នាយករដ្ឋមន្ត្រី​វៀតណាម​និយាយថា កំណើនសេដ្ឋកិច្ច​ត្រីមាស​ទី​១ អាចមាន​ចំនួន ៧,៤១ ភាគរយ​

651

​សេចក្តីប្រកាស​មួយ​បង្ហោះ​នៅលើ​វេ​ប​សាយ​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម​ដែល​ដកស្រង់​សម្តី​នាយករដ្ឋមន្ត្រី ង្វៀន សួន​ភុ​ក បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ទី​១២​មីនា​ថា សេដ្ឋកិច្ច​របស់​វៀតណាម​ទំនងជា​នឹង​កើនឡើង ៧,៤១ ភាគរយ​នៅ​ត្រីមាស​ទី ១ ក្នុងឆ្នាំនេះ​ដោយសារ​ការនាំចេញ​និង​វិស័យ​ទេសចរណ៍​ដ៏​រឹងមាំ​។​

​វិស័យ​ទេសចរណ៍​អំឡុង​ខែមករា​ដល់​ខែមីនា​អាច​កើនឡើង ៦០ ភាគរយ ខណៈ​ពាណិជ្ជកម្ម​សរុប​នឹង​កើនឡើង ៤០ ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។ នេះ​បើតាម​សម្តី​របស់លោក ភុ​ក ប្រាប់​ទៅ​កិច្ច​ជំនួប​ជាមួយ​ជនជាតិ​វៀតណាម​អំឡុង​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​ប្រទេស​នូ​វែ​សេ​ឡង់​។​

​ប្រសិនបើ​សម្រេចបាន​មែន​នោះ តួលេខ​នេះ​នឹង​ជា​កំណើន​ខ្ពស់បំផុត​នៅ​ត្រីមាស​ទីមួយ​ក្នុងឆ្នាំនេះ ពោលគឺ​លើសពី​ចំនួន ៥,១៥ ភាគរយ​ក្នុង​ត្រីមាស​ទី ១ កាលពី​ឆ្នាំមុន​។​

​កំណើនសេដ្ឋកិច្ច​របស់​វៀតណាម​តែង​ថយចុះ​នៅ​ត្រីមាស​ទីមួយ​បើ​ប្រៀបធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ត្រីមាសមុន ដោយសារតែ​ការឈប់​សម្រាក​រយៈពេល​មួយ​សប្តាហ៍​សម្រាប់​បុណ្យចូលឆ្នាំថ្មី ដែលជា​រឿយៗ​ធ្វើឡើង​នៅ​ខែកុម្ភៈ​។​

​លោក​ភុ​ក​និយាយថា វៀតណាម​ទំនងជា​នឹងមាន​អតិរេក​ពាណិជ្ជកម្ម​ជិត ២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៣ ខែ​ដើម​ឆ្នាំនេះ​៕ ដោយ៖ កញ្ញាដាលីស

នាយករដ្ឋមន្ត្រី ង្វៀន សួន​ភុ​ក