នាយករដ្ឋមន្ត្រី​ស្រីលង្កា​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ជុំវិញ​ផែនការ​លួច​ធ្វើឃាត​ប្រធានាធិបតី​

779
ចែករម្លែក

​ប្រធានាធិបតី​ស្រីលង្កា​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​២៨​តុលា​ថា មូលហេតុ​ចម្បង​ដែល​គាត់​សម្រេចចិត្ត​បណ្តេញ​នាយករដ្ឋមន្ត្រី​របស់គាត់ គឺ​ការជាប់​ពាក់ព័ន្ធ​របស់​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ម្នាក់​នៅក្នុង​ផែនការ​ធ្វើឃាត​រូបគាត់​។​

​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ទៅកាន់​ប្រទេស​នេះ លោក​ប្រធានាធិបតី ម៉ៃ​ស្រ៊ី​ផា​ឡា សិរី​សេណា (Maithripala Sirisena) បាន​និយាយថា មនុស្ស​ម្នាក់​ដែល​ត្រូវបាន​សួរចម្លើយ​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​បាន​លាត​ត្រដាង​ឈ្មោះ​របស់​រដ្ឋមន្ត្រី​ម្នាក់​នៅក្នុង​ផែនការ​ធ្វើឃាត​គាត់​និង​អតីតរដ្ឋមន្ត្រី​ការពារជាតិ​ម្នាក់​។​

​គាត់​បាន​និយាយថា ជម្រើស​តែមួយគត់​សម្រាប់​គាត់​នៅក្រោម​កាលៈទេសៈ​នេះ​គឺ​ត្រូវ​បណ្តេញ​លោក រ៉ានី​ល វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ (Ranil Wickremesinghe) និង​អញ្ជើញ​អតីត​គូប្រជែង​របស់គាត់​និង​ជា​អតីត​បុរស​ខ្លាំង​ឈ្មោះ ម៉ា​ហ៊ី​ន​ដា រ៉ា​ចា​ប៉ាក់​សា (Mahinda Rajapaksa) ឱ្យ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​និង​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។​

​លោក​សិរី​សេណា​បាន​និយាយថា “​ព័ត៌មាន​នេះ (​ដែល​បានទទួល​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​) ផ្ទុក​នូវ​ដំណឹង​លម្អិត​ជាច្រើន​ដែល​បាន​លាក់​ពី​មនុស្ស​គ្រប់គ្នា​រហូតមកទល់​ពេលនេះ​។ ព័ត៌មាន​នេះ​បានធ្វើ​សេចក្តីថ្លែងការណ៍​មួយ​ទាក់ទង​នឹង​រដ្ឋមន្ត្រី​ខុទ្ទកាល័យ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ក្នុងការ​ឃុបឃិត​ធ្វើឃាត​រូបខ្ញុំ​”​។​

​គាត់​មិនបាន​ប្រាប់​ពី​ឈ្មោះ​របស់​រដ្ឋមន្ត្រី​ម្នាក់​នោះ នោះទេ​។​

​ប៉ូលិស​សម្ងាត់​ឈ្មោះ ណា​ម៉ា​ល់ កុមា​រ៉ា ដែល​បានដឹង​ពី​ផែនការ​ធ្វើឃាត​នេះ​មុនគេ បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃអាទិត្យ​ថា លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ និង អតីត​មេបញ្ជាការ​របស់គាត់​នៅក្នុង​គណៈរដ្ឋមន្ត្រី ឈ្មោះ សារ៉ាត់ ហ្វុ​ន​សេ​កា (Sarath Fonseka) គឺជា​អ្នក​នៅ​ពីក្រោយ​ផែនការ​ធ្វើឃាត​។

​ពុំមាន​ការអត្ថាធិប្បាយ​ភ្លាមៗ​ណាមួយ​ពី​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ ឬ លោក ហ្វុ​ន​សេ​កា នោះទេ​ជុំវិញ​ការចោទប្រកាន់​នេះ​។

​ទន្ទឹមនេះ មនុស្សម្នា​ក់បាន​ស្លាប់ និង ២​នាក់​ទៀត​រងរបួស​កា​លពី​ថ្ងៃអាទិត្យ​ក្នុងការ​បាញ់បោះ​មួយ​នៅ​ក្រសួង​ប្រេងកាត ក្នុង​ឧ​ទ្ទ​វ​ហេតុ​ហិង្សា​លើកដំបូង​ចាប់តាំងពី​ចលាចល​ខាង​នយោបាយ​បានចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​ជាមួយនឹង​ការបណ្តេញ​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ​។​

​លោក អាចា​រុន រ៉ា​ណា​តុង​ហ្គា ដែលជា​រដ្ឋមន្ត្រី​ប្រេងកាត​ក្រោម​ការដឹកនាំ​របស់លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ បាន​និយាយថា អង្គរក្ស​ម្នាក់​របស់គាត់​បាន​បាញ់ប្រហារ នៅពេល​ក្រុម​អ្នកគាំទ្រ​របស់លោក​រ៉ា​ចា​ប៉ាក់​សា នាំគ្នា​ហ៊ុមព័ទ្ធ​រូបគាត់ និង​តវ៉ា​ប្រឆាំង​រូបគាត់​មិនឱ្យ​ចូលទៅក្នុង​អគារ​ក្រសួង​។

​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ​បាន​ហៅ​ចំណាត់ការ​របស់លោក​សិរី​សេណា​ក្នុងការ​បណ្តេញ​គាត់​ចេញពី​តំណែង​ថា មិន​ស្របតាម​រដ្ឋធម្មនុញ្ញ និង​និយាយថា គាត់​អាច​សបញ្ជាក់​ពី​ការគាំទ្រ​សំឡេង​ភាគច្រើន​នៅក្នុង​សភា​។

​កាលពី​ថ្ងៃ​សៅរ៍ លោក​សិរី​សេណា​បាន​ពន្យារពេល​ប្រជុំ​សភា​ក្នុង​ចំណាត់ការ​មួយ​ទំនង​ដើម្បី​ផ្តល់​ពេល​ឱ្យ​លោក​រ៉ា​ចា​ប៉ាក់​សា​ព្យាយាម​ប្រមែប្រមូល​ការគាំទ្រ​ឱ្យបាន​គ្រប់គ្រាន់​ដើម្បី​គេចផុត​ពី​ការបោះឆ្នោត​មិន​ទុកចិត្ត​ណាមួយ​។​

​ប្រធានសភា​បាន​ជំរុញ​ឱ្យ​លោក​សិរី​សេណា​ការពារ​សិទ្ធិ​របស់លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ​។​

​ប្រធានសភា លោក កា​រូ ចា​យ៉ា​សូ​រី​យ៉ា បាន​និយាយ​ក្នុង​លិខិត​មួយ​ទៅកាន់​លោក​សិរី​សេណា​កាលពី​ថ្ងៃអាទិត្យ​ថា ការបន្ត​ពន្យារពេល​របស់​សភា​អាច​នឹង “​មាន​ផលវិបាក​ធ្ងន់ធ្ងរ​និង​មិនអាច​ទទួលយកបាន​”​។​

​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​អាមេរិក លោកស្រី ហ៊ី​ដ​ឌ័​រ នូ​អឺត និយាយថា វ៉ាស៊ីនតោន​កំពុង​តាមដាន​ព្រឹត្តិការណ៍​នៅ​ស្រីលង្កា “​ជាមួយ​ក្តីបារម្ភ​” និង អំពាវនាវ​ឱ្យ​លោក​សិរី​សេណា កោះប្រជុំ​សភា​ឡើងវិញ​។

​ក្រុម​សមាជិកសភា​បក្សប្រឆាំង ដែល​គាំទ្រ​នាយករដ្ឋមន្ត្រី​ថ្មី បាន​ប្រាប់​ឱ្យ​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ​ចាក​ចេញពី​លំនៅដ្ឋាន​នាយករដ្ឋមន្ត្រី ឬ​មិន​អ៊ីចឹង​នឹង​ប្រឈម​ការបណ្តេញចេញ​ដោយ​បង្ខំ​។​

​អ្នកគាំទ្រ​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ​រាប់រយ​នាក់​នៅតែ​បន្ត​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​លំនៅដ្ឋាន​ផ្លូវការ​របស់គាត់​កាលពី​ថ្ងៃអាទិត្យ​សម្រាប់​ការជួបជុំ​២​ថ្ងៃ​ជាប់​គ្នា​មកហើយ ដោយ​នាំគ្នា​គ្រវី​ទង់បក្ស និង ថ្កោលទោស​លោក​សិរី​សេណា និង លោក​រ៉ា​ចា​ប៉ាក់​សា​។ ព្រះសង្ឃ​ជាច្រើន​អង្គ​បាន​សូត្រមន្ត​ដើម្បី​ចម្រើន​ពរជ័យ​ដល់​លោក​វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

លោក​ប្រធានាធិបតី ម៉ៃ​ស្រ៊ី​ផា​ឡា សិរី​សេណា
លោកនាយក​រដ្ឋមន្ត្រី រ៉ានី​ល វី​ក​គ្រី​ម​ស៊ី​ង​ញ៉េ
ប្រជាជន​ស្រីលង្កា​កំពុង​តាមដាន​សុន្ទរកថា​របស់​ប្រធានាធិបតី​ម៉ៃ​ស្រ៊ី​ផា​ឡា សិរី​សេណា ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ