ដោយៈតារារិទ្ធ/សៀមរាបៈលោក ថងលូន ស៊ីសូលីដ (Thongloun Sisoulith) នាយករដ្ឋមន្ត្រីឡាវបានស្នើមកសមភាគីរបស់លោកគឺសម្តេចតេជោហ៊ុនសែនដោយសុំធ្វើឲ្យកម្ពុជាជួយធ្វើយ៉ាងណា ជំរុញពាណិជ្ជកម្ម ការវិនិយោគ និង ទេសចរណ៍ រវាងប្រទេសទាំងពីរឲ្យមានវិសាលភាពកាន់តែធំឡើង ។ លោកបានបន្តថាពេលនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានត្រឹម ២០ លានដុល្លារអាមេរិកប៉ុណ្ណោះ ហើយក៏កំពុងបន្តធ្លាក់ចុះផងដែរ ។
លោក ថងលូន ស៊ីសូលីដ បានស្នើបែបនេះទៅកាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលល្ងាចថ្ងៃទី ៤ ខែមេសា នៅសណ្ឋាគារសុខាសៀមរាបក្នុងជំនួបរវាងលោកទាំងពីរ ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីជំនួបនោះថា ថងលូន ស៊ីលូលីត បានជម្រាបជូនវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងកម្ពុជា និង ឡាវ ។ ក៏ប៉ុន្តែលោកនាយរដ្ឋមន្ត្រីបានធ្វើការកត់សម្គាលថាទំហំពាណិជ្ជកម្ម រវាងកម្ពុជានិងឡាវមានត្រឹម ២០ លានដុល្លារប៉ុណ្ណោះ ហើយក៏កំពុងមានការថយចុះផងដែរ ។ ក្នុងន័យនេះលោកបានគោរពស្នើសុំធ្វើយ៉ាងណាជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមានវិសាលភាពកាន់តែធំឡើងជាមួយនេះវិស័យទេសចរណ៍ ក៏ដូចការវិនិយោគផ្សេងៗទៀត រវាងប្រទេសទាំងពីរ ដែលជាកត្តាជំរុញឲ្យ មានភាពស្និទស្នាលជាងមុនថែមទៀត។
ជាការឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រីបានយល់ស្របជាមួយនឹងអ្វីដែលជាការលើកឡើ ងរបស់លោក ថងលូន ស៊ីសូលីត។សម្តេចមានប្រសាសន៍ថាជាការពិតណាស់ទំហំពាណិជ្ជកម្ម ការ វិនិយោគ គប្បីណាជំរុញឲ្យប្រជាជននិងប្រជាជន មានការវិនិយោគនិងធ្វើពាណិជ្ជកម្មរវាងគ្នាទៅវិញទៅមក ។សម្តេចបន្តថាយើងនៅមានសក្តានុពលជាច្រើន ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និង ទេសចរណ៍ ។សម្តេចតេជោបានសន្យាថាកម្ពុជានឹងពិនិត្យមើលលទ្ធភាពក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីធ្វើការហោះហើរត្រង់ ទៅកាន់ទីក្រុងវៀងចន្ទន៍ និង ទីក្រុងហ្លួងព្រះបាង របស់ឡាវ។ សម្តេចក៏បានលើកជាគំនិតផ្តួចផ្តើមឲ្យមានការសិក្សាអំពីការមិនយកពន្ធត្រួតគ្នា ដូចដែរកម្ពុជាបានចុះហត្ថលេខាជាមួយវៀតណាមកន្លងមក ។ សម្តេចក៏បានស្នើសុំឲ្យភាគីឡាវ ពិនិត្យមើលការតភ្ជាប់បណ្តាញអគ្គីសនីពីប្រទេសឡាវចូលកម្ពុជា និង លក់ឲ្យកម្ពុជា ដែលនេះគឺជាចំណុចដែលសម្តេចយល់ឃើញថាអាចជំរុញពាណិជ្ជកម្ម ការវិនិយោគ និង ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យមានការកើនឡើង និងជិតស្និទ្ធថែមទៀត៕មន