នាយករដ្ឋមន្ត្រី​វៀតណាម​ចង់ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ជាមួយ​កម្ពុជា​សម្រេចបាន​៥​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០

789
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​ប្រមុខ​ដឹកនាំ​កម្ពុជា​និង​វៀតណាម​ធ្លាប់បាន​សន្យា​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យដល់​៥​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០២០​ខាងមុខ​។​ប្រទេស​ទាំង​ពីរបាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ដើម្បី​បង្កើន​សកម្មភាព​សេដ្ឋកិច្ច ការផ្លាស់ប្តូរ​ពាណិជ្ជក​ម្ម ក៏ដូចជា​ការវិនិយោគ​ទុន​។​

​ដើម្បីឱ្យ​សម្រេច​គោលដៅ​នេះ​លោក​ង្វៀន​ស៊ុន​ហ្វុ​ក​(NGUYENXUANPHUC)​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​បានស្នើ​សុំ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា​និង​វៀតណាម​ឱ្យបាន​ដល់​៥​ពាន់​លាន​ដុល្លារ​ដូចជា​គ្រោងទុក​របស់​រដ្ឋាភិបាល ប្រទេស​ទាំងពីរ​ថា​នឹង​សម្រេច​ឱ្យបាន​នៅ​ឆ្នាំ​២០២០​នោះ​។​

​លោកនាយក​រដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ នៅក្នុង​ឱកាស​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​និង​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​កម្ពុជា​ចូលជួប​សម្តែង​ការគួរ​សមនៅ​វិមាន​រដ្ឋាភិបាល នាទី​ក្រុង​ហាណូយ​កាលពី​សៀ​ល​ថ្ងៃទី​២៩ ខែឧសភា​ឆ្នាំ​២០១៩​។

​លោក​ង្វៀន​ស៊ុន​ហ្វុ​ក​ចាត់ទុក​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ប្រធានរដ្ឋសភា​នៅក្នុង​ប្រទេស​វៀតណាម ជា​ឱកាសល្អ​ចំ​ពេលដែល​សេដ្ឋកិច្ច​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ដូចគ្នា​។​ជាមួយគ្នានេះ លោក​បាន​សម្តែង​ក្តី​រីករាយ​ដែល​បានឃើញ​ទំនាក់ទំនង​រវាង​រដ្ឋ​សភា​ប្រទេស​ទាំងពីរ​មាន​កិច្ច​សហប្រតិបត្តិ​ល្អ រឹងមាំ​រីកចម្រើន​ឥតឈប់ឈរ​។

​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​មានប្រសាសន៍ថា​៖​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​វៀតណាម​នាពេលនេះ​គឺជា​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​លើកដំបូង​របស់​រដ្ឋសភា​នីតិកាល​ទី​៦​ដែលជា​នីតិកាល​ថ្មី​កើតចេញពី​ការបោះឆ្នោត​សកល​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៨​។​

ដំណើរ​ទស្សនកិច្ច​តាម​ការអញ្ជើញ​របស់លោក​ស្រី ង្វៀន ធី​គីម​ងិន ប្រធានរដ្ឋសភា​វៀតណាម ទទួលបាន​ផ្លែផ្កា​ជាច្រើន ក្នុងការ​រួមចំណែក​ប​ន្ត​រឹតបន្តឹង​ទំនាក់ទំនង​ចំណងមិត្តភាព​សាមគ្គី​ភាពជា​ប្រពៃណី​និង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​។​ជាពិសេស​សំដៅ​ពង្រឹងពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ស្ថាប័ន​នីតិប្បញ្ញត្តិ​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

​សម្តេច​បាន​ជម្រាប​លោកនាយក​រដ្ឋមន្ត្រី​ថា​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​រដ្ឋ​សភា​ទាំង​ពីរបាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បន្ត​ពង្រឹងពង្រីក លើកកម្ពស់​កិច្ចសហប្រតិបត្តិការ ក្នុង​ក្របខ័ណ្ឌ​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ​។ ជាពិសេស​ការលើកកម្ពស់​យេនឌ័រ និង​សភា​វ័យក្មេង ព្រមទាំង​កម្រិត​ប​ច្ចេ​ទេស​នៃ​អគ្គលេខាធិការដ្ឋាន​ទាំងពីរ​។​រដ្ឋសភា​ទាំងពីរ​ជានិច្ចកាល​តែង​បាន​សហការ​និង​គាំទ្រ​គ្នា​ទៅវិញទៅមក​ទាំង​ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី តំបន់ និង​អន្តរជាតិ ។

​សម្តេច​ប្រធានរដ្ឋសភា​និង​លោកនាយក​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​នៃ​ការងារ​បោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​សម្រេច​ប្រមាណ ៨៤​ភាគរយ ដើម្បី​ប្រែក្លាយជា​ព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ ដើម្បី​ទុកជា​មរតក ដល់​អ្នកជំនាន់ក្រោយ​។​

​សូមជម្រាបថា​៖​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​មិត្តភាព​នៅ​ប្រទេស​វៀតណាម រយៈពេល​បី​ថ្ងៃ គឺ​ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៩​។​

នៅ​រសៀល​ថ្ងៃទី​២៩​ឧសភា​នេះ​សម្តេច​ប្រធានរដ្ឋសភា និង​គណៈប្រតិភូ​បាន​ជួប​សវនាការ​ជាមួយ​លោក​ជិន​ថា​ញ់​មិន​(TRANTHANHMAN)​ប្រធាន​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​មាតុភូមិ​វៀតណាម​ផងដែរ​។​ដើម្បី​បង្កើន​កិច្ច​សហប្រតិបត្តិ​រវាង​អង្គការ​មហាជន​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​ឲ្យ​មានការ​រីកចម្រើន និង​គ្រប់​ជ្រុង​បន្ថែមទៀត​។ នៅក្នុង​ជំនួប​សវនាកា​រ​នេះ​ភាគី​ទាំងពីរ​ក៏បាន​លើកឡើង​ពី​គម្រោង​រៀបចំ​សន្និបាត​រណសិរ្ស​ប្រទេស​កម្ពុជា វៀតណាម ឡាវ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ខាងមុខនេះ ផងដែរ​៕S/

​ចំណងជើង​រូបថត​៖​លោក​ង្វៀន​ស៊ុន​ហ្វុ​ក​នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ជួប​សវនាការ​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង​សំរិន​ប្រធានរដ្ឋសភា​កម្ពុជា​នៅ​វិមាន​រដ្ឋាភិបាល​ក្រុង​ហាណូយ​(​រូបៈ រដ្ឋសភា​)