិ​កាលពី​ថ្ងៃទី ១៤ មិថុនា បាន​ជំរុញ​ឱ្យ​ប៉េកាំង​ចាត់វិធានការ​ឱ្យបាន​លឿន​ដើម្បី​គ្រប់គ្រង​បំណុល​ឱ្យបាន​ល្អ​។

​លោក​លី​បាន​ប្រាប់​ទៅ​អ្នក​ស្តាប់​ជា​ធុរកិច្ច​ជន​ចិន​និង​បរទេស​ថា “​ក្នុង​វិស័យ​ហិរញ្ញវត្ថុ មាន​ហានិភ័យ​ខ្លះ ប៉ុន្តែ​យើង​មានលទ្ធភាព​ដើម្បី​គ្រប់គ្រង​ហានិភ័យ​ហិរញ្ញវត្ថុ​បាន​”​។

ចិន​បាន​ពឹងផ្អែក​ខ្លាំង​ទៅលើ​ការបន្ថែម​ប្រាក់​បំណុល​ដើម្បី​បង្កើន​កំណើនសេដ្ឋកិច្ច​ចាប់តាំងពី​ឆ្នាំ ២០០៨ ដោយ​បង្ក​ឱ្យ​បំណុល​មិនមែន​រដ្ឋាភិបាល​កើនឡើង​ពី​សមាមាត្រ ១៧០ ភាគរយ​នៃ​ទិន្នផល​សេដ្ឋកិច្ច​ឆ្នាំ ២០០៧ មកដល់​ចំនួន ២៦០ ភាគរយ​កាលពី​ឆ្នាំ ២០១៦​។ កម្រិត​បំណុល​ខ្ពស់​មិនធម្មតា​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍ បាន​ញ៉ាំងឱ្យមាន​ការព្រមាន​ថា វា​អាច​បង្ក​វិបត្តិ​ហិរញ្ញវត្ថុ ឬ ទាញ​ទម្លាក់​កំណើនសេដ្ឋកិច្ច​៕

នាយករដ្ឋមន្ត្រី​ចិន លោក លី កេ​ឈាំ​ង