នាយករដ្ឋមន្ត្រី​ស្តីទី​ជួប​ជាមួយ​គណៈកម្មការ​ទី​៤ នៃ​រដ្ឋសភា ដើម្បី​ផ្លាស់ប្តូរ​ព័​ត៌​មាន​

766
ចែករម្លែក

​ដោយ : មុនី​រ័ត្ន​/​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៤) ដឹកនាំ​ដោយ​លោក ​ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែតុលា នេះ នៅ​ទី​ស្តី​ក្រសួង​មហាផ្ទៃ​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​មាន​ប្រសា​ន៍​ក្នុង​កិច្ចប្រជុំ​ថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពិភាក្សា​ការងារ​តួនាទី​ភារកិច្ច​ការងារ​របស់​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា (​គណៈកម្មការ​ទី​៤) និង​តួនាទី​ភារកិច្ច​របស់​ក្រសួងមហាផ្ទៃ និង​ទិសដៅ​ការងារ​បន្តទៅទៀត​។ ហើយ​ការជួបប្រជុំ​នេះ គឺ​ដើម្បី​ផ្លាស់ប្តូរ​ព័​ត៍​មាន​គ្នា និង​រក​វិធី​សហការគ្នា ដើម្បី​ធ្វើ​យ៉ាងម៉េច​ឲ្យ​ការងារ​ទទួលបាន​លទ្ធ​ផល​ល្អ​។ ហើយ​ក្រសួងមហាផ្ទៃ នឹង​បន្ត​ជួបគ្នា​ជាមួយ​គណៈកម្មការ​មហា​ផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា​ជា​បន្តទៀត ឬមួយ​ក៏​ជួបគ្នា​នៅ​រដ្ឋសភា​។​

សម្តេច​ក្រឡាហោម​បាន​បន្តថា តាម​កម្មវិធី​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា នឹង​ចុះ​តាម​មូលដ្ឋាន ដើម្បី​ត្រួតពិនិត្យ​ការអនុវត្ត​នៅ​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល រួចហើយ​គណៈកម្មការ​នឹង​លើក​បញ្ហា​ជាមួយ​ក្រ​សួ​ប​មហាផ្ទៃ ចំពោះ​បញ្ហា​ណា​ដែល​មិន​ប្រក្រតី​។​

​ចំណែក​លោក ​ហ៊ុន ណេង ប្រធាន​គណៈកម្មការ​ទី​៤ បាន​ថ្លែងថា ការបំពេញ​តួនាទី​ភារកិច្ច​របស់​គណៈកម្មកា​រ​ជំនាញ​នានា​នៃ​រដ្ឋសភា គឺ​ផ្នែក​លើ​ច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និងសេចក្តីសម្រេច​រប​ស់​រដ្ឋសភា ស្របទៅតាម​កិច្ចការ​ជំនាញ​របស់​គ​ណៈ​កម្ម​ការ​និ​មួយៗ ។ ដោយឡែក​គណៈកម្មការ​មហាផ្ទៃ ការពារជាតិ និង​មុខងារសាធារណៈ នៃ​រដ្ឋសភា បាន​បំពេញ​តួនាទី​របស់ខ្លួន​ដោយ​ផ្អែកលើ​ច្បាប់រដ្ឋធម្មនុញ្ញ នៃ​បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និងសេចក្តីសម្រេច​លេខ​២៧៤ រ​.​ស របស់​រដ្ឋសភា ដែល​បានផ្តល់​សិទ្ធិអំណាច​ឲ្យបំពេញ​មុខងារ​សំខាន់​បី​មានៈ មុខងារ​នីតិកម្ម មុខងារ​ឃ្លាំមើល និង​មុខងារ​តំណាង​៕​B