នាយករដ្ឋមន្ត្រី​វៀតណាម​អះអាងថា ឆ្នាំ​២០២០ អាស៊ាន​ផ្តោតលើ​ការពង្រឹង​សិនិទ្ធភាព​

356
ចែករម្លែក

​លោក​ង្វៀន សួន ហ្វ៊ុក នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ធ្វើ​ជា​តំណាងឱ្យ​ប្រទេស​វៀតណាម​ខណៈ​ដែល​ប្រទេស​នេះ បាន​ទទួល​យក​ធ្វើជា​ប្រធាន​នៃ​កិច្ចប្រជុំ​អាស៊ាន សម្រាប់​ឆ្នាំ​២០២០ នៅក្នុង​ពិធី​មួយ​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​ចន្ទ​ទី​៤​វិច្ឆិកា​។​

​លោក​ហ្វ៊ុក បាន​ទទួលយក​ញញួរ​តំណាង​នៃ​ប្រធាន​អាស៊ាន​ជា​ផ្លូវ ការ​ពី​សម​ភាគី​ថៃ​របស់​លោក​គឺ លោក ប្រា​យុទ្ធ ចាន់​អូ​ចា​។​

​វៀតណាម​នឹង​ក្លាយជា​ប្រធាន​អាស៊ាន​ជា​ផ្លូវការ​នៅ​ថ្ងៃទី ១ ខែ​មករា​ឆ្នាំ ២០២០ និង​ជា​លើក​ទី​៣​ដែល​វៀតណាម​ទទួលយក​តួនាទី​នេះ​បន្ទាប់ពី​ឆ្នាំ​១៩៩៨ និង ២០១០ ។​

​ក្រុម​ប្រទេស​ជា​សមាជិក​អាស៊ាន​ទទួលបន្ទុក​ធ្វើជា​ប្រធាន​អាស៊ាន​ទៅ​តាម​លំដាប់​អក្សរ​។ ឆ្នាំ ២០២០ គឺជា​ឆ្នាំ​សំខាន់​ក្នុង​ការអនុវត្ត​ផែនការ​គ្រោងទុក​នៃ​ទស្សនវិស័យ​អាស៊ាន ២០២៥ និង​ខួប​លើក​ទី ២៥ នៃ​ការចូល​ជា​សមាជិក​អាស៊ាន​របស់​វៀតណាម​។​

​លោក​ង្វៀន សួន ហ្វ៊ុក បាន​និយាយ​នៅក្នុង​ពិធី​នោះ​ថា​«​នៅ​ឆ្នាំ​២០២០ យើង​ចង់​ផ្តោត​លើ​ការពង្រឹង​សិនិទ្ធ​ភាព​(​ភាពជិតស្និទ្ធ​)​ដោយ​ចីរភាព​របស់​អាស៊ាន​ដោយ​រក្សា​សាមគ្គីភាព​ បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​និង​ភាព​ប្រទាក់ក្រឡា​គ្នា ពង្រីក​តម្លៃ​និង​អត្តសញ្ញាណ​អាស៊ាន ធ្វើអោយ​កាន់តែ​មាន​ប្រសិទ្ធភាព​វិធានការ​អាស៊ាន​និង​ជំរុញ​ភាព​ជា​ដៃគូ​របស់​អា​​ស៊ាន​នៅក្នុង​សហគមន៍​ពិភពលោក​»​។​

​កាល​ពី​ថ្លែង​នៅ​គណៈកម្មាធិការ​ជាតិ​អាស៊ាន​នៅ​ក្រុង​ហាណូយ​កាលពី​ឆ្នាំមុន លោក​ហ្វ៊ុ​ក​បាន​អះអាង​ថា ការ​កាន់​តំណែង​ប្រធាន​អាស៊ាន​របស់​វៀតណាម​នៅ​ឆ្នាំ​២០២០ គឺ​មាន​ទាំង​​ការទទួលខុសត្រូវ​និង​ភារកិច្ច​ជា​រដ្ឋ​សមាជិក​មួយ ហើយ​នឹង​ជា​មហា​ឱកាស​ដើម្បី​ចូលរួម​ដល់​ការងារ​រួម ដើម្បី​ជា​ប្រយោជន៍​អាស៊ាន​និង​អំណាច​របស់​ប្លុក​នេះ​។​

​ពេល​ប្រគល់​ញញួរ​ដល់​សម​ភាគី​វៀតណាម នាយករដ្ឋមន្ត្រី​ថៃ​បាន​និយាយថា​«​ខ្ញុំ​មាន​ជំនឿ​ថា វៀតណាម​នឹង​ទទួល​យក​តួនាទី​ប្រធាន​អាស៊ាន​ពី​ថៃ ជាមួយនឹង​មោទនភាព​និង​ធ្វើ​​អោយ​សុបិន​របស់​អាស៊ាន​ក្នុង​ការជំរុញ​ភាព​ជា​ដៃគូ​និង​រក្សា​សន្តិភាព សេរីភាព សន្តិសុខ និង​វិបុលភាព​នោះ ក្លាយជា​ការពិត នៅពេល​ឥឡូវ​និង​អនាគត​»៕​ដោយ​៖​សុខា​/​វាសនា​

លោក​ង្វៀន សួន ហ្វ៊ុក ទទួលយក​ញញួរ​តំណាង​នៃ​ប្រធាន​អាស៊ាន ពី លោក ប្រា​យុទ្ធ ចាន់​អូ​ចា កាលពី​ថ្ងៃទី​៤​ខែវិច្ឆិកា​ឆ្នាំ​២០១៩