នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ស៊ាន​ឡុង កំពុងតែ​ចង់បាន​អ្វី​?

392
ចែករម្លែក

​កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៩ នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ស៊ាន​ឡុង បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក ដែលជា​សារ​ចូលរួម​មរណភាព​របស់​អតីត​នាយក រដ្ឋមន្ត្រី​ថៃ ព្រេ​ម ដោយ​លើកឡើងថា “​ពេលដែល​គាត់ (​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម​) ធ្វើជា នាយករដ្ឋមន្ត្រី (​ថៃ​) គាប់​ជួន​នឹង​ពេលដែល​សមាជិក ASEAN (​កាលនោះ​គ្នា​យើង ប្រាំ​ប្រទេស​) រួមគ្នា​ប្រឆាំង​ការឈ្លានពាន​របស់​វៀត​ណា​ម មកលើ​កម្ពុជា និង​ប្រឆាំងរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំនួស​ខ្មែរក្រហម​…”​។​
​ ​
​ជា​ការពិត​ សេចក្តី​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ស៊ាន​ឡុង ដូច្នេះ គឺជា​ការយក​មរណភាព​របស់​ព្រេ​ម មក​វាយប្រហារ​កម្ពុជា និង​វៀតណាម​។ បញ្ហា​នេះ​ធ្វើ​ឲ្យវៀតណាម ក៏មាន​ប្រតិកម្ម ហើយ​ចំពោះ​កម្ពុជា គឺ​ទៅដល់​ថ្នាក់​នាយករដ្ឋមន្ត្រី​។
​ ​
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ចេញ​ប្រតិកម្ម​ទាំងយប់ កាលពី​យប់ថ្ងៃទី​៦ ខែមិថុនា​។ សម្តេច​តេ​ជោ បានចេញ​សារ ឆ្លើយតប​វិញ​ធ្ងន់ៗចំពោះ​ភាសា​របស់នាយករដ្ឋមន្ត្រី​សិង្ហ​បុរី​ដែល​ប្រមាថ​ជុំវិញ​ការខិតខំ​របស់​ប្រជាជន​កម្ពុជា​ក្នុងការ​រំដោះជាតិ ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត កាលពី​ជាង ៤០​ឆ្នាំមុន​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា “​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​ខ្លាំងណាស់ ដែល​ឯកឧត្តម​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លី ស៊ាន​ឡុង បាន​បង្ហោះ​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​៣១ ខែឧសភា​កន្លងទៅ ដោយ​លើកឡើងថា «​ពេលដែល​គាត់ (​ឧ​ត្ត​ម​សេនីយ៍ ព្រេ​ម​) ធ្វើជា​នាយករដ្ឋមន្ត្រី (​ថៃ​) គាប់​ជួន​នឹង​ពេលដែល​សមាជិក ASEAN (​កាលនោះ​គ្នា យើង​ប្រាំ​ប្រទេស​)​រួមគ្នា​ប្រឆាំង​ការឈ្លានពាន​របស់​វៀត​ណា​ម មកលើ​កម្ពុជា និង​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ដែល​បាន​ជំនួស​ខ្មែរក្រហម​…»​។​

​ការលើកឡើង​របស់​នា​យក​រដ្ឋមន្ត្រី​សិង្ហ​បុរី​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន គូសបញ្ជាក់ថា បង្ហាញថា កាលនោះ សិង្ហ​បុរី បាន​គាំទ្រ​របប​ប្រល័យពូជសាសន៍ និង​ចង់​ឲ្យ​របប​ប្រល័យពូជសាសន៍​វិល​ត្រឡប់មក​កម្ពុជា​វិញ​ដែរ​។​
​ ​
​សម្តេច​បន្តថា សិង្ហ​បុរី បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រជុំ​ដែល​នាំ​ដល់​ការបង្កើត រដ្ឋាភិបាលចម្រុះ​ត្រីភាគី កម្ពុជា​ប្រជាធិបតេយ្យ និង​អូសបន្លាយ​សង្គ្រាម​នៅ​កម្ពុជា និង​ទុក្ខវេទនា​របស់​ប្រជាជន​កម្ពុ​ជាជាង​១០​ឆ្នាំ​ថែមទៀត​ ហើយ​ដែល​ស្មើនឹង​ការប្រឆាំង​នឹង​ការ​រស់​ឡើងវិញ​របស់​ប្រជាជន​កម្ពុជា​ផងដែរ​។​
​ ​
សម្តេច​តេ​ជោ ហ៊ុន សែន បន្តថា ការលើកឡើង​នេះ​ក៏​ជាការ​ប្រមាថ​ដល់​ពលិកម្ម​សាច់ស្រស់​ឈាម​ស្រស់​របស់​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម ដែល​បាន​ជួយ​រំដោះ​កម្ពុជា ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍​នោះ​។​
​ ​
សម្តេច​តេ​ជោ បន្ថែមថា ការលើកឡើង​របស់​ឯក​ឧ​ត្ត​ម លី ស៊ាន​ឡុង​នាពេលនេះ​ក៏បានបង្ហាញ​ប្រជាជន​សាំង​ហ្គាពួ និង​ពិភពលោក​ថា មេដឹកនាំ​សឹង្ហ​បុរី នាពេលនោះ​បានរួមចំណែក​សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ​។​
​ ​
​ចុងក្រោយ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​ខ្ញុំ​ចង់​សួរឯកឧត្តម​នាយករដ្ឋមន្ត្រី លី ស៊ាន​ឡុង ថា តើ​គាត់​ចាត់ទុក​ការកាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​កន្លងទៅនេះ ថាជាការ​ត្រឹមត្រូវ​ដែរ ឬ​អត់​?”
​ ​
​បន្ថែម​លើសពីនេះ នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បានប្រកាស​រំលឹក​និង​ប្រដៅ​ដល់​នាយករដ្ឋមន្ត្រីសិង្ហ​បុរី លី ស៊ាន​ឡុង ថា “​យើង​គួរ​ថ្នាក់ថ្នម​ទំនាក់ទំនង​រវាង​រដ្ឋា​ភិ​បាលនិង​រដ្ឋាភិបាល ក៏ដូចជា​ប្រជាជននិង​ប្រជាជន នៅក្នុង​ប្រជាជាតិ​អាស៊ាន​”​។
​ ​
​ដោយឡែក​ក្រសួង​ស្ថាប័ន​ជាតិ​ជាច្រើន​ទៀត​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្មនឹង​ការលើកឡើង​របស់​នាយ​ក​រដ្ឋមន្ត្រី​សិង្ហ​បុរី ខាងលើនេះ​ផងដែរ​។ សេចក្តី​ថ្លែង​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី លោក លី ស៊ាន​ឡុង មាន​ចេតនា​ច្រើនយ៉ាង​។ ទី​១-​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ប្រឆាំង​ការរស់រានមានជីវិត​របស់​ប្រជាជន​កម្ពុជា តែ​គាំទ្រ​អំពើ​ប្រល័យពូជសាសន៍ប៉ុលពត​ឬ​ខ្មែរក្រហម ដែលមាន​ការធ្វើ​ទារុណកម្ម និង​សម្លាប់​ប្រជាជន​កម្ពុ​ជាជាងបី​លាន​នាក់ ក្នុង​ចន្លោះ​ពីថ្ងៃ​ទី​១៧​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​១៩៧៩​។ ទី​២-​លោក​លី ​ស៊ាន​ឡុង មាន​ចេតនាញែក​អាស៊ានពី​អាស៊ាន ១០​ប្រទេស​មក​អាស៊ានពីមុន ដែល​មានតែ​ប្រាំ​ប្រទេស​។ ទី​៣-​លោក​លី​ស៊ាន​ឡុង​ប្រឆាំងនឹង​គោលការណ៍មិន​ជ្រៀតជ្រែក​របស់​អាស៊ាន​។
​ ​
​ម្យ៉ាងវិញទៀត ការ​ថ្លែង​របស់​នាយករដ្ឋមន្ត្រី លោក លី ស៊ាន​ឡុង ក៏បាន​ធ្វើឡើង​ដោយបង្កប់​គំនិត​ដើម្បី​ទាញយក​ផលប្រយោជន៍ នៅក្នុង​ភូមិសាស្ត្រ​នយោបាយ​។ នោះ​លោក លី​ស៊ាន​ឡុង ដៃ​ម្ខាងចាប់យក​អាស៊ាន​មួយចំនួន និង​ម្ខាង​ទៀត​កំពុងតែ​ញែក​ភូមិសាស្ត្រនយោបាយ​ឥណ្ឌូ​ប៉ាស៊ីហ្វិក ដែល​ប្រឆាំង​ទៅនឹង​ចិន ហើយ​មក​ងាក​លម្អៀង​ទៅខាងអាម៉េរិក ដើម្បី​ផលប្រយោជន៍​។​
​ ​
​បញ្ហា​មួយទៀត គឺ​សិង្ហ​បុរី កំពុង​ព្រួយបារម្ភ ចំពោះ​ការគំរាមកំហែង ទាំង​សេដ្ឋកិច្ច​ទាំងនយោបាយ និង​ទាំង​យោធា ពី​ម៉ាឡេស៊ី និង​ហ្វីលីពីន​។ អ្វីដែល​នាយករដ្ឋមន្ត្រីសិង្ហ​បុរី និយាយ​ពី​កម្ពុជា គឺ​វា​អសីលធម៌​ក្បត់​សច្ចៈ​ធម៌​និង​ក៏បាន​បង្ហាញ​អំពី​ភាពមិន​ថ្លៃថ្នូរ ចុងក្រោយ​របស់​មេដឹកនាំ​សិង្ហ​បុរី​ទេ​។ សិង្ហ​បុរី ក៏បាន​ឈ្លោះ​នឹង​មរតក​ផ្ទះ​ខ្លួនឯង ដែល​នៅពេល​ឪពុក គឺ​លោ​កលី​ខ្វាន់​យូ ស្លាប់ទៅ លោក​លី​ស៊ាន​ឡុង​។ ឈ្លោះ​បងប្អូនឯង រឿង​កេរ្តិ៍ដំណែល​ផ្ទះមួយ​។​

​មកដល់ពេលនេះ លោក លី ស៊ាន​ឡុង ក៏​ជិត​អស់ម៉ោងជា​នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ដែល​ការបោះឆ្នោត​ខាងមុខនេះ​នឹង​ផ្ទេរ​ទៅ​ឲ្យ​អ្នកដឹកនាំ​ថ្មី​របស់​សិង្ហ​បុរី​។​មានន័យថា ត្រកូល លី នៅក្នុង​សិង្ហ​បុរី វា​ដល់​ថ្ងៃ​អស្តង្គត បញ្ចប់​តំណែង​ដឹកនាំ នៅ​សិង្ហ​បុរី​ហើយ​។
​ ​
​ដូច្នេះ​ការ​ថ្លែង​របស់លោក លី ស៊ាន​ឡុង នាពេលនេះ ជាការ​ដាក់បន្ទុក​ដល់​អ្នកដឹកនាំ​ថ្មីរបស់​សិង្ហ​បុរី ដែល​នាំ​ឲ្យ​សិង្ហ​បុរី និង​កម្ពុជា ក៏ដូចជា​សិង្ហ​បុរី និង​វៀតណាម​មើលមុខ​គ្នាលែង​ចំ​។ មានន័យថា លោក លី ស៊ាន​ឡុង បង្កើត​បញ្ហា​ឲ្យ​អ្នក​ក្រោយ​ជាជាង​ការ​ត្រួសត្រាយផ្លូវសម្រាប់​អ្នក​ក្រោយ​។

​សរុបទៅ សិង្ហ​បុរី ក្រោម​ការដឹកនាំ​របស់​លោក​លី​ស៊ាន​ឡុង នៅ​ម៉ោង​ចុងក្រោយ​នេះ គួរតែ​មើល​ឲ្យ​បាន​វែងឆ្ងាយ ព្រោះ​សិង្ហ​បុរី ជា​ប្រទេសមួយ​តូច​ណាស់​។ សព្វថ្ងៃ​វា​សឹងតែអស់​ថាមពល​នៃ​ការរីកចម្រើន​ហើយ​។ រឿង​អតីតកាល វា​ជា​រឿង​មួយ​។ ប៉ុន្តែ​បច្ចុប្បន្ន ប្រទេស​នីមួយៗ នៅក្នុង​អាស៊ាន រួមមាន កម្ពុជា វៀតណាម និង​ប្រទេស​ដទៃទៀត កំពុងមាន​សេដ្ឋកិច្ច​ហក់​ឡើង ហើយ​ធៀប​ដង់ស៊ីតេ​ប្រជាជន ផ្ទៃដី និង​សេដ្ឋកិច្ច​សិង្ហ​បុរី កំពុង​មើល​ខ្លួនឯង​ច្រឡំ​។ អាចសិង្ហ​បុរី ច្រឡំ​ខ្លួនឯងពី​កូន​មាន់ ច្រឡំ​ថា​ជា​អា​គក​៕ ដោយៈ ម៉េង​ឆៃ​/Ha