នាយករដ្ឋមន្ត្រី​វៀតណាម​អំពាវនាវ​អោយ​ចាត់វិធានការ​គំហុក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ប៉េស​អាហ្វ្រិក​

405
ចែករម្លែក
  • 10
    Shares

​នាយករដ្ឋមន្ត្រី​វៀតណាម បាន​អំពាវនាវ​អោយ​មាន​វិធានការ​គំហុក​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ផ្តាសាយ​ជ្រូក​អាហ្វ្រិក​(​ប៉េស​ជ្រូក​អាហ្វ្រិក​)​នៅក្នុង​ប្រទេស​លោក នេះ​បើ​តាម​ការផ្សាយ​​របស់​សារព័ត៌មាន​រដ្ឋ​កាលពី​ថ្ងៃ​អង្គារ​ទី​៥​មីនា​។​

​សេវា​ព័ត៌មាន​វៀតណាម​បាន​រាយការណ៍​ថា ជម្ងឺឆ្លង​ខ្លាំង​ក្នុងចំណោម​ជ្រូក​តែ​មិន​ចម្លង​មក​មនុស្ស​នេះ បាន​ឆ្លង​រាលដាល់​យ៉ាង​លឿន​នៅ​ពាសពេញ​ប្រទេស​ចិន​ចាប់តាំងពី​ខែ​សីហា ឆ្នាំ​មុន​និង​កាលពី​ពេល​ថ្មីៗ​ត្រូវបាន​រកឃើញ​នៅ​តំបន់​និង​ខេត្ត​ចំនួន​៧​នៅ​វៀតណាម ។​ទោះ​ជា​មិន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស តែ​ជម្ងឺ​នេះ​សម្លាប់​ជ្រូក​១០០​ភាគរយ​បើ​សិន​ជា​ឆ្លង​​គឺ​មិន​អាច​ព្យាបាល​បាន​ទេ​។​

​នាយករដ្ឋមន្ត្រី ង្វៀន សួន​ភុក កាលពី​ថ្ងៃ​ចន្ទ​បាន​និយាយ​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​តំបន់​ថា​« យើង​ត្រូវ​ប្រយុទ្ធប្រឆាំង​នឹង​ជម្ងឺឆ្លង​រាលដាល​នេះ​អោយ​ដូច​យើង​ប្រយុទ្ធ​ទល់នឹង​​សត្រូវ​»​។​

​គេហទំព័រ​រដ្ឋាភិបាល​វៀតណាម​បាន​រាយការណ៍​ថា ចាប់ពី​ថ្ងៃ​០១​កុម្ភៈ​ដល់​០៣​មីនា ជម្ងឺ​នេះ​ត្រូវបាន​រកឃើញ​នៅក្នុង​ចំណោម​ជ្រូក​ចិញ្ចឹម​២០២​កន្លែង​នៅ​ទីក្រុង​និង​ខេត្ត​ចំនួន​៧​នៅ​វៀតណាម​ខាងជើង រួម​ទាំង​ទីក្រុង​ហាណូយ​(Hanoi)​។​ជ្រូក​ជាង​៤.៣០០​ក្បាល​ឆ្លង​ជម្ងឺ​និង​ត្រូវ​បំផ្លាញ​ចោល​ដើម្បី​កុំអោយ​វីរុស្ស​ឆ្លង​រាលដាល​។​

​កន្លង​មក​ប៉េស​អាហ្វ្រិក​ត្រូវបាន​គេ​ប្រទះឃើញ​កើតមាន​នៅ​ខេត្ត​និង​ទីក្រុង​Hung Yen, Thai Binh, Hai Phong, Hanoi, Ha Nam, Hai Duong នៅ​តំបន់​ខាងជើង​និង​​ខេត្ត​Nghe An ភាគ​កណ្តាល​។​

​របាយការណ៍​បាន​និយាយថា វៀតណាម ផលិត​សាច់ជ្រូក​៣,៨២​លាន​តោន​នៅ​ឆ្នាំ​២០១៨ ស្មើនឹង​៧២​ភាគរយ​នៃ​ផលិតកម្ម​សាច់​នៅ​ទូទាំង​ប្រទេស និង​៣​ភាគ​៤​ប្រើប្រាស់​នៅក្នុង​​ស្រុក​។​

​ប្រទេស​និង​ទឹកដី​ប្រមាណ​២០​បាន​រាយការណ៍​អំពី​ការ​កើត​ជម្ងឺ​នេះ​នៅក្នុង​ទឹកដី​របស់​គេ​ចាប់​តាំងពី​ឆ្នាំ​២០១៧​មក​និង​សត្វ​ជ្រូក​ជាង​១​លាន​ក្បាល​ត្រូវបាន​សម្លាប់​ចោល​,​នេះ​បើ​​តាម​អង្គការ​សុខភាព​សត្វ​ពិភពលោក​៕​ប្រែ​សម្រួល​៖​វាសនា​

មន្ត្រី​ពិនិត្យមើល​កន្លែង​ដែល​ជ្រូក​កើត​ជម្ងឺ​ប៉េស​អាហ្វ្រិក​ត្រូវបាន​គេ​នាំ​មក​កប់​នៅ​ទីក្រុង​ហាយ​ហ្វុង​កាលពី​ថ្ងៃ​២​មីនា​